ភ្នំពេញ — ប្រជាពលរដ្ឋនៅភ្នំពេញមួយចំនួនបានបង្ហាញការសាទរចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជានឹងទទួលបាននៅពេលខាងមុខ។ ប៉ុន្តែពួកគេបង្ហាញក្តីបារម្ភអំពីប្រភពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង ខណៈបច្ចុប្បន្ននេះ មានវ៉ាក់សាំងផលិតដោយប្រទេសមួយចំនួន ហើយមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅឡើយ។
ពលរដ្ឋកម្ពុជាមួយចំនួននៅរាជធានីភ្នំពេញ ដែល VOA បានសាកសួរលើកឡើងថា ពួកគេទន្ទឹងរង់ចាំវ៉ាក់សាំងបង្ការជំងឺនេះ ប៉ុន្តែបង្ហាញពីមន្ទិលលើប្រភពនិងប្រសិទ្ធភាពវ៉ាក់សាំង។ ពួកគេក៏ព្រួយបារម្ភពីប្រតិកម្មផ្សេងៗ នៅពេលចាក់វ៉ាក់សាំងចូលក្នុងខ្លួនផងដែរ។
ជាអ្នករត់រម៉កកង់បីនៅរាជធានីភ្នំពេញ ជាង ១០ ឆ្នាំមកហើយ លោក ឃឹម វន អាយុ ៤៣ ឆ្នាំ មានប្រសាសន៍ថា ការមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ចាក់ឲ្យពលរដ្ឋកម្ពុជាជារឿងល្អមួយ។
លោកប្រាប់ VOA ថា៖ «បើមានវ៉ាក់សាំងការពារទៅ ប្រជាជនយើងមានថ្នាំការពារ។ បើយើងអត់ថ្នាំការពារ យើងកាន់តែយ៉ាប់ៗទៅហើយ។ យើងមិនដឹងដោះស្រាយតាមផ្លូវណាទេ»។
នៅពេលនេះ លោកទាន់មិនដឹងថាវ៉ាក់សាំងដែលកម្ពុជានឹងយកមកចាក់នោះ មានប្រភពពីណានោះទេ។ ប៉ុន្តែលោកគិតថា វ៉ាក់សាំងមកពីបស្ចិមប្រទេស ដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប មានប្រសិទ្ធភាពខ្ពស់ ដោយសារប្រទេសទាំងនោះមានបច្ចេកវិទ្យាល្អ។
អ្នករត់រម៉កកង់បី ដែលចំណូលបានធ្លាក់ចុះដោយសារជំងឺកូវីដ១៩ នេះ បានបន្ថែមថា លោកក៏មានការព្រួយបារម្ភអំពីប្រតិកម្មផ្សេងៗដែលកើតឡើង ក្រោយចាក់វ៉ាក់សាំងនេះចូលក្នុងខ្លួន។ នេះនាំឲ្យលោកស្ទាក់ស្ទើរថា គួរចាក់វ៉ាក់សាំងបង្ការជំងឺនេះឬយ៉ាងណា។
លោកបញ្ជាក់ថា៖ «កាលណាយើងចាក់ហើយ យើងអត់ដឹង។ យើងព្រួយបារម្ភដែរ។ យើងអត់ឈឺអីទៅចាក់។ យើងចេះព្រួយបារម្ភហើយ។ បើខ្ញុំវិញស្រួលមិនស្រួល ប្រហែលមិនទៅចាក់ទេព្រោះមិនបានឈឺអីផង»។
កម្ពុជាបានប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈសហគមន៍លើកដំបូងបង្អស់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលជាការឆ្លងនាំឲ្យពលរដ្ឋកាន់តែច្រើនព្រួយបារម្ភខ្លាំង។ ប៉ុន្តែកាលពីថ្ងៃអង្គារ ទី២៩ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការឆ្លងនៅក្នុងសហគមន៍នេះបានបញ្ចប់ ដោយសារក្រសួងសុខាភិបាលរកមិនឃើញការឆ្លងបន្តទៀត។
លោក ហ៊ុន សែន ឲ្យដឹងទៀតថាប្រទេសកម្ពុជានឹងទិញវ៉ាក់សាំងជំងឺនេះ ដើម្បីចាក់ឲ្យប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយការចាក់នោះធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។
លោក ហ៊ុន សែន បានថ្លែងបន្តថា លោកក៏បារម្ភពីការចាក់វ៉ាក់សាំងនោះ ហើយបណ្តាលឲ្យពលរដ្ឋស្លាប់ ដូច្នេះលោកថា វ៉ាក់សាំងត្រូវតែមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លោកមានប្រសាសន៍ថា៖ «ព្រោះខ្ញុំអត់ត្រូវការយកជីវិតមនុស្ស ប្រជាជនកម្ពុជាណាម្នាក់ទៅធ្វើពិសោធន៍ថ្នាំឲ្យអ្នកណាទេ។ បើមិនទាន់មានការទទួលស្គាល់ជាក់លាក់ពីអង្គការសុខភាពពិភពលោក គឺមិនទិញទេ។ ត្រូវច្បាស់ជាមួយគ្នា»។
បើតាមលោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាក៏អាចទិញវ៉ាក់សាំងពីប្រទេសចិន ប្រសិនបើមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដោយសារប្រទេសចិននៅក្បែរកម្ពុជា ដូច្នេះងាយស្រួលក្នុងការដឹកជញ្ជូនឆាប់រហ័ស។
ពលរដ្ឋនៅភ្នំពេញ ដូចជាលោក ណៃ ចាន់ណា អាយុ ៤០ ឆ្នាំ ដែលជាកម្មករសំណង់ម្នាក់ បានស្វាគមន៍ចំពោះការមានវ៉ាក់សាំងនេះ ប៉ុន្តែលោកបារម្ភអំពីប្រតិកម្មពេលចាក់បញ្ចូលខ្លួន។
លោកប្រាប់ VOA ថា៖ «យើងដឹងថាខ្លាចឆ្លង។ យើងចេះតែថាចាក់ការពារប្រជាជន។ តែនៅពេលចាក់ទៅ ច្បាស់ថ្នាំហ្នឹងមិនសុទ្ធទៅ។ ហើយចេះតែយកមកពីណាចេះតែលក់ ហើយយកមកចាក់អីអញ្ចឹងទៅ និយាយរួមទៅ ហានិភ័យវាច្រើន»។
ចំណែកព្រះអង្គ លុន សុខហួច ដែលជាសាមណេរគង់នៅវត្តកោះនរាយណ៍ រាជធានីភ្នំពេញ ក៏បានបង្ហាញការគាំទ្រចំពោះការនាំចូលវ៉ាក់សាំង ដោយសារព្រះអង្គយល់ថា វ៉ាក់សាំងនេះនឹងជួយកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេស ក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិឡើងវិញ។
យ៉ាងណាក្តី ព្រះអង្គ សុខហួច មានមន្ទិលចំពោះប្រភពវ៉ាក់សាំងដែលនឹងត្រូវនាំចូល។
ព្រះអង្គមានសង្ឃដីកាថា៖ «ឃើញអ្នកសារព័ត៌មានជាច្រើន គឺគាត់បង្ហោះពីការនាំចូលវ៉ាក់សាំង ប៉ុន្តែមិនបានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាត្រូវនាំចូល គឺនាំចូលពីប្រទេសណាឲ្យពិតប្រាកដតែម្តងទេ»។
ព្រះអង្គបន្តថាវ៉ាក់សាំងពីបណ្តាប្រទេសនៅបស្ចិមលោកមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងពីបណ្តាប្រទេសដទៃទៀត ដោយសារបទពិសោធន៍នៃការផលិតវ៉ាក់សាំងរបស់ពួកគេ។ ដូចប្រជាពលរដ្ឋដទៃទៀតដែរ ព្រះអង្គក៏មានការព្រួយបារម្ភខ្លះៗពីប្រតិកម្មនៃការចាក់វ៉ាក់សាំងនេះ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាមានការព្រួយបារម្ភខ្លះដែរញោម។ ប៉ុន្តែប្រសិនបើយើងមិនសាកល្បង យើងក៏មិនដឹងដែរ។ ទីមួយប្រសិនបើវ៉ាក់សាំងហ្នឹងវាខ្លាំងលើសកម្លាំងយើង អាចថានឹងមានប្រតិកម្ម។ ប៉ុន្តែប្រសិនបើកម្លាំងយើង បើថាអាចទប់ស្កាត់ជាមួយនឹងវ៉ាក់សាំងនឹងបានជាមួយនឹងជំងឺហ្នឹងបានមានន័យថា ពេលយើងចាក់វ៉ាក់សាំងហ្នឹងគឺយើងល្អ»។
សារព័ត៌មានរបស់អាមេរិក New York Times នាពេលថ្មីៗនេះបានសម្ភាសអ្នកដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ អ្នកខ្លះនិយាយថា ពួកគេមិនមានប្រតិកម្មឬរោគសញ្ញាណាមួយ ក្រោយចាក់វ៉ាក់សាំងនោះទេ។ រីឯអ្នកចាក់វ៉ាក់សាំងមួយចំនួនទៀតនិយាយថា ពួកគេមានរោគសញ្ញាមួយចំនួនដូចជាគ្រុនក្តៅអស់កម្លាំង ឈឺក្បាលនិងរោគសញ្ញាផ្សេងទៀត។
កាលពីពាក់កណ្តាលខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថវិការដ្ឋត្រូវបានបម្រុងទុកត្រៀមទិញវ៉ាក់សាំងដំបូងចំនួន ១ លានដូស សម្រាប់ចាក់មនុស្ស ៥០ ម៉ឺននាក់ ដែលក្នុងម្នាក់ត្រូវចាក់ ២ ដូស(ពីរដង)។ លោកបានផ្ដល់ឱវាទដល់មន្ត្រីក្រោមបង្គាប់ឲ្យពិចារណាផ្ដល់អាទិភាពវ៉ាក់សាំងដល់អ្នកបម្រើការនៅជួរមុខ រួមមានក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ។
បើតាមលោក ហ៊ុន សែន កម្ពុជានឹងពឹងផ្អែកលើយន្តការកូវ៉ាក់ (Covax) ដើម្បីទិញវ៉ាក់សាំងចាក់ឲ្យពលរដ្ឋកម្ពុជា។ កូវ៉ាក់គឺជាមជ្ឈមណ្ឌលនៃក្រុមអ្នកស្រាវជ្រាវរកការផលិតនិងអភិវឌ្ឍមធ្យោបាយធ្វើតេស្តនិងបង្កើតឲ្យមានភាព ដែលអាចទទួលបានដោយសមធម៌នូវការព្យាបាលជំងឺកូវីដ១៩ និងវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ កូវ៉ាក់បានសន្យាថា នឹងផ្តល់វ៉ាក់សាំងឲ្យកម្ពុជា ២០ ភាគរយនៃប្រជាជនសរុបជាង ១៦ លាននាក់។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសដែលបានផលិតវ៉ាក់សាំងនិងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងទាំងនោះ រួមមានចិន រុស្សីសហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ជាដើម។
អង្គការសុខភាពពិភពលោកបានបង្ហើបឲ្យដឹងកាលពីដើមខែធ្នូផងដែរថា វ៉ាក់សាំងទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ ២០២១ ខាងមុខ។ ក៏ប៉ុន្តែអង្គការអន្តរជាតិនេះ មិនបានបញ្ជាក់ពីប្រភពនៃវ៉ាក់សាំងថាផលិតចេញពីប្រទេសណាទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីន ប្រាប់ VOA កាលពីថ្ងៃទី២៥ ខែធ្នូថា ក្រសួងសុខាភិបាលរង់ចាំលទ្ធផលវាយតម្លៃរបស់អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលកូវ៉ាក់ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
កំពុងអង្គុយលេងជាមួយចៅប្រុសនៅមាត់ទន្លេ អ្នកស្រី អ៊ីង លីហួង អាយុ ៦៣ ឆ្នាំ លើកឡើងថា អ្នកស្រីសប្បាយចិត្តនៅពេលដឹងថា មានវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ខណៈពេលមិនដឹងប្រភពច្បាស់របស់វ៉ាក់សាំង អ្នកស្រីក៏បានការបង្ហាញទំនុកចិត្តខ្លះលើរដ្ឋាភិបាលលើការបញ្ជាទិញវ៉ាក់សាំងនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ប្រហែលលោកគ្រូពេទ្យ ឬរដ្ឋាភិបាលហ្នឹងគាត់យល់ច្បាស់ហើយ បានយកវ៉ាក់សាំងមកចាក់ការពារ»៕