គណៈកម្មាធិការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីស្នើនូវនីតិវិធីដែលរដ្ឋសភាពេញអង្គនឹងអនុវត្តតាម នៅពេលដែលពិចារណាអំពីបទចោទនៃការចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ជំហាននីតិវិធីនេះនឹងបើកផ្លូវឲ្យមាននូវអ្វីដែលគេរំពឹងជាទូទៅថាជាការបោះឆ្នោតមួយដែលស្ទើរតែស្របតាមគោលការណ៍របស់គណបក្សនីមួយៗនៅថ្ងៃពុធស្អែក ដោយគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាបានសម្រេចចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង ទោះបីជាមានការជំទាស់ពីសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump ក៏ដោយ។
ស្របពេលដែលដំណើរការនេះឈានជិតទៅដល់ការបោះឆ្នោតរបស់រដ្ឋសភាពេញអង្គ លោក Trump បានប្រកែកតវ៉ាកាលពីថ្ងៃចន្ទម្សិលមិញជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យណាដែលបានចោទប្រកាន់លោកពី «បទឧក្រិដ្ឋសហព័ន្ធមួយចំនួន» នៅក្នុងការរំលោភអំណាចជាប្រធានាធិបតី។
លោក Trump បានអះអាងនៅលើ Twitter ថា៖ «ល្បែងឆ្ពិនភ្នែកនៃការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះគឺជាកិច្ចការបោកប្រាស់ទាំងស្រុងនៅក្នុងប្រវត្តិនយោបាយសហរដ្ឋអាមេរិក! ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឌិត និងគណបក្សប្រជាធិបតេយ្យ ដែលជាដៃគូរបស់ពួកគេ ប្រឹងប្រែងធ្វើការដើម្បីធ្វើឲ្យជីវិតគណបក្សសាធារណរដ្ឋដែលរួបរួមគ្នាជាធ្លុងមួយនេះ កាន់តែលំបាក»។
លោក Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ បានក្លាយជាប្រធានាធិបតីទី ៣ ដែលត្រូវបានចោទប្រកាន់ទម្លាក់ពីតំណែងនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិករយៈពេល ២៤៣ ឆ្នាំកន្លងមកនេះ ទោះបីជាការផ្ដន្ទាទោសដកលោកចេញពីតំណែង ដែលធ្វើឡើងដោយព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនៅខែក្រោយនៅតែមិនទំនងជាអាចនឹងកើតឡើងក៏ដោយ៕