នៅព្រឹកថ្ងៃចន្ទនេះ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលដីការបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឃុំខ្លួនអ្នកស្រីទេព វន្នី និងស្ត្រីបីនាក់ផ្សេងទៀត ក្រោមបទចោទប្រកាន់ថា «ប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈ»។
កាលពីខែកញ្ញា ឆ្នំា២០១៦ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសសកម្មជនការពារសិទ្ធិដីធ្លីចំនួនបួននាក់មកពីសហគមន៍បឹងកក់ ក្នុងនោះមានអ្នកស្រីទេព វន្នី អ្នកស្រីគង់ ចន្ថា អ្នកស្រីបូ ឆវី និងអ្នកស្រី ហេង មុំឲ្យជាប់ក្នុងពន្ធនាគាររយៈពេល៦ខែក្រោមបទចោទ«ប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១១ នៅពេលមានការតវ៉ាប្រឆាំងការវាយបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ដ៏ចម្រូងចម្រាស។
ប៉ុន្តែអ្នកស្រីគង់ ចន្ថា អ្នកស្រីបូ ឆវី និងអ្នកស្រីហេង មុំត្រូវបានតុលាការអនុញ្ញាតឲ្យស្ថិតនៅក្រៅឃុំ។
អ្នកស្រីទេព វន្នី ដែលជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices បាននិយាយថា តុលាការមិនមានឯករាជ្យភាពក្នុងការផ្តល់យុត្តិធម៌ឲ្យអ្នកស្រីនោះឡើយ។ អ្នកស្រីបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្នើទៅព្រះមហាក្សត្រខ្មែរដើម្បីផ្តល់ព្រះរាជទានលើកលែងទោសដល់អ្នកស្រី ក្រោយការប្រកាសសេចក្តីសម្រេចរបស់តុលាការនៅសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះ។
«ខ្ញុំនិងក្រុមគ្រួសារ ព្រមទាំងអ្នកភូមិ និងអង្គការសង្គមស៊ីវិលសង្ឃឹម ទៅលើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននឹងស្នើសុំព្រះមហាក្សត្រលើកលែងទោស ផ្តល់យុត្តិធម៌មកលើរូបនាងខ្ញុំ ឲ្យទទួលបាននូវយុត្តិធម៌ និងសេរីភាពឡើងវិញ»។
អ្នកស្រីបូវ សោភា សកម្មជនដីធ្លីនៅតំបន់បឹងកក់ និយាយនៅមុខសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះថា អ្នកស្រីទេព វន្នីត្រូវតែទទួលបានសេរីភាពមកវិញ ព្រោះអ្នកស្រីមិនបានប្រព្រឹត្តខុសនោះឡើយ។
«សាលាឧទ្ធរណ៍ទាំងអស់ហ្នឹងគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ។ ហ្នឹងហើយចង់បញ្ជាក់ប្រាប់បងប្អូនឲ្យដឹងទាំងអស់គ្នាថា ទេព វន្នីក៏មិនមែនជារបស់បក្សណាដែរ។ អីចឹងដោះលែងឲ្យគាត់មានសេរីភាពមក! ព្រះរាជអាជ្ញា ចៅក្រម តុលាការតំបូង តុលាការកំពូល តុលាការឧទ្ធរណ៍ក៏មិនមែនជារបស់រដ្ឋដែរគឺជារបស់ឯកជន គឺជារបស់បុគ្គល បានជាពួកខ្ញុំមិនដែលបានយុត្តិធម៌ពីតុលាការហ្នឹងម្តងណាឡើយ»។
អ្នកស្រីទេព វន្នីត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០១៦ ក្រោយពីអ្នកស្រីបានចូលរួម និងដឹកនាំការធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» យ៉ាងសកម្ម ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកចំនួនបួនរូប អគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារយុត្តិធម៌ជូនលោកកែម ឡី ដែលត្រូវបានគេបាញ់ស្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦ នៅកណ្តាលទីក្រុងភ្នំពេញ។
លោកទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានប្រាប់ VOA ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺលោកញូង ធុលបានសម្រេចតម្កល់ការចោទប្រកាន់ ប្រឆាំងអ្នកស្រីទេព វន្នី ដោយយោងតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានហេតុផលត្រឹមត្រូវ ក្នុងការចោទប្រកាន់ប្រឆាំងនឹងសកម្មជនដីធ្លីរូបនេះ។
«ដោយសារតែការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលចៅក្រម គាត់សម្រេចហ្នឹង ដោយមានបទល្មើសត្រឹមត្រូវ ហើយគាត់គិត ដែលអាចចោទនេះបាន មានបទល្មើស ហើយដល់អីចឹងសាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ»។
លោកទូច ថារិទ្ធបានការពារការសម្រេចរបស់សាលាឧទ្ធរណ៍ថា ត្រូវបានធ្វើឡើងដោយគ្មានសម្ពាធណាមួយពីរាជរដ្ឋាភិបាលនោះទេ ហើយថា ប្រសិនបើជនជាប់ចោទមិនសុខចិត្ត ពួកគេអាចប្តឹងទៅតុលាការជាន់ខ្ពស់បន្តទៀត។
ក្រុមអ្នកភូមិនៅសហគមន៍បឹងកក់ និងសហគមន៍ផ្សេងទៀត បានដើរចាកចេញពីសាសាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះ ឆ្ពោះទៅកាន់តុលាការកំពូលដែលគ្រោងបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ក្រុមអ្នកភូមិស្រែកនៅមុខតុលាការកំពូលឲ្យផ្តល់យុត្តិធម៌ឲ្យអ្នកទាំងប្រាំនេះ។ តែក្រោយមក តុលាការសម្រេចពន្យារពេលបើកសវនាការនេះ។
សហគមន៍អន្តរជាតិនានា រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសម្តែងក្ដីបារម្ភចំពោះការធ្វើទុក្ខបុកម្នេញមកលើក្រុមជំទាស់ និងក្រុមអ្នកការពារសិទ្ធិមនុស្ស និងដីធ្លីតាមចំណាត់ការរបស់តុលាការនេះ។ ពួកគេថា ការណ៍នេះកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាចុះខ្សោយទៅៗ៕