អង្គការអន្តរជាតិមួយ ដែលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ប្រទេសកម្ពុជាគួរតែទទួលបានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការផ្លាស់ប្តូរដ៏ធំក្នុងវិធីសាស្ត្រប្រឆាំងនឹងការជួញដូរផ្លូវភេទនៅក្នុងប្រទេសនេះ។
កម្ពុជានៅតែត្រូវបានចាត់ចូលនៅក្នុងបញ្ជីប្រទេសដែលក្រសួងការបរទេសសហរដ្ឋ អាមេរិក និយាយថា មិនទាន់បានធ្វើការប្រឹងប្រែងឲ្យបានគ្រប់គ្រាន់នៅឡើយទេ ក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស។
ក៏ប៉ុន្តែ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ហៅកាត់ថា IJM បានឲ្យដឹងថា ចំណាត់ថ្នាក់នេះមិនផ្តល់ការទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងខ្លះ ដែលប៉ូលិសកម្ពុជាបានខិតខំបង្ក្រាបការជួញដូរផ្លូវភេទក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះទេ។
លោក Blair Burns នាយករងប្រតិបត្តិការតាមតំបន់របស់បេសកកម្មយុត្តិធម៌អន្តរជាតិ បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ចំណាត់ថ្នាក់នេះគឺជារឿងគួរឲ្យខកចិត្ត»។
បេសកកម្មយុត្តិធម៌អន្តរជាតិបានរកឃើញថា ចំនួនកុមារកម្ពុជា ដែលត្រូវបានជួញដូរផ្លូវភេទនៅតាមផ្ទះបននៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង។
លោកស្រី Holly Burkhalter នាយិការងផ្នែកតស៊ូមតិរបស់បេសកកម្មយុត្តិធម៌អន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក៏អាចលើកទឹកចិត្តប្រទេសជាច្រើនទៀតនៅក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ។
លោកស្រីនិយាយថា៖ «កម្ពុជាទទួលបានជោគជ័យក្នុងរឿងប្រយុទ្ធប្រឆាំងបញ្ហានេះ ហើយខ្ញុំយល់ថា ជោគជ័យនេះមិនត្រឹមតែអាចលើកទឹកចិត្តអ្នកដឹកនាំនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងអាចលើកទឹកចិត្តដល់បណ្តាប្រទេសដែលស្វែករកគម្រូដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សផងដែរ»។
នៅក្នុងរបាយការណ៍ស្តីអំពីការជួញដូរមនុស្សឆ្នាំ២០១៥ ដែលផ្តោតលើការជួញដូរមនុស្សដើម្បីកម្លាំងពលកម្ម និងជួញដូរផ្លូវភេទនោះ មន្ត្រីអាមេរិកបានលើកឡើងថា កម្ពុជា«មិនបានបំពេញឲ្យបានពេញលេញទៅតាមបទដ្ឋានអប្បរមាសម្រាប់ការលុបបំបាត់ការជួញដូរមនុស្សទេ» ហើយថា «កម្ពុជាមិនបានបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងឲ្យច្រើនជាងមុនទេ ក្នុងការប្រឆាំងការជួញដូរមនុស្ស បើធៀបនឹងរបាយការណ៍ពីឆ្នាំមុន»។
របាយការណ៍នេះឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ក្នុងការការពារបុរសកម្ពុជា ដែលត្រូវបានជួញដូរកម្លាំងពលកម្មនៅក្រៅប្រទេសទេ ស្របពេលដែលការកាត់ទោសជនល្មើសប្រព្រឹត្តអំពើជួញដូរមនុស្ស កើតឡើងតិចតួចនៅឡើយ។
លោកស្រី Burkhalter នៃបេសកកម្មយុត្តិធម៌អន្តរជាតិ យល់ថា ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាអាចនឹងយកគម្រូនៃវិធីសាស្ត្រប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទ ដែលទទួលបានជោគជ័យនោះ ទៅអនុវត្តសម្រាប់ទប់ស្កាត់ការជួញដូរកម្លាំងពលកម្មរបស់ប្រជាជនកម្ពុជា។
លោកស្រី Christa Sharpe នាយិកានៃបេសកកម្មយុត្តិធម៌អន្តរជាតិប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរថា កម្ពុជាគឺជាគម្រូដ៏ល្អមួយក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស។ លោកស្រីបាននិយាយថា៖ «កម្ពុជាមានគម្រូដ៏ល្អសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បើទោះបីជាកម្ពុជាមានបញ្ហាខាងនយោបាយ និងសង្គមក្តី»។
លោកស្រីបានបន្ថែមទៀតថា ការវិវត្តរបស់កម្ពុជាតាមទិសដៅវិជ្ជមានគួរតែមានការទទួលស្គាល់ បើទោះបីជាកម្ពុជានៅតែមានបញ្ហាខាងកេរ្តិ៍ឈ្មោះក្តី។ លោកស្រី Christa Sharpe ថ្លែងថា «កេរ្តិ៍ឈ្មោះមិនល្អរបស់កម្ពុជាកាលពីអតីតកាលបានចាក់ឫសជ្រៅ ដែលធ្វើឲ្យមនុស្សទូទៅពិបាកផ្លាស់ប្តូរផ្នត់គំនិតរបស់គេ ហើយទទួលស្គាល់ការវិវត្តជាវិជ្ជមានរបស់កម្ពុជា»៕