ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Angus Deaton ឈ្នះ​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច


លោក Angus Deaton ថ្លែង​នៅ​ការ​ជួបជុំ​នៅ​សាកលវិទ្យាល័យ Princeton University បន្ទាប់​ពី​លោក​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច។
លោក Angus Deaton ថ្លែង​នៅ​ការ​ជួបជុំ​នៅ​សាកលវិទ្យាល័យ Princeton University បន្ទាប់​ពី​លោក​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច។

សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ Princeton University លោក Angus Deaton បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ២០១៥ សម្រាប់​ការ​វិភាគ​លើ​ការ​ប្រើប្រាស់ ភាពក្រីក្រ និង​សុខុមាលភាព។

សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ Princeton University លោក Angus Deaton បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ២០១៥ សម្រាប់​ការ​វិភាគ​លើ​ការ​ប្រើប្រាស់ ភាពក្រីក្រ និង​សុខុមាលភាព។

វិទ្យាស្ថាន​វិទ្យាសាស្រ្ត​រាជ​បណ្ឌិត​សភា​ស៊ុយអែត​បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​លោក Deaton ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ជម្រើស​លម្អិត​របស់​បុគ្គល​ម្នាក់ៗ​ និង​សមិទ្ធផល​សរុប បាន​ជួយ​ផ្លាស់ប្ដូរ​វិស័យ​មីក្រូ​សេដ្ឋកិច្ច ម៉ាក្រូ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

គណៈកម្មការ​ណូបែល​និយាយ​ថា​ ការងារ​របស់​លោក Deaton ពាក់ព័ន្ធ​នឹង​សំណួរ​ចំនួន​បី​គឺ តើ​អ្នក​ប្រើប្រាស់​បែងចែក​ការ​ចំណាយ​លើ​ទំនិញ​ផ្សេងៗ​គ្នា​យ៉ាង​ដូចម្ដេច? តើ​ចំណូល​របស់​សង្គម​ត្រូវចំណាយ​អស់ប៉ុន្មាន និងសល់​បាន​ប៉ុន្មាន? និង​តើ​យើង​អាច​វាស់វែង និង​វិភាគ​សុខុមាលភាព និង​ភាព​ក្រីក្រ​យ៉ាង​ដូចម្តេច?

គណៈកម្មការ​ណូបែល បាន​បន្ត​ថា ការ​ស្រាវជ្រាវ​របស់​លោក Deaton បាន​បង្ហាញ​ថា​ «ការ​ប្រើប្រាស់​ទិន្នន័យ​តាម​ផ្ទះ​ដោយ​ឆ្លាតវៃ​អាច​ពន្យល់​ពី​បញ្ហា​ផ្សេងៗ​ ដូចជា​ទំនាក់ទំនង​រវាង​ចំណូល​ និង​ថាមពល​កាឡូរី​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​អាហារ​ និង​អាច​ពន្យល់​ពី​បញ្ហារើសអើង​យេនឌ័រ​ក្នុង​គ្រួសារ»។

គណៈកម្មការ​ណូបែល​បន្ថែម​ថា «លោក Deaton ផ្តោត​លើ​ការ​ស្ទង់​មតិ​ទៅ​លើគ្រួសារ​ ដែល​បាន​ជួយ​ផ្លាស់ប្ដូរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​ការ​ប្ដូរ​ពី​ការ​ប្រើប្រាស់​ទ្រឹស្តី​ដោយ​ផ្អែក​លើ​ទិន្នន័យ​សរុប​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង​ដោយ​ផ្អែក​លើ​ទិន្នន័យ​លម្អិតរបស់​បុគ្គល​ម្នាក់ៗ​វិញ»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​ការ​ប្រកាស​ជ័យលាភី​នោះ លោក Deaton បាន​និយាយ​ថា លោក​មាន​ការ​សប្បាយ​រីករាយ​ណាស់ ដែល​កិច្ចការ​របស់​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់។ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​ជឿ​ថា​ ភាព​ក្រីក្រ​នឹង​ថយចុះ។ លោក Deaton ថ្លែង​ថា៖

«លោក​គិត​ថា ភាព​ក្រីក្រ​បាន​ថយចុះយ៉ាង​ខ្លាំង​ ក្នុង​រយៈពេល​២០​ទៅ​៣០ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​សង្ឃឹម​ថា​ វា​នឹង​បន្ត​ធ្លាក់​ចុះ​ត​ទៅ​ទៀត»។

លោក Deaton ដែល​មាន​សញ្ជាតិ​អង់គ្លេស​ និង​អាមេរិក ហើយ​បាន​កើត​ក្នុង​ប្រទេស​ អេកូស ជា​សាស្រ្តាចារ្យ​បង្រៀន​ជំនាញ​សេដ្ឋកិច្ច​ និង​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Princeton University ក្នុង​រដ្ឋ New Jersey តាំង​ពី​ឆ្នាំ​១៩៨៣​មក​ម្ល៉េះ។ ពាន​រង្វាន់​នោះ​ក៏​រួម​មាន​ទាំង​ទឹក​ប្រាក់​ចំនួន ៩៧៨.០០០ ដុល្លារ​អាមេរិក​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG