ខណៈដែលការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយដោយរដ្ឋសភាសហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់ ដើម្បីចោទប្រកាន់ដកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីតំណែង អ្នកតវ៉ាដែលប្រឆាំងនឹងលោកបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង ញូវយ៉ក និងនៅតាមបណ្ដាទីក្រុងនានានៅក្នុងសហរដ្ឋអាមេរិក។
រដ្ឋសភាសហរដ្ឋអាមេរិកទំនងជានឹងឈានទៅដល់ការបោះឆ្នោតនៅថ្ងៃពុធនេះ សម្រេចចំពោះបទចោទចំនួនពីរករណី ដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីតំណែង។ ប្រសិនបើរដ្ឋសភាបោះឆ្នោតអនុម័តលើបទចោទទាំងពីរនេះ ការចោទប្រកាន់ដើម្បីទម្លាក់ប្រធានាធិបតីពីតំណែងនេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដែលអាចនឹងឈានដល់ការដកលោកប្រធានាធិបតីពីតំណែង។
នៅក្នុងទីក្រុង ញូវយ៉ក ទីក្រុង Los Angeles និងទីក្រុងដទៃទៀតក្នុងសហរដ្ឋអាមេរិក អ្នកតវ៉ាបាននិយាយថា ពួកគេចង់ឲ្យលោក ត្រាំ ចេញពីតំណែង។
លោក ត្រាំ គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទីបួនហើយដែលនឹងប្រឈមនឹងដំណើរការធម្មនុញ្ញនៃការចោទប្រកាន់ដើម្បីទម្លាក់ពីតំណែងនេះ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «វាគឺជាការបោកបញ្ឆោត។ ដំណើរការចោទប្រកាន់ដើម្បីទម្លាក់ប្រធានាធិបតីពីតំណែងនេះទាំងមូលគឺជាការបោកបញ្ឆោត។ យើងទន្ទឹងរង់ចាំមើលការបញ្ជូនការចោទប្រកាន់នេះទៅកាន់ព្រឹទ្ធសភា។ យើងគ្មានសិទ្ធិទទួលបានមេធាវីការពារក្ដី គ្មានសាក្សី គ្មានអ្វីទាំងអស់នៅក្នុងរដ្ឋសភា។ វាគឺជារឿងបោកប្រាស់ទាំងស្រុង»។
ប្រទេសជាតិអាមេរិកត្រូវបែកខ្ញែកមតិគ្នាដោយសារតែការចោទប្រកាន់ដកលោកប្រធានាធិបតីត្រាំ ពីតំណែង ប៉ុន្តែបាតុករម្នាក់នេះចង់ឃើញភស្តុតាង។
លោក Tim Harrod ដែលជាបាតុករម្នាក់បាននិយាយថា៖ «លោក ត្រាំ មានសិទ្ធិតាមនីតិវិធីច្បាប់ទាំងអស់ដែលលោកចង់បាន។ លោកគ្រាន់តែទៅបង្ហាញខ្លួនក្នុងសវនាការនិងផ្ដល់សក្ខីកម្មទៅ»។
បញ្ហាស្នូលគឺថា តើលោកប្រធានាធិបតី ត្រាំ បានគំរាមផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជាថ្នូរនឹងការណ៍ដែលឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេតទៅលើគូប្រជែងនយោបាយរបស់លោក គឺលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យដែរឬទេ? ជំនួយយោធានេះគឺជាថវិកាដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា៖ «ពួកគេយកការសន្ទនាតាមទូរស័ព្ទដ៏ត្រឹមត្រូវមួយរវាងខ្ញុំជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន ដែលការសន្ទនានោះគឺត្រឹមត្រូវទាំងស្រុង អ្នកទាំងអស់គ្នាបានដឹង ពួកគេក៏បានដឹង គ្មានអ្វីដែលនិយាយខុសឆ្គងនៅក្នុងការសន្ទនានោះទេ ប៉ុន្តែពួកគេប្រើប្រាស់វាដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិកចេញពីតំណែង។ វាគឺជារឿងដែលគួរឲ្យអាម៉ាស់ណាស់»។
ខណៈដែលរដ្ឋសភាដែលមានសមាជិកភាគច្រើនខាងគណបក្សប្រជាធិបតេយ្យគ្រោងនឹងបោះឆ្នោតនៅល្ងាចថ្ងៃពុធនេះ ទៅលើបទចោទទាំងពីរដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែង បាតុករទាំងនេះចង់បញ្ចេញមតិរបស់ខ្លួនជាសាធារណៈ។
លោកស្រី Kai Adwoa-Thomas ដែលជាបាតុករម្នាក់ទៀតបានលើកឡើងថា៖ «សង្ឃឹមថា មានអ្នកគាំទ្រច្រើនលើការចោទប្រកាន់នេះ»។
ពលរដ្ឋអាមេរិកាំងជាង៤០%យល់ស្របតាមលោកប្រធានាធិបតី ត្រាំ ដែលថា សវនាការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ត្រាំ ពីតំណែង មានចេតនានយោបាយ។ ព្រឹទ្ធសភាសហរដ្ឋអាមេរិកមិនទំនងជាចោទប្រកាន់លោកប្រធានាធិបតី ត្រាំ នោះទេ ដោយសារតែសមាជិកព្រឹទ្ធសភាភាគច្រើនមកពីខាងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា