អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកបានព្រមានខ្លាំងៗជាថ្មីឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិនយោបាយនៅពេលដែលសំណុំរឿងរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងត្រូវបានចៅក្រមបញ្ជូនទៅជំនុំជម្រះ។
លោក អាឡាំង ឡូវឹនសល សហប្រធាននៃក្រុមអ្នកតំណាងរាស្ត្រទទួលបន្ទុកកិច្ចការកម្ពុជាដែលមកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់ចំណាត់ការរបស់តុលាការរាជធានីភ្នំពេញ ដែលមិនព្រមទម្លាក់ការចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទក្បត់ជាតិដោយឃុបឃិតគ្នាជាមួយនឹងសហរដ្ឋអាមេរិក។
លោក អាឡាំង ឡូវឹនសល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មក VOA ខេមរភាសាថា៖
«លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្តជំរុញទៅមុខនូវបទចោទប្រកាន់ដែលបានប្រឌិតឡើងប្រឆាំងនឹងលោក កឹម សុខា ដែលធ្វើឱ្យមានការរិះគន់វាយប្រហារបន្ថែមទៀតលើភាពលំអៀងនៃប្រព័ន្ធយុត្តិធម៌កម្ពុជានិងបង្ហាញជាថ្មីម្តងទៀតពីការគ្រប់គ្រងទាំងស្រុងដោយផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនលើគ្រប់ស្ថាប័នជាតិ»។
តុលាការរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃច័ន្ទនេះបញ្ជូនសំណុំរឿងលោកកឹម សុខាទៅជំនុំជម្រះក្រោយពីបានស៊ើបអង្កេតអស់រយៈពេលជាង២ឆ្នាំប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃកាត់ក្តីនៅឡើយ។ តុលាការបានបញ្ជាក់ថាក្រោយពីបានស្រាវជ្រាវនិងស៊ើបអង្កេតចប់សព្វគ្រប់ «ចៅក្រមស៊ើបសួរពិនិត្យឃើញថាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់»ដើម្បីកាត់ទោសលោកកឹម សុខាពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបបានអំពាវនាវជាបន្តបន្ទាប់ឱ្យដោះលែងលោកកឹម សុខាជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
លោក អាឡាំង ឡូវឹនសល បន្តរិះគន់ អាជ្ញាធររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចោទលោក កឹម សុខា ថាគឺដោយសារខ្លាចប្រជាប្រិយ៍ភាពរបស់បក្សប្រឆាំង៖
«លោក កឹម សុខា បានរងការចោទប្រកាន់ពីបទក្បត់ជាតិដោយលោកមិនបានធ្វើអ្វីទាំងអស់ក្រៅពីដឹកនាំគណបក្សរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី។ គណបក្សប្រឆាំងនោះទទួលបានការគាំទ្រយ៉ាងឆាប់រហ័សពីពលរដ្ឋកម្ពុជាភាគច្រើនហើយបានគំរាមកំហែងបញ្ចប់ការដឹកនាំបីទសវត្សរ៍របស់របបលោក ហ៊ុន សែន។ របបលោក ហ៊ុន សែន នឹងរងទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ប្រសិនបើនៅបន្តសកម្មភាពគាបសង្កត់ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងប្រឆាំងនឹងឆន្ទៈពលរដ្ឋកម្ពុជា»។
លោក ស្ទីវ ឆាបុត្រ សហប្រធាននៃក្រុមអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជាដែលមកពីគណបក្សសាធារណរដ្ឋបានបញ្ជាក់ប្រាប់ VOA ខេមរភាសាដែរថា៖
«មិនមានភស្តុតាងឯណាថាលោក កឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិដោយឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទេ។ នេះគឺគ្រាន់តែជាឧទាហរណ៍ថ្មីទៀតដែលលោកហ៊ុនសែនស្លៀកពាក់សម្លៀកបំពាក់ជាជនផ្តាច់ការហើយយកស្បៃប្រជាធិបតេយ្យមកគ្របពីលើ។ ខ្ញុំនឹងបន្តធ្វើការជាមួយសហការីរបស់ខ្ញុំនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីធានាថាលោកកឹមសុខា និងអ្នកដទៃទៀតនៅក្នុងប្រទេសកម្ពុជាមានសេរីភាពអនុវត្តសិទ្ធិនយោបាយតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
លោក ថេត យូហូ អនុប្រធានអនុគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកនៃគណៈកម្មការកិច្ចការបរទេសរបស់សភាតំណាងរាស្ត្របានហៅចំណាត់ការតុលាការលើលោក កឹម សុខាថា គឺជាឧទាហរណ៍មួយទៀតរបស់លោក ហ៊ុន សែន ក្នុងការគាបសង្កត់ឆន្ទៈពលរដ្ឋកម្ពុជា។
លោក ថេត យូហូ ដែលជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋផ្លរីដានៃគណបក្សសាធារណរដ្ឋនិងបានសើ្នសេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជាបញ្ជាក់ថា លោកកឹមសុខា គ្រាន់តែធ្វើការតាមគោលការណ៍ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជានិងស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ដែលបានចែងយ៉ាងច្បាស់ថាប្រទេសកម្ពុជាត្រូវមានរដ្ឋាភិបាលប្រជាធិបតេយ្យដែលតំណាងឱ្យពលរដ្ឋ។
លោក ថេត យូហូ បានបន្ថែមថា៖
«សកម្មភាពរបស់លោក ហ៊ុន សែន ដែលកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិគឺជាសញ្ញាមួយទៀតថាគាត់ដឹងថាគាត់និងកូនរបស់គាត់ដែលត្រូវបន្តតំណែងមិនអាចបន្តអំពើផ្តាច់ការនៅក្នុងសង្គមសេរីនិងបើកចំហរទេ។ ខ្ញុំឈរជាមួយនឹងពលរដ្ឋអាមេរិកាំងនិងឈរជាមួយលោក កឹម សុខា»។
លោក កឹម សុខា ដែលមានវ័យ៦៦ឆ្នាំត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពីលំនៅដ្ឋានទាំងយប់កាលពីដើមខែកញ្ញាឆ្នាំ២០១៧ ហើយបានយកទៅដាក់ឃុំឃាំងមុននឹងដោះលែងឱ្យនៅក្រៅ ឃុំដោយមានលក្ខខណ្ឌកាលពីដើមខែវិច្ឆិកា។
ការចាប់ខ្លួនមេបក្សដ៏មានប្រជាប្រិយ៍ភាពនេះនិងការរំលាយគណបក្សសង្គ្រោះជាតិបាននាំឱ្យស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះហើយបានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាមានភាពរកាំរកូស។ ប៉ុន្តែចាប់ពីចុងខែវិច្ឆិកាមកស្ថានភាពអាប់អួរនេះហាក់បានធូរស្រាលឡើងវិញបន្តិចនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្លាស់ប្តូរលិខិតគ្នាដោយឈរលើទស្សនៈស្វែងរកវិធីកែលម្អទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោក ស្ទីវ ឆាបុត្រក៏បានបញ្ជាក់បន្ថែមប្រាប់ VOAដែរថា៖
«ប្រសិនបើលោកហ៊ុនសែនចង់បានទំនាក់ទំនងល្អប្រសើរជាងនេះជាមួយនឹងសហរដ្ឋអាមេរិក គាត់ត្រូវឆ្លាតវៃដោយត្រូវគោរពតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសគាត់និងទម្លាក់ចោលការបង្កាច់បង្ខូចគួរឱ្យអស់សំណើចនេះប្រឆាំងនឹងយើង»។
សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាកាលពីពាក់កណ្តាលខែកក្កដាប៉ុន្តែសេចក្តីព្រាងច្បាប់នោះនៅជាប់នៅព្រឹទ្ធសភានៅឡើយ។ ក្រៅពីនោះសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាក៏បានស្នើច្បាប់សើរើឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) ដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកនៅចង់ឱ្យកម្ពុជាកែប្រែស្ថានការណ៍ជាជាងដាក់ទណ្ឌកម្ម។
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស កំពុងស្វះស្វែងរៀបចំឱ្យមានកិច្ចប្រជុំជាមួយនឹងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក ព្រមទាំងដៃគូអន្តរជាតិមួយចំនួនទៀត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្វែងរកការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិកនិងដៃគូអន្តរជាតិសម្រាប់ស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកប៉ុន សៅរីអគ្គលេខាធិការ គណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) ដែលបានបង្ហោះសារតាមទំព័រហ្វេសប៊ុក។
ក្នុងពេលជាមួយគ្នានេះដែរក្រុមអង្គការសិទ្ធិមនុស្សខ្មែរ-អាមេរិកាំងដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឱ្យគោរពតាមការស្នើសុំរបស់សហភាពអឺរ៉ុបដែលទាមទារឱ្យកម្ពុជាស្តារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
នៅក្នុងលិខិតចំហមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានលើកឡើងថា៖
«ការទទួលយកសំណើរបស់សហគមន៍អឺរ៉ុប គឺវានាំមកនូវលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាជាថ្មីឡើងវិញ និងធ្វើឱ្យអន្តរជាតិនិងសហគមន៍អាស៊ានមានការរាប់អានទំនាក់ទំនងឱ្យតម្លៃដល់ប្រទេសកម្ពុជាជាពិសេសដូចជាប្រទេសនានាក្នុងតំបន់»៕