ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​​លោក កឹម សុខា ប្រឈម​នឹង​ការ​កាត់​ទោស


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបាន​តុលាការរំលាយ នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបាន​តុលាការរំលាយ នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​យក​ថ្ងៃទី​១៥ ខែ​មករា​ ឆ្នាំ​២០២០​ ជំនុំ​ជម្រះ​ទោស​លោក​ កឹម សុខា។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សម្រេច​ច្រាន​ចោល​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវីការ​ពារក្តី​លោក ​កឹម សុខា​ ចំនួន​បួន​រូប ដែល​ប្តឹងជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បានសម្រេច​នាំ​លោក​កឹម សុខា​មេដឹកនាំ​គណបក្ស​ប្រឆាំង​យក​មក​កាត់​ទោស​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​ពីរឆ្នាំ​មក​នេះ។ នេះ​បើយោង​តាមការ​បញ្ជាក់​របស់​ស្មាក្តី​មួយ​រូប​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ។

លោក​មេធាវី​ ផែង​ ហេង មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​បួន​រូបដែល​បាន​ឡើង​ការពារ​ក្តី​លោក​កឹម សុខា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ប្រាប់​ VOA ​ថា តុលាការ​ឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់ តុលាការក្រុងភ្នំពេញ​ដែល​គ្រោង​នឹង​បើក​សវនាការ​កាត់​ទោសលោក កឹម សុខា ឲ្យ​នៅ​ជា​បាន​ការ​ដដែល។

«សាលា​ឧទ្ធរណ៍​បដិសេធ​បណ្តឹង​ និង​តម្កល់​ការ​បញ្ជូន​ដីកា​ទៅ​ជំនុំ​ជម្រះ​របស់​ចៅក្រម​ស៊ើប​សួរ​ សាលាដំបូង​ ទុក​ជា​ការ​ត្រឹមត្រូវ»។

លោក​ កឹម សុខា​ វ័យ​៦៦​ ឆ្នាំ​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«សន្និដ្ឋិ​ភាព​ជាមួយ​បរទេស‍»។ តាមរយៈ​បទ​ចោទ​នេះ​ ​លោកកឹម សុខា អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​ទោស។

លោក​ ផែង​ ហេង​ ដែល​ជា​ស្មាក្តី​លោក​កឹម សុខា ​បញ្ជាក់​ថា​ ក្រុមស្មាក្តី​នឹង​ពិភ្សា​ជាមួយ​កូនក្តី​ អំពី​នីតិវិធី​ដែល​ត្រូវ​ធ្វើ​បន្តទៅ​មុខ​ទៀត​ បន្ទាប់ពីតុលាការ​ឧទ្ធរណ៍​ច្រានចោល​បណ្តឹង​សាទុក្ខ​លោក​ កឹម សុខា។

​តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច​យក​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២០ខាង​មុខ ដើម្បី​បើក​ការ​ជំនុំ​ជម្រះ​ទោស​លោក ​កឹម សុខា។ នេះ​បើ​តាម​កា​របញ្ជាក់​របស់​លោក​ អ៊ី រិន្ទ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក ​កឹម សុខា អតីត​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​រួច​ពីការ​ជាប់​ឃុំក្នុង​ផ្ទះ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា។

ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ ធ្វើឡើង​ឡើង ​ពីរ​ថ្ងៃ​មុន​ពេលសហភាព​អឺរ៉ុប​ចេញ​របាយការណ៍​បឋម​លើក​ទីពីរ​របស់ខ្លួន​ស្តីពី​ស្ថានភាព​ប្រទេស​កម្ពុជា​ក្រោម​ក្រប​ខ័ណ្ឌ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ឬ ហៅថា​ EBA។

ក្រោយ​ពី​បានសេរីភាព​ខ្លះៗមក​នោះ លោក​ កឹម សុខា​ អាច​មាន​សិទ្ធិ​ដើរ​ហើរ​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​អ្នក​នយោបាយ​វ័យ​ចំណាស់​រូបនេះ ​មិនទាន់​មាន​សិទ្ធិ​ពេញ​លេញ​សម្រាប់ធ្វើ​សកម្មភាពនយោបាយ​នោះ​ទេ។

​លោក​ កឹម សុខា​ បាន​ប្រើ​ប្រាស់​ពេល​ដែល​លោក​មិន​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ​ ​ជួប​ពិភាក្សា​ជាមួយ​តំណាងអង្គ​ទូត​ជាច្រើន​នាក់​ប្រចាំ​ប្រទេស​កម្ពុជា។ តំណាង​អង្គ​ទូត​ទាំងនោះ​ គឺ​ភាគ​ច្រើន​ជា​តំណាង​ប្រទេស​នៅ​លោក​ខាង​លិច។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ​ កត់​សម្គាល់​ថា​ សំណុំ​រឿង​លោក កឹម សុខា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​របាយការណ៍​របស់​សហភាព​អឺរ៉ុប​ ដែល​បានព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​លើការ​នាំទំនិញ​របស់​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​ប្រទេស​នេះ​មិនធ្វើ​ឲ្យ​ការគោរព​សិទ្ធិមនុស្ស​ប្រសើរ​ឡើង​វិញ។

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​រូប​នេះ​ បាន​បន្ថែមថា​ សកម្មភាព​របស់​តុលាការ​កម្ពុជា​ ក្នុង​ការ​ជម្រះក្តី​លោក​កឹម សុខា​នេះ​ បាន​ស្ថិត​នៅក្រោម​ការឃ្លាំមើល​ពី​ភាគី​សហគមន៍​អឺរ៉ុប។

«បើ​សិន​ជា​ដំណើរ​ទៅ​វាសម​ស្រប​ ដែល​គេ​មើល​ទៅ​ គេអាច​ទទួល​យក​បាន​អាហ្នឹងវាមិន​អីទេ។ ប៉ុន្តែ​បើសិន​ ជា​ដំណើរ​ការ​ហ្នឹង​វា​ ​មិន​សម​ស្រប ចាត់​ទុក​ថា​ វា​មានយុត្តិធម៌​ សម្រាប់​លោក​ ឯក​ឧត្តម​កឹម សុខា​អាហ្នឹង​ នឹង​ទទួល​ការរិះ​គន់​បន្ត​ទៀត​ ហើយ​និង​មាន​ អាលក្ខខណ្ឌ​អី​បន្ត​ទៅ​ទៀត​ចឹង​ហើយ»។

លោក ​កឹម សុខាត្រូវ​បាន​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក កាល​ពី​យប់រំលង​អាធ្រាត្រ​ ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក​រង​ការ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​ការ​រួម​គំនិត​ជាមួយ​សហ​រដ្ឋ​អា​មេរិក​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។ ទាំង​លោក ​កឹម សុខា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ក្រោយ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​គ្រោង​នឹង​បើក​កសវនាការ​ជំនុំ​ជម្រះ​ ទោស​លោក​កឹម សុខា​នោះ​ តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ជាមួយ​នឹង​ការព្រមាន​ធ្ងន់​ៗ​ និង​ការ​អធិប្បាយ​ជាច្រើនការ​ពារ​សុចរិត​ភាព​របស់​លោក​កឹម សុខា។

លោក អាឡាំង ឡូវឹនសល (Alan Lowenthal) ​ សហ​ប្រធាន​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​បានរិះគន់ចំណាត់ការ​របស់​តុលាការ​រាជធានី​ភ្នំពេញ។

តំណាងរាស្ត្ររូបនេះ​អះអាង​ថា​ លោក កឹម សុខា ​បាន​រង​ការចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​ដោយ​លោក​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​ក្រៅពី​ដឹកនាំ​គណបក្ស​របស់​លោក​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។ លោក អាឡាំង​ ឡូវឹនសល​បន្ថែម​ថា​ របប​លោក​ ហ៊ុន សែន នឹង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ​ ប្រសិនបើ​នៅ​បន្ត​សកម្មភាព​គាបសង្កត់​ប្រឆាំង​នឹង​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា និង​ប្រឆាំង​នឹង​ឆន្ទៈពលរដ្ឋ​កម្ពុជា‍៕

XS
SM
MD
LG