អ្នកវិភាគនិយាយថា សង្គ្រាមវោហារសាស្ត្ររវាងលោកអនុប្រធានាធិបតីអាមេរិកMike Pence និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC នៅក្នុងឆ្នាំនេះ និងការបរាជ័យរបស់អង្គការថ្នាក់តំបន់មួយនេះក្នុងការចេញសេចក្តីថ្លែងការណ៍រួម ជាសញ្ញានៃការបែកបាក់គ្នាខ្លាំងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង មិនមែនត្រឹមតែលើបញ្ហាពាណិជ្ជកម្ម នោះទេ។
វាក៏ជាការក្រើនរំឭកពីវិបត្តិដែលបានផ្ទុះឡើងនៅអង្គការពាណិជ្ជកម្មពិភពលោកអំពីកំណែទម្រង់ និងការជជែកដេញដោលគ្នាអំពីឋានៈប្រទេសចិននៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកលផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធថា ខ្លួនមិនបានធ្វើឲ្យកិច្ចប្រជុំ APEC នាពេលថ្មីៗនេះ នៅក្នុងប្រទេស Papua New Guinea បរាជ័យនោះទេ ហើយបានដាក់កំហុសនេះលើអ្វីដែលខ្លួននិយាយថា ជាការខឹងសម្បារបស់លោក Mike Pence នៅក្នុងកិច្ចប្រជុំនេះ។ ទោះជាយ៉ាងណា អ្នកវិភាគនិយាយថា វាជាបំណងរបស់ចិនក្នុងការមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលនេះជាមូលហេតុដែលធ្វើឲ្យសេចក្តីថ្លែងការណ៍រួមនេះចេញមិនបាន។
មូលហេតុ គឺបណ្តាលមកពីពាក្យពេចន៍នៅក្នុងសេចក្តីថ្លែងការណ៍ទាក់ទងនឹងការអនុវត្តផ្នែកពាណិជ្ជកម្មមិនស្មើភាពគ្នា។ វាជាពាក្យពេចន៍ដែលថ្នាក់ដឹកនាំចិនយល់ថា វាមិនចាំបាច់ផ្តោតតែទៅលើប្រទេសចិននោះទេ។
ការប៉ះទង្គិចគ្នារវាងមហាអំណាច
លោក David Kelly នាយកផ្នែកស្រាវជ្រាវនៅអង្គការស្រាវជ្រាវមួយមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងដែលមានឈ្មោះថា China Policy បាននិយាយថា កិច្ចប្រជុំនេះជាការប៉ះទង្គិចគ្នារវាងមហាអំណាចពីរ គឺសហរដ្ឋអាមេរិក និងចិន។
លោក Kelly បាននិយាយថា៖
«បើតាមអ្នកតាមដានស្ថានការណ៍ភាគច្រើនមើលឃើញថា របៀបនៃកិច្ចប្រជុំដែលរៀបចំនៅក្នុងក្រុង Port Moresby មិនមែនជាអ្វីដែលចិនរំពឹងទុកនោះទេ។ ចិនមិនរំពឹងថា នឹងមានការប្រឆាំងដែលខ្លួនបានទទួលនោះទេ»។
សេដ្ឋកិច្ចរបស់ក្រុមប្រទេស APEC រួមបញ្ចូលគ្នា ស្មើនឹង៦០%នៃសេដ្ឋកិច្ចពិភពលោកទាំងមូល ហើយក្នុងកិច្ចប្រជុំឆ្នាំនេះ សមាជិកសង្ឃឹមថា នឹងជំរុញឲ្យមានកំណែទម្រង់នៅអង្គការពាណិជ្ជកម្មពិភពលោក ដែលកំណត់ពីវិធានពាណិជ្ជកម្ម និងសម្រេចថា អ្នកណាទទួលទណ្ឌកម្មនៅពេលមានការរំលោភបំពានកើតឡើង។
កំណែទម្រង់នេះមិនបានត្រូវធ្វើឡើងនោះទេ ប៉ុន្តែបញ្ហានេះទំនងនឹងបន្តជាបញ្ហារសើប និងចំណុចស្នូលនៅក្នុងកិច្ចប្រជុំ G-20 នៅក្នុងប្រទេសអាហ្សង់ទីន នៅចុងខែនេះ។
វិបត្តិអង្គការពាណិជ្ជកម្មពិភពលោក
នៅក្នុងខែធ្នូខាងមុខនេះ អង្គចៅក្រមដែលធ្វើការសម្រេចចិត្តលើជម្លោះរវាងសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនឹងមិនមានសមាជិកគ្រប់គ្រាន់ដើម្បីបន្តដំណើរការទៀតនោះទេ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានរារាំងការតែងតាំងចៅក្រមថ្មីៗ ចាប់តាំងពីខែសីហា ឆ្នាំមុន ដោយបានលើកឡើងពីក្តីបារម្ភដែលអង្គចៅក្រមមួយនេះ បានធ្វើហួសនូវដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏យល់ថា អង្គចៅក្រមមួយនេះ មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ នៅពេលដោះស្រាយជាមួយនឹងការបំពានរបស់ប្រទេសចិន។
លោក Scott Kennedy ដែលអនុប្រធានគម្រោងការសិក្សាអំពីប្រទេសចិន Freeman Chair in China Studies នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថា៖
«អង្គការពាណិជ្ជកម្មពិភពលោកច្បាស់ណាស់កំពុងជួបវិបត្តិអត្តសញ្ញាណរបស់ខ្លួន និងសមត្ថភាពដ៏សាមញ្ញមួយក្នុងការធ្វើប្រតិបត្តិការ ដែលវិបត្តិនេះនឹងបន្តកាន់តែធ្ងន់ធ្ងរ រហូតទាល់តែសហរដ្ឋអាមេរិក ចិន និងសមាជិកដទៃទៀតមានការព្រមព្រៀងគ្នាជាឯកច្ឆន្ទលើរបៀបដោះស្រាយជម្លោះ នៅអង្គការមួយនេះ»។
នៅក្នុងសប្តាហ៍ថ្មីៗនេះ ប្រទេសជាច្រើនបានចាប់ផ្តើមដាក់សំណើឲ្យមានការធ្វើកំណែទម្រង់នៅអង្គការពាណិជ្ជកម្មពិភពលោក។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុនបានយល់ព្រមនឹងគ្នាថា នឹងធ្វើការជាមួយគ្នា។ ប្រទេសទាំងនេះ កំពុងជំរុញឲ្យមានការអនុវត្តឲ្យកាន់តែខ្លាំងទៅលើការធ្វើឧបត្ថម្ភធនទៅលើសហគ្រាសដែលគាំទ្រដោយរដ្ឋ ការផលិតហួសកម្រិត និងគោលនយោបាយដែលបង្ខំវិនិយោគិនបរទេសផ្ទេរបច្ចេកវិទ្យារបស់ពួកគេដើម្បីជាថ្នូរនឹងការទទួលបានទីផ្សាររបស់ខ្លួន។ បញ្ហាទាំងនេះ ប្រទេសចិន ត្រូវបានគេ មើលឃើញថា ជាប្រទេស ដែលបំពានខ្លាំងជាងគេមួយ។
ប្រទេសចិនបានប្រកាសថា នឹងដាក់ស្នើកំណែទម្រង់ផងដែរ ហើយខ្លួនក៏បានព្រមានថា ខ្លួននឹងមិនទទួលយកវិធានដែលខ្លួនមិនចង់ទទួលនោះទេ។
នៅក្នុងកិច្ចប្រជុំក្នុងក្រុងហ្សឺណែវ កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក លោក Zhang Xiangchen បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងចំពោះ អ្វីដែលលោកបានហៅថា ជាកិច្ចខិតខំប្រឹងប្រែង «ដាក់ប្រទេសចិនឲ្យស្ថិតក្នុងសំណាញ់វិធានពាណិជ្ជកម្មដែលរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសចិន» ក្នុងនាមកំណែទម្រង់នោះ។
ប្រទេសកំពុងអភិវឌ្ឍន៍?
ប៉ុន្តែចំណុចមួយដែលមានការខ្វែងគំនិតគ្នាកាន់តែច្រើនទៅៗគឺ ឋានៈពិសេសរបស់ប្រទេសសេដ្ឋកិច្ចធំទី២នេះ ថាជា ប្រទេសកំពុងអភិវឌ្ឍន៍ ដែលអនុញ្ញាតឲ្យប្រទេសទាំងនេះអនុលោមតាមលក្ខខណ្ឌតិចតួចជាងប្រទេសអភិវឌ្ឍន៍ ពន្យារពេលអនុលោមតាមវិធានថ្មីៗ និងដាក់របាំងពន្ធគយបានខ្ពស់ជាងប្រទេសអភិវឌ្ឍន៍។
លោក Kennedy បាននិយាយថា ឋានៈនេះជាអ្វីមួយដែលដៃគូពាណិជ្ជកម្មរបស់ចិនជាច្រើនយល់ឃើញថា មិនសមស្របនឹងស្ថានភាពបច្ចុប្បន្ននេះទៀតទេ។
លោក Kennedy បាននិយាយថា៖
«ក្តីបារម្ភ ក្រោយពីការមិនយល់ស្របគ្នានៅក្នុងកិច្ចប្រជុំ APEC គឺជាការសន្ទនាឲ្យបានទូលំទូលាយជាងមុនស្តីពីតួនាទីរបស់ចិនក្នុងសេដ្ឋកិច្ចពិភពលោក ថាតើតួនាទីរបស់គេមានឥទ្ធិពលប៉ុនណា និងថាតើត្រូវចាត់ប្រទេសនេះជាប្រទេសកំពុងអភិវឌ្ឍន៍តទៅទៀតឬយ៉ាងណា និងអនុញ្ញាតឲ្យប្រទេសនេះទទួលបានអត្ថប្រយោជន៍ជាច្រើនប្រភេទតទៅទៀតឬយ៉ាងណា»។
លោក Kennedy បានកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីរបស់ប្រទេសចិន មិនមាននិយមន័យឲ្យត្រូវគ្រប់ជ្រុងជ្រោយ សម្រាប់ប្រទេសសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះទេ។ ទីក្រុងតាមបណ្តោយឆ្នេររបស់ប្រទេសចិនមានហេដ្ឋារចនាសម្ព័ន្ធល្អៗ ហើយប្រទេសនេះមានមហាសេដ្ឋីរាប់រយនាក់ ប៉ុន្តែក្នុងពេលជាមួយគ្នាដែរ មានផ្នែកខ្លះនៃប្រទេសនេះមានភាពក្រីក្រខ្លាំង បញ្ហាសុខមាលភាព និងបញ្ហាផ្សេងៗទៀតដែលប្រទេសកំពុងអភិវឌ្ឍន៍ ជួបប្រទះ។
លោក Kennedy បាននិយាយថា៖
«ការពិតគឺថា ប្រទេសចិនមិនអាចពណ៌នាបានដោយតែមួយពាក្យនោះទេ។ សំណួរគឺថា តើផ្នែកណាមួយក្នុងប្រទេសចិនពាក់ព័ន្ធខ្លាំងនឹងការចូលរួមរបស់ចិនក្នុងសេដ្ឋកិច្ចពិភពលោក។ ខ្ញុំគិតថា អ្វីដែលប្រទេសលោកខាងលិច និងប្រទេសជិតខាងរបស់ចិនកំពុងប្រកែកគ្នាគឺជាផ្នែកអភិវឌ្ឍន៍ខ្លាំងរបស់ចិន»។
ទោះជាយ៉ាងណា សម្រាប់ប្រទេសចិន ខ្លួនបានបញ្ជាក់ច្បាស់ថា ខ្លួននឹងមិនទទួលយកការផ្លាស់ប្តូរឋានៈអ្វីផ្សេង ក្រៅតែពីថា ខ្លួនជាប្រទេសកំពុងអភិវឌ្ឍន៍នោះឡើយ។
នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងកិច្ចប្រជុំ APEC លោកប្រធានាធិបតី ស៊ី ជីនពីងបានលើកឡើងពីសិទ្ធិ និងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ម្តងហើយម្តងទៀត ដោយបានបន្ថែមថា គោលការណ៍ការចាត់ទុក «ផ្សេងគ្នា និងពិសេស» សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មិនគួរត្រូវបានគេប្រឆាំងនោះទេ។
លោកប្រធានាធិបតី ស៊ី បាននិយាយថា៖
«បើមិនដច្នោះទេ មូលដ្ឋានគ្រឹះនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីនឹងត្រូវរង្គោះរង្គើ៕