ទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី — ក្រុមអង្គការផ្តល់ជំនួយលើកឡើងថា កិច្ចប្រឹងប្រែងរបស់មីយ៉ាន់ម៉ាក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបានបរាជ័យ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈមក ដែលធ្វើឱ្យផ្នែកជាច្រើនក្នុងប្រទេសនេះ ធ្លាក់ចូលក្នុងភាពចលាចល។ ការណ៍នេះធ្វើឱ្យមានការភ័យខ្លាចពីរលកទី ៣ នៃការឆ្លងរាលដាលជំងឺកូវីដ១៩។
ការដណ្តើមអំណាចយោធាធ្វើឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែហិង្សារវាងក្រុមអ្នកតវ៉ានិងយោធាមីយ៉ាន់ម៉ាជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេស។ អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ អះអាងថា ទាហាន និងប៉ូលិសបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងបានសម្លាប់មនុស្សជាង ៧០០ នាក់ ដែលក្នុងនោះមានក្មេងៗរាប់សិបនាក់ផងដែរ ដើម្បីព្យាយាមបញ្ចប់ការតវ៉ានេះ។
នៅក្នុងចលនាបះបោរស៊ីវិលមួយ បុគ្គលិកក្នុងវិស័យសារធាណៈ និងឯកជនរាប់ពាន់នាក់ បាននាំគ្នាធ្វើកូដកម្ម ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃ និងអាជីវកម្មត្រូវបានផ្អាកបន្តិចម្តងៗ។
ចលនានេះក៏ទទួលបានការចូលរួមពីបុគ្គលិកបម្រើការងារក្នុងប្រព័ន្ធសុខាភិបាលសាធារណៈផងដែរ។ ប្រព័ន្ធសុខាភិបាលរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ សូម្បីតែមុនរដ្ឋប្រហារក៏ដោយ ដោយសារតែកង្វះខាតមូលនិធិរាប់ទសវត្សរ៍មកហើយ។
ប្រភពព័ត៌មានមួយបានប្រាប់ VOA ថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាករាប់ពាន់នាក់ បានដើរចេញពីកន្លែងធ្វើការងារ ដើម្បីចូលរួមក្នុងកូដកម្ម។ បណ្តាញសារព័ត៌មាន Frontier Myanmar ដែលជាសារព័ត៌មានក្នុងស្រុកមួយ បានស្រង់សម្តីរបស់ប្រភពមួយនៅក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ាថា បុគ្គលិកសុខាភិបាលដែលបានចូលរួមក្នុងកូដកម្ម មានចំនួនជាង ៦០.០០០ នាក់។
«ស្ថានភាពក៏លំបាក»
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១ ខែមេសា សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានឱ្យដឹងថា ភាពចលាចល «បង្កឱ្យមានការគំរាមកំហែងខ្លាំងដល់កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩»។
លោក Alexander Matheou នាយកសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានដកស្រង់សម្តីរក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «នៅក្នុងប៉ុន្មានខាងមុខ យើងអាចនឹងប្រឈមមុខនឹងស្ថានភាពដ៏លំបាកនៅមីយ៉ាន់ម៉ា នៅតាមទីកន្លែងដែលមានរលកថ្មីនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បូករួមជាមួយនឹងវិបត្តិមនុស្សធម៌ដែលកំពុងដែលធ្លាក់ចុះនៅទូទាំងប្រទេស»។
លោក Andrew Kirkwood អ្នកសម្របសម្រួលស្តីទីរបស់អង្គការប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត កាលពីខែមុនថា ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ា «បានធ្លាក់ចុះយ៉ាងខ្លាំង» ហើយថា «ការធ្វើតេស្ត និងការព្យាបាលជំងឺកូវីដ១៩ ស្ទើរតែទាំងអស់ត្រូវបានផ្អាក»។
អ្នកស្រី Khin Khin Gyi ប្រធានផ្នែកជំងឺឆ្លងថ្មីនៃក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានបដិសេធការព្យាករណ៍ពីការធ្លាក់ចុះនៃគុណភាពវិស័យសុខាភិបាលដែលនឹងកើតមាននេះ នៅពេលអ្នកស្រីថ្លែងប្រាប់ VOA កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងនេះក្តី អ្នកស្រីបានបញ្ជាក់ថា អត្រាធ្វើតេស្តប្រចាំថ្ងៃបានធ្លាក់ចុះពីចំនួន ២៥.០០០ ក្នុងមួយថ្ងៃ ដែលជាចំនួននៅមុនរដ្ឋប្រហារ មកនៅសល់តែ ២.០០០ ករណីប៉ុណ្ណោះ នៅពេលនេះ។
ចំនួននៃករណីឆ្លងជំងឺកូវីដ១៩ថ្មី ដែលត្រូវបានបញ្ជាក់ជាផ្លូវការ ក៏ធ្លាក់ចុះស្រដៀងនឹងតួលេខធ្វើតេស្តផងដែរ។
នៅមុនរដ្ឋប្រហារ មីយ៉ាន់ម៉ាបានរាយការណ៍ករណីសរុបជាង ១៤០.០០០ ករណី និងការស្លាប់ចំនួន ៣.១៣១ ករណី។ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងរលកឆ្លងរាលដាលលើកទី ២ ដែលជាចំនួនឆ្លងរាលដាលអាក្រក់បំផុត ចាប់តាំងពីពេលមានការរាតត្បាតមក ប៉ុន្តែមីយ៉ាន់ម៉ានៅតែរាយការណ៍ករណីថ្មីតែប៉ុន្មានរយករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ភ្លាមៗ ចាប់ពីថ្ងៃទី ៥ ដល់ទី ៦ ខែកុម្ភៈ ករណីឆ្លងថ្មីបានធ្លាក់ចុះពី ២០០ ករណីក្នុងមួយថ្ងៃ ទៅសូន្យករណី និងមានជាមធ្យមតែ ៣០ ឬ ៤០ ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ ចាប់តាំងពីពេលនោះមក។
អ្នកស្រី Khin Khin Gyi បានទទួលស្គាល់ថា តួលេខចុងក្រោយបំផុតឆ្លុះបញ្ចាំងឱ្យឃើញនូវការធ្លាក់ចុះនៃការធ្វើតេស្ត ដោយសារតែកង្វះខាតបុគ្គលិក។
អ្នកស្រីបាននិយាយក្នុងសម្តីដើមថា៖ «យើងមិនអាចធ្វើតេស្តបានច្រើននោះទេ។ នេះជាមូលហេតុដែលករណីឆ្លងហាក់ដូចជាទាបជាងខែមុនៗខ្លាំង»។
អ្នកស្រីបានបន្តទៀតថា «យើងអាចមើលឃើញតែចុងដ៏តូចមួយនៃបញ្ហាដ៏ធំមួយតែប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចមើលឃើញនូវទំហំបញ្ហាដែលកប់ក្នុងនោះបានទេ»។
«ការធ្វើឱ្យគាំងដល់ប្រព័ន្ធសាធារណៈ»
ប្រភពមួយចេញពីអង្គការផ្តល់ជំនួយក្នុងវិស័យសុខាភិបាលមីយ៉ាន់ម៉ា បានប្រាប់ VOA ថា មន្ទីរពេទ្យនិងគ្លីនិករដ្ឋាភិបាល កំពុងខ្វះខាតបុគ្គលិក ដោយសារតែការធ្វើកូដកម្ម ចាប់តាំងពីមានរដ្ឋប្រហារមក ដោយធ្វើឱ្យមណ្ឌលសុខភាពមួយចំនួនមានបុគ្គលិកតិចតួច ឬមិនមានតែម្តង ដែលបង្ខំឱ្យមណ្ឌលសុខភាពមួយចំនួនបិទទ្វារ។
ប្រភពរូបនោះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីបញ្ហាសុវត្ថិភាព ថា «យើងបានឃើញស្ថានភាពដូចនេះ នៅតាមកន្លែងជាច្រើន»។
លោកបានបន្ថែមថា «[ចលនាបះបោរស៊ីវិល]បានធ្វើឱ្យគាំងប្រព័ន្ធសេវាសាធារណៈ ហើយច្បាស់ណាស់ ដោយសារតែបញ្ហាកូវីដ១៩ ជាការឆ្លើយតបក្នុង[វិស័យ] សារធារណៈ វាធ្វើឱ្យគាំងដល់ប្រព័ន្ធឆ្លើយតបជំងឺកូវីដ១៩ ទាំងអស់»។
ប្រភពដដែលនេះបានឱ្យដឹងថា សូម្បីតែទិន្នន័យធ្វើតេស្តដែលមានតិចតួចស្តួចស្តើងនេះ មិនមានភ្ជាប់មកជាមួយនឹងព័ត៌មានលម្អិតសំខាន់ៗទៀតទេ ដែលរួមមានព័ត៌មានពីទីកន្លែងដែលរកឃើញការឆ្លង និងព័ត៌មានថាតើអ្នកជំងឺទទួលបានការព្យាបាលដែរឬយ៉ាងណា។
លោក Alexander Matheou បានលើកឡើងពីក្តីបារម្ភរបស់សហព័ន្ធ IFRC ពីរលកថ្មីនៃការឆ្លងរាលដាល ខណៈប្រទេសនេះមានការត្រៀមខ្លួនដោះស្រាយរលកថ្មីនេះបានតិចបំផុត។
លោកបានឱ្យដឹងថាក្នុងសម្តីដើមថា៖ «ច្បាស់ណាស់ យើងមានការបារម្ភ ដោយសាររដ្ឋាភិបាលរបបយោធាមិនអាចលុបបំបាត់ជំងឺកូវីដ១៩ ដូចការលុបចោលច្បាប់ជាច្រើននោះទេ។ អ្នកអាចបិទភ្នែករបស់អ្នកបាន ប៉ុន្តែជំងឺនឹងបន្តឆ្លងរាលដាល»។
នាយកប្រចាំប្រទេសនៃអង្គការសប្បុរសធម៌អន្តរជាតិមួយ ដែលបានសហការជាមួយនឹងរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សរបស់លោកស្រី Aung San Suu Kyi ដើម្បីធ្វើការឆ្លើយតបចំពោះការរាតត្បាតជំងឺនេះ និងដែលសុំនិយាយដោយមិនបញ្ចេញឈ្មោះដែរនោះ បានឱ្យដឹងថា ប្រព័ន្ធសុខាភិបាលឯកជន ដែលមិនសូវមានច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា បានទទួលបន្ទុកមួយចំនួនពីវិស័យសាធារណៈ ប៉ុន្តែមិនអាចជំនួសបាននោះទេ។
លោកបានប្រាប់ VOA ថា៖ «មន្ទីរពេទ្យសាធារណៈជាច្រើន បានបិទទ្វារ ឬគ្រប់គ្រងដោយយោធា។ ដូច្នេះ អ្វីដែលនៅដំណើរការ គឺមានត្រឹមតែគ្លីនិកឯកជនទាំងនេះ ឬមណ្ឌលសុខភាពដែលទើបតែរៀបចំឡើង ដើម្បីព្យាបាលអ្នកជំងឺដែលរងការបាញ់ប្រហារពីយោធារដ្ឋប្រហារ ឬអ្នកជំងឺដែលមានបញ្ហាសុខភាពផ្សេងៗតែប៉ុណ្ណោះ»។
លោកបានឱ្យដឹងទៀតថា ភាពចលាចល និងកង្វះខាតបុគ្គលិក ធ្វើឱ្យការតាមដានពីប្រភពចម្លងមិនអាចធ្វើទៅបាន និង«ស្ទើរតែរារាំងយុទ្ធនាការចាក់វ៉ាក់សាំងដែលមានការរៀបចំ និងសម្របសម្រួលមួយបាន»។
ការភ័យខ្លាច និងការស្អប់ខ្ពើម
ប្រទេសមីយ៉ាន់ម៉ាបានរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ទៅឱ្យក្រុមគិលានុបដ្ឋាកនៅមន្ទីរពេទ្យ Yangon General Hospital កាលពីថ្ងៃទី ២៧ ខែមករា ប៉ុន្មានថ្ងៃមុនរដ្ឋប្រហារ។
អ្នកស្រី Khin Khin Gyi បានឱ្យដឹងថា មន្ទីរពេទ្យសាធារណៈបានចាក់វ៉ាក់សាំងចំនួន ១,៤ លានដូស ចាប់តាំងពីពេលនោះមក ដែលភាគច្រើនផ្តល់ទៅឱ្យបុគ្គលិករដ្ឋាភិបាល។ ចំនួនចាក់ប្រចាំថ្ងៃកំពុងកើនឡើង ដោយសារតែបុគ្គលិកមួយចំនួនដែលចូលរួមក្នុងកូដកម្មបានត្រឡប់មកធ្វើការបណ្តើរៗវិញ។
នៅមុនរដ្ឋប្រហារ រដ្ឋាភិបាលបានកំណត់គោលដៅចាក់វ៉ាក់សាំងឱ្យបាន ៤០% ទៅឱ្យប្រជាជនរបស់ខ្លួនដែលមានចំនួន ៥៤ លាននាក់ នៅត្រឹមចុងឆ្នាំ ២០២១។ អ្នកស្រី Khin Khin Gyi ថា គោលដៅនេះជាគោលដៅ «បណ្តោះអាសន្ន» និងមិនដឹងថា តើរបបថ្មីនេះអាចសម្រេចបានដែរឬទេ។
ភាពភ័យខ្លាច និងការធ្វើពហិការកំពុងកើតមានឡើង
សារព័ត៌មាន Frontier Myanmar បានរាយការណ៍ថា បុគ្គលិកសុខាភិបាលភាគច្រើនដែលចូលរួមកូដកម្ម កំពុងបដិសេធមិនព្រមចាក់វ៉ាក់សាំងលើកទី ២ នោះទេ រហូតទាល់តែរដ្ឋាភិបាលរបបយោធាដកថយ។ ពួកគេបានព្រួយបារម្ភថា ពួកគេនឹងត្រូវបានគេបង្ខំឱ្យត្រឡប់មកធ្វើការវិញ ប្រសិនបើពួកគេមកចាក់វ៉ាក់សាំងនោះ។
នាយកប្រចាំប្រទេសនៃអង្គការសប្បុរសធម៌ខាងលើថា របាយការណ៍ជាច្រើនអំពីការចាប់ខ្លួនតាមទំនើងចិត្ត និងការបាញ់ប្រហារដោយគ្មានគោលដៅច្បាស់លាស់របស់ប៉ូលិស និងទាហានដែលកំពុងល្បាត ធ្វើឱ្យបុគ្គលិករបស់លោកមានការភ័យខ្លាចខ្លាំង មិនហ៊ានចេញពីផ្ទះរបស់ពួកគេនោះទេ មិនថាដើម្បីទៅទិញអង្ករ ឬចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនោះទេ។
លោកបានបន្តថា ជាមួយនឹងរបបយោធាដែលមានការប្រឆាំងយ៉ាងខ្លាំងក្លា និងដែលដើរបញ្ច្រាសពីការវិវត្តឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏លំបាកជាច្រើនឆ្នាំ ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ឥឡូវនេះហាក់ដូចជាមិនមែនជាការភ័យខ្លាចទេ សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើន។
លោកបានឱ្យដឹងថា៖ «និយាយឱ្យស្មោះត្រង់ទៅ ពួកគេពិតជាមិនបារម្ភពីការផ្ទុះជំងឺម្តងទៀតទេ។ អ្វីដែលពួកគេបារម្ភខ្លាំងជាងនោះ គឺការព្យាយាមបណ្តេញរបបយោធាចេញពីអំណាច។ លទ្ធភាពដែលអាចមានការផ្ទុះជំងឺនៅពេលនេះ គឺប្រហែលជាខ្ពស់ណាស់។ វាស្ទើរតែមិនអាចទៅរួច ក្នុងការទទួលបានតួលេខត្រឹមត្រូវណាមួយ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា