ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ ​និង​មន្ត្រី​បក្ស​ជំទាស់​សង្ស័យ​មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​របស់​បក្ស​កាន់​អំណាច


រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរ​​ព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរ​​ព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ លើក​ឡើង​ថា ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស ខេង​ ដែល​បង្ហាញ​គោល​ជំហរ​គាំទ្រ​ឥត​ងាករេ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​ គ្រាន់​តែ​ជា​សារ​ការពារ​ខ្លួន​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច​ជាង​បួន​ទសវត្សរ៍​កំពុង​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​គឺ​លោក​ហ៊ុន សែន​ ដែល​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ក្រោយ​កូន​ប្រុស​ច្បង​របស់​គាត់​គឺ​លោក​ហ៊ុន ម៉ាណែត​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ ​កូន​ប្រុស​ និង​សាច់​ញាតិ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ទៀត​ក៏​កំពុង​កាន់​តំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ និង​កងទ័ព។​

ដំណាល​ពេល​ដែល​ក្រុម​គ្រួសារ​អតីត​នាយក​រដ្ឋមន្ត្រី​ត្រូវ​អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា​ កាន់​តែ​មាន​ឥទ្ធិពល​ ជា​រឿយៗ​មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ ដោយ​លើក​ឡើង​ពី​ការ​គាំទ្រ​លោក​ស ខេង​ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា ​តួយ៉ាង​ដូចជា​ការ​អត្ថាធិប្បាយ​លើ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ BongBunna Chaiheng ​ដែល​ត្រូវ​បាន​ដកស្រង់​ក្នុង​សេចក្កី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​លោក​ស ខេង​ចុះ​ថ្ងៃ​ទី​២០​ខែ​សីហា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ ​ គណនី​ហ្វេសប៊ុក​ឈ្មោះ ​BongBunna Chaiheng​បាន​សរសេរ​ថា៖​ «សម្តេច​សខេង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ចាស់​ចុះ​ចេញ​ពី​តំណែង​ ពលរដ្ឋ​សាទរ​នឹង​ចង់​ឃើញ​ខ្មែរ​រួបរួម​គ្នា​តែ​មួយ»។

ខុទ្ទកាល័យ​លោក​ស ខេង​ បាន​ក៏​បាន​បដិសេធ​ការ​លើក​ឡើង​ខាង​លើ​នោះ​ ហើយ​ថា​ លោក​ស ខេង​គ្មាន​មហិច្ឆតា​ណា​បន្តិច​បន្តួច​សោះ​ក្លាយ​ជា​ នាយក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​ ខណៈ​លោក​មាន​ជន្មាយុ​ច្រើន​ណាស់​ទៅ​ហើយ​ និង​ចង់​ទុក​ពេល​វេលា​សម្រាក។​

នេះ​ជា​ការ​បញ្ជាក់​ជា​ថ្មី​ទៀត​របស់​លោក​ស​ ខេង​ ដែល​ថា ​លោក​មិន​សម្លឹង​ចង់​បាន​តំណែង​នាយក​រដ្ឋមន្ត្រី​ទេ ព្រោះ​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​ អនុ​ប្រធាន​បក្សកាន់​អំណាច​រូប​នេះ​ក៏​បាន​គូស​បញ្ជាក់​រួច​មក​ហើយ​ថា​ លោក​នៅ​តែ​បន្ត​ចូលរួម​ និង​គាំទ្រ​ឥត​ងាករេ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន​ និង​បន្ត​ជួយ​គាំទ្រ​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋ​សភា ​ដែល​មាន​លោក​ហ៊ុន ម៉ាណែត​ជា​នាយក​រដ្ឋ​មន្រ្តី។​

ចំណែក​កូន​ប្រុស​របស់​លោក ​គឺ​លោក ​ស សុខា​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​ហូរហែ​បញ្ជាក់​ថា គ្មាន​ការ​បែក​បាក់​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ​ ហើយ​លោក​ក៏​មិន​មែន​ជា​មនុស្ស​ប្រជែង​មុខ​តំណែង​ ដូច​ពាក្យ​អុចអាល​ញុះញង់​នោះ​ដែរ។​

ទោះ​យ៉ាង​ណា ​ អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​លើក​ឡើង​ថា​ នេះ​គ្រាន់​តែ​ជា​សារ​ការពារ​ខ្លួន​របស់​ក្រុម​គ្រួសារ​លោក​ស ខេង​តែ​ប៉ុណ្ណោះ។ ​

លោក​ អ៊ូ ច័ន្ទរ័ត្ន ​ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​ យល់​ថា​ ជុំវិញ​ករណី​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ថ្លែង​ថា៖​«យើង​អាច​មើល​ឃើញ​ថា​ វា​មាន​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ដែរ ​ក្រែង​លោ! ​ជា​ការ​គិត​របស់​ខ្ញុំ​ទេ ​មិន​ដឹង​ថា​ អ្នក​ប្រឆាំង​ឬ​ក៏​អ្នក​ជ្រុល​និយម​ ឬ​ក៏​អ្នក​ដែល​នៅ​ក្នុង​បក្ស​ផ្ទាល់​ក៏​មិន​ដឹង​ ជា​អ្នក​លើក​ឡើង​ពី​បញ្ហា​អស់​ហ្នឹង។​ យើង​ដឹង​ហើយ​ការ​រុះរើស​ថ្នាក់​ដឹក​នាំ​ចាស់ៗ​ពី​មុន​ ហើយ​ដាក់​មនុស្ស​ថ្មី​ចូល​ក្តី​ អី​ក្តី​អាច​នឹង​មិន​ស៊ី​សង្វាក់​គ្នា​ភ្លាមៗ ​ហើយ​អាច​នឹង​មាន​បញ្ហា​ផ្ទៃ​ក្នុង​អី​ជា​ដើម»។​

ចំណែក​អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ លោក​ មាស នី​ យល់​ថា ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខុទ្ទកាល័យ​របស់​លោក​ ស ខេង​គ្រាន់​តែ​ជា​សារ​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ភាគី​ក្នុង​គណបក្ស។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖​«ខ្ញុំ​គិត​ថា​ ការ​ថ្លែង​សេចក្តី​ថ្លែង​ការណ៍​បដិសេធ​ចេញ​ពី​ខុទ្ទកាល័យ​សម្តេច​ក្រឡា​ហោម​ហ្នឹង ​ខ្ញុំ​មើល​ទៅ​វា​ជា​សារ​ដើម្បី​ការពារ​ខ្លួន​សម្តេច​ចៀសវាង​ពី​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​បែក​បាក់​គ្នា​ ដែល​ជា​ការ​រំពឹង​របស់​ក្រុម​ខ្លះ​ឬ​ក៏​បុគ្គល​ខ្លះ​ដែល​មិន​ពេញ​ចិត្ត​នឹង​គណបក្ស​កាន់​អំណាច។ ​ អ៊ីចឹង​បើ​ជា​ សម្តេច​ក្រឡាហោម​មិន​ចេញ​សេចក្តី​ប្រកាស​បែប​ហ្នឹង​ទេ​ ជួន​កាល​វា​នឹង​អាច​ធ្វើ​ឱ្យ​មាន​ការ​រង្គាស​ចិត្ត​ដល់​គូ​ភាគី​សំខាន់ៗ​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ផង​ដែរ​បាទ»។​

លោក ​រ៉ុង ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោក​មិន​អាច​វាយ​តម្លៃ​ពី​ស្ថាន​ភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​បាន​ទេ​ និង​ថា​ បេក្ខភាព​នាយក​រដ្ឋមន្រ្តី​ក៏​ហួស​ពេល​ក្នុង​ការ​លើក​ឡើង​ដែរ។ ​ប៉ុន្តែ​លោក​ថា​ ការ​ប្រកាស​បដិសេធ​របស់​លោក​ស​ ខេង​ គឺ​ជា​ការ​បង្ហាញ​ជំហរ​របស់​លោក​តែ​ប៉ុណ្ណោះ​ ហើយ​ចំពោះ​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​នោះ​ក៏​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែរ។​

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​ថា​ មាន​ពលរដ្ឋ​ ក៏​ដូច​ជា​យុវជន​បញ្ញវន្ត​មួយ​ចំនួន​ប្រហែល​ជា​គាត់​ពេញ​ចិត្ត​ទៅ​នឹង​លោក ​ស ខេង។ ​គាត់​ឃើញ​ថា​ ​អាកប្បកិរិយា​ឥរិយាបទ​លោក​ ស ខេង​ មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ។​ អាហ្នឹង​ គាត់​សម្តែង​មតិ​សម្តែង​អារម្មណ៍​គាំទ្រ​ទៅ​នឹង​លោក​ ស ខេង។​ វា​ជា​រឿង​សេរីភាព​របស់​ពួក​គាត់»។​

ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ប្រកាស​របស់​ លោក ​ស ខេង ​គ្រាន់​តែ​ជា​ការ​បក​ស្រាយ​បំភ្លឺ​ជុំ​វិញ​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ ដែល​តែងតែ​មាន​ចេតនា​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ ​និង​ថា ​គណបក្ស​ក៏​មិន​មាន​ការ​បែក​បាក់​ឬ​មាន​បញ្ហា​ផ្ទៃ​ក្នុង​ឡើយ។​

លោក​ថ្លែង​ថា៖​ «ការ​បក​ស្រាយ​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​សម្តេច​ក្រឡា​ហោម​នេះ​ គឺ​ជា​ការ​បក​ស្រាយ​បំភ្លឺ​ការណ៍​ពិត​ដែល​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​អត់​មាន​ការ​ប្រេះស្រាំ​ឬ​មួយ​ក៏​បែក​បាក់​ដូច​ដែល​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ចង់​បាន​នោះ​ទេ​បាទ»។​

គួរ​បញ្ជាក់​ថា ​ទាំង​ប្រជា​ពលរដ្ឋ​ទូទៅ​ និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ ពោល​គឺ​មិន​ថា​ គណបក្ស​ប្រឆាំង ​គណ​បក្ស​កាន់​អំណាច​ទេ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​គាំទ្រ​និង​ពេញ​ចិត្ត​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ លោក​ស ខេង​ក្នុង​វេទិកា​ជួប​ជុំ​ប្រជា​ពលរដ្ឋ​ និង​ រដ្ឋមន្ត្រី​ មន្ត្រី ​រដ្ឋាភិបាល​ ដោយ​លោក​តែង​តែ​លើក​ឡើង​ពី​របៀប​នៃ​ការ​ដឹកនាំ​របស់​លោក​ទៅ​ធៀប​នឹង​របៀប​ដឹកនាំ​របស់​មន្ត្រី​ផ្សេង​ទៀត​ និង​តែង​តែ​ប្រកាស​ថា​ គ្រួសារ​របស់​លោក​ពុំ​មាន​មហិច្ឆតា​ចង់​បាន​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ឡើយ ​ហើយ​តែងតែ​គោរព​ទៅ​តាម​គោល​ជំហរ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ជា​និច្ច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG