ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​កោះ​ហៅ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​​ចូល​សវនាការ​នៅ​ចុង​ខែ​មករា​​លើ​បណ្តឹង​​ជំទាស់​ការ​​​បន្ត​​ស៊ើប​អង្កេត


រូបឯកសារ៖ លោក​យាង​ សុធារិន្ទ​ (ស្តាំ) និង​លោក ​អ៊ួន​ ឈិន​ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​យាង​ សុធារិន្ទ​ (ស្តាំ) និង​លោក ​អ៊ួន​ ឈិន​ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

សាលា​ឧទ្ធរណ៍​កោះ​ហៅ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ឲ្យ​ចូល​សវនាការ​នៅ​ចុង​ខែ​មករាខាង​មុខ​ ដើម្បី​ជម្រះ​ក្តី​ពាក់ព័ន្ធ​នឹង​ការប្តឹង​មិន​សុខ​ចិត្ត​ព្រោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេចបន្តការ​ស៊ើប​អង្កេត​ ក្រោយ​ការ​ឃុំ​និង​ដាក់​ពួក​គេ​ឲ្យ​ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​រយៈពេល​ជាង​ពីរ​ឆ្នាំ ​ពី​បទ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ»។​

ដីកា​ចំនួន​ពីរ​កោះ​ហៅ​ជន​ជាប់​ចោទ​ ចេញ​ដោយ​លោក​ព្រះ​រាជអាជ្ញា​ ង៉ែត សារ៉ាត ​កាលពី​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា បាន​បង្គាប់​ឲ្យលោក​អ៊ួន ឈិន​ និង​លោក​យាង សុធារិន្ទ​ អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ​ចូល​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០២០​ ដើម្បី​ជំនុំ​ជម្រះ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​មិន​សុខចិត្ត​របស់​អ្នក​ទាំង​ពីរ។​

លោក​ទូច ថារិទ្ធ ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ ​ប្រាប់ ​VOA ​ថា​ ​យោង​តាម​ដីកា​របស់​សាលា​ឧទ្ធរណ៍​ ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នឹង​បើក​សវនាការ​ជម្រះ​ដោយ​យោង​លើ​អង្គហេតុ ​និង​អង្គច្បាប់​ តែ​មិន​មាន​ការ​សាកសួរ​អ្វី​បន្ថែម​នោះ​ទេ។​

«យោង​ទៅ​តាម​ដីកា​កោះ​ខាង​អយ្យការ​កោះ​ហ្នឹង​ ​គេ​ហៅ​ចូល​មក​ជំនុំ​ជម្រះ​ទៅ​តាម​នីតិវិធី ​អត់​មាន​ហៅ​មក​សាក​សួរ​អីទៀត​ទេ​ គឺ​បើក​សវនាការ​ជំនុំ​ជម្រះ​តែ​ម្តង»។​

អតីត​អ្នក​សារ​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​គឺ​លោកអ៊ួន ឈិន​ និង​លោកយាង សុធារិន្ទ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​កន្លង​ទៅ​ តែ​មិន​មាន​ការ​ប្រកាស​សាល​ក្រម​យ៉ាង​ណា​នោះ​ទេ។ ​នៅ​ថ្ងៃ​ទី​៣​ ខែ​តុលា​ ដែល​ជា​ថ្ងៃ​កំណត់​ប្រកាស​សាលក្រម ​តុលាការ​បាន​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​សំណុំ​រឿង​ពួកគេ​ឡើង​វិញ ​ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការ ​ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ​ព័ត៌មាន​ក្នុង​សំណុំ​រឿង​នេះ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ ​និង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​បន្ត​ការ​ស៊ើប​អង្កេត។​

ក្រោយ​ការ​ពន្យារ​ការ​ប្រកាស​សាលក្រម​ជាច្រើន​ដង ​និង​បន្ត​ការ​ស៊ើប​អង្កេត​បន្ថែម​ ​អតីត​អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​រូបមិន​សុខ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ហើយ​បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៤​ ខែ​តុលា ​ទាមទារ​ឲ្យ​មាន​ការ​ប្រកាស​សាលក្រម ​ឬ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួក​គេ​ទាំង​ពីរ។​

អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ និង​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​ក្នុង​ការ​ចោទ​នោះ តុលាការ​អះអាង​ថា ​ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ​បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា។​

បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​អស់​រយៈពេល​ជិត​ដប់​ខែ។ ​អំឡុង​ពេល​ស្ថិត​នៅ​ក្រៅ​ឃុំ ​តុលាការ​បាន​ដក​ហូត​លិខិត​ឆ្លងដែន​ ព្រម​ទាំង​សម្ភារៈ​បម្រើ​ការងារ​សារ​ព័ត៌មាន​របស់​ពួកគេ ​និង​តម្រូវ​ឱ្យ​ពួក​គេ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ជារៀង​រាល់​ខែ។​

លោក​យាង សុធារិន្ទ ​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ី​សេរី​មួយ​រូប​ ប្រាប់ ​VOA ​ថា​ ការ​បន្ត​ស៊ើប​អង្កេត​ដោយ​មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទ ​ឬ​ជំនុំ​ជម្រះ​ឲ្យ​ដាច់​ស្រេច​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ ​និង​ជីវភាព​រស់​នៅ​របស់​ពួកគេ។ ​លោក​បន្ថែម​ថា ​ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​សាលា​ដំបូង​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ ដោយ​រក​មិន​ឃើញ​ពី​កំហុស​ដើម្បី​កាត់​ទោស​ ដូច្នេះ​គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ពេញ​លេញ​ មិន​គួរ​បន្ថែមពេល​ស៊ើប​អង្កេត​នោះ​ទេ។​

«ជំនុំ​ជម្រះ​អត់​ឃើញ​មាន​អី​ជា​ភស្តុតាងដាក់​បន្ទុក​យើង។​ ​អា​ហ្នឹង​ទី​បំផុត​យើង​គួរ​តែ​បាន​ប្រយោជន៍ដល់​ពួក​ខ្ញុំ​ ហើយ​គួរ​តែ​ទម្លាក់​បទ​ចោទ​លើ​ពួក​ខ្ញុំ មិនមែន​រក​ភស្តុតាង​មិន​ឃើញ​ហើយ ​ចេះ​តែ​ធ្វើការ​ស៊ើប​អង្កេត​អី​បន្ថែមតាម​តែ​ចិត្ត​ហ្នឹង​បាន​ទេ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ ​បើ​សិន​ជា​សាលា​ឧទ្ធរណ៍​គាត់​សិក្សា​លម្អិត​ពី​សំណុំ​រឿង​ពួក​ខ្ញុំ​ហ្នឹង​ ហើយ​មើល​ទៅ​ពី​ភាព​មិន​សមរម្យ​ហ្នឹង​ ខ្ញុំ​រំពឹង​ថា​ សាលា​ឧទ្ធរណ៍​នឹង​ធ្វើ​ការ​សម្រេច​ទាត់​ចោល​ការ​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង»។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន និង​ដាក់​អ្នក​ទាំង​ពីរ​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​ស្ថាប័ន​អន្តរជាតិ ​និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ទាំង​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ទាំង​ពីរ ហើយ​ថា ​ការ​បន្ត​ចោទ​ប្រកាន់​នេះ​មាន​ចរិត​នយោបាយ​ និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

លោក​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ​(Licadho)​ លើក​ឡើង​ថា​ ​តុលាការ​គួរ​ទម្លាក់​ចោល​បទ​ចោទ​ ឬពន្លឿន​ការ​ជំនុំ​ជម្រះ​លើ​អ្នក​ទាំង​ពីរ ចៀស​វាង​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​ពួក​គេ។​

«រឿង​រ៉ាវ​ហ្នឹង​វា​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់​ ពីព្រោះ​យើង​គិត​ហើយ​ បើ​រយៈពេលនៃ​ការ​ស៊ើប​អង្កេត​ វា​រយៈពេល​ពីរ​ឆ្នាំ​ជាង​ហើយ ​វា​ល្មម​គ្រប់​គ្រាន់​ហើយនៅ​ក្នុង​ការ​ស៊ើប​អង្កេត។​ អ៊ីចឹងបើ​អូស​បន្លាយ​យូរ​ទៀត​ ​វា​កាន់​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់»។​

ការ​ចាប់​ខ្លួន​លោកយាង សុធារិន្ទ​ និង​លោក​ អ៊ួន ឈិន ​បាន​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បង្ក្រាប​លើ​សារ​ព័ត៌មាន​មុន​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដាឆ្នាំ​២០១៨។​ ក្នុង​ការ​បង្ក្រាប​នោះ​ ស្ថានីយ៍​វិទ្យុ​ជាច្រើន​ដែល​រួម​មាន​វិទ្យុ​អាស៊ី​សេរី​ផង​ ត្រូវ​បាន​បិទ ​ហើយ​កាសែត​ជា​ភាសា​អង់គ្លេស ឌឹ ​ខេមបូឌា ដេលី ​(The Cambodia Daily) ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​ការិយាល័យ ​ដោយ​សារ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង់​ពន្ធ​ចំនួន​៦,៣​លាន​ដុល្លារ៕

XS
SM
MD
LG