លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយ នឹងចូលរួមសវនាការក្នុងរឿងក្តីរបស់លោកដោយផ្ទាល់នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ ក្រោយពីសវនាការនេះ បានផ្អាកអស់រយៈពេលប្រមាណ២ឆ្នាំកន្លងមកនេះ។ នេះ បើយោងតាមមេធាវីរបស់លោក។
លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្តី៤នាក់របស់លោក កឹម សុខា បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារថា លោក កឹម សុខា នឹងមានវត្តមាននៅតុលាការ ដោយមានមេធាវីការពារក្តីទាំង៤រូបចូលរួមផងដែរ។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ឬឃុបឃិតជាមួយបរទេស ក្រោយពីលោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញបានចូលចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
ប្រធានគណបក្សប្រឆាំងរូបនេះ កន្លងមក បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា នេះ ជាការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ។
តុលាការក្រុងភ្នំពេញ បានសម្រេចផ្អាកសវនាការលើសំណុំរឿងក្តីរបស់លោក កឹម សុខា កាលពីដើមឆ្នាំ២០២០ ដោយលើកយកបញ្ហាជំងឺកូវីដ១៩ ជាហេតុផល។
កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ប្រធានមួយរូបទៀតនៃគណបក្សសង្គ្រោះជាតិដែលរស់នៅក្រៅប្រទេស បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា លោក «ចង់ឡើងតុលាការជំនួសលោក កឹម សុខា»៕