ចិនបានដាក់ពាក្យប្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមយកពន្ធគយចំនួន១៥ភាគរយលើទំនិញចិនដែលមានតម្លៃ៣រយពាន់លានដុល្លារនាំចូលក្នុងសហរដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានយកពន្ធគយថ្មីពី៥ទៅ១០ភាគរយលើទំនិញសហរដ្ឋអាមេរិកដែលមានតម្លៃ៧៥ពាន់លានដុល្លារនាំចូលក្នុងប្រទេសចិន រួមមានប្រេងឆៅ ហើយនេះជាសង្គ្រាមពាណិជ្ជកម្មកាន់តែធំឡើងរវាងប្រទេសទាំង២។
ខណៈ គោរពកិច្ចព្រមព្រៀងពហុភាគី អ្នកវិភាគខ្លះទៀត និយាយថា ចំណាត់ការបែបនេះ នឹងលាតត្រដាងពីអសមត្ថភាពរបស់អង្គការពាណិជ្ជកម្មពិភពលោកដែលមានទីតាំងក្នុងក្រុងហ្សឺណែវមិនអាចដោះស្រាយជម្លោះរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក ហើយនឹងធ្វើឲ្យអន្តរាយដល់កិត្យានុភាពរបស់អង្គការពាណិជ្ជកម្មនោះ។
កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មចិន ប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការយកពន្ធគយនៅពេលថ្មីៗបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរំលោភយ៉ាងខ្លាំងលើការមូលមតិដែលបានធ្វើឡើងរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនិងប្រធានាធិបតីចិនស៊ី ជីនពីងក្នុងអំឡុងនៃសន្និសីទកំពូលG-20 នៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុន។
កាលពីចុងខែមិថុនា មេដឹកនាំប្រទេសទាំង២ បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាពាណិជ្ជកម្មឡើងវិញហើយនឹងបញ្ឈប់ការយកពន្ធគយថ្មី។
សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ពាក្យប្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួននិងដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងច្បាប់ទម្លាប់ ពាណិជ្ជកម្មអន្តរជាតិ។
នោះ គឺជាបណ្តឹងលើកទី៣ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្តឹងនៅឯអង្គការពាណិជ្ជកម្មពិភពលោក(WTO)ប្រឆាំងការយកពន្ធគយដោយសហរដ្ឋអាមេរិកលើទំនិញនាំចេញរបស់ប្រទេសចិន។
ចិន បានប្តឹងជាលើកដំបូងទៅកាន់អង្គការពាណិជ្ជកម្មអន្តរជាតិនេះបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានយកពន្ធគយចំនួន២៥ភាគរយលើទំនិញរបស់ចិនដែលមានតម្លៃ ៥០ពាន់លានដុល្លារកាលពីខែកក្កដាឆ្នាំទៅនិងម្តងទៀតកាលពីខែកញ្ញាឆ្នាំទៅ បន្ទាប់ពីសហរដ្ឋអាមេរិក បានយកពន្ធគយចំនួន១០ភាគរយលើទំនិញនាំចេញរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារ។
ពួកអ្នកវិភាគ និយាយថា រហូតមកទល់ពេលនេះ អង្គការពាណិជ្ជកម្មពិភពលោកមិនទាន់បានសម្រេចអំពីពាក្យបណ្តឹង២កាលពីពេលមុនរបស់ចិននៅឡើយទេ ហើយប្រហែលមិនអាចសម្រេចពាក្យបណ្តឹងលើកទី៣នៅឆ្នាំក្រោយឬ២ឆ្នាំទៀតនោះទេគឺ មានតែយូរជាងនេះ។
លោក Roy Leeអនុប្រធានមជ្ឈមណ្ឌលWTO & RTA នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Chung Hua បាននិយាយថា «ទោះបីជាគណៈកម្មការយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក សម្រេចចាត់វិធានការទៅតាមការស្នើសុំរបស់ចិនក៏ដោយ ការសម្រេចនោះ នឹងក្លាយជាការវិនិច្ឆ័យគ្មានបានការ ដែលគ្មានប្រទេសណា ហាក់ដូចជាគោរពការដោះស្រាយការរង្កៀសចិត្តខាងពាណិជ្ជកម្មរបស់ខ្លួនទេ»។
លោក Leeបាននិយាយទៀតថា «សកម្មភាពទាំងនោះរបស់ពួកគេ ត្រូវប្រើជាអាវុធខុសៗគ្នាសម្រាប់ពួកគេវាយប្រហារគ្នាទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ ក៏ប៉ុន្តែខ្ញុំគិតថា ចំណាត់ការរឿងក្តីរបស់ចិន តាមរយៈអង្គការពាណិជ្ជកម្មពិភពលោកនឹងមានផលប៉ះពាល់អវិជ្ជមានដល់អង្គការពាណិជ្ជកម្មនោះ»។
លោកLeeបាននិយាយបន្ថែមទៀតថា៖ «ការណ៍នេះ នឹងធ្វើឲ្យអន្តរាយដល់កិត្យានុភាពនិងធ្វើឲ្យខូចប្រយោជន៍ដល់អង្គការពាណិជ្ជកម្មពិភពលោក។ ខ្ញុំគិតថា ការណ៍នេះនឹងបង្ហាញថា អង្គការពាណិជ្ជកម្មពិភពលោក មិនអាចដោះស្រាយជម្លោះពាណិជ្ជកម្មបាន ហើយជាការកាត់សេចក្តីមិនបានការ»។
លោកប្រធានាធិបតីត្រាំ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា បើសហរដ្ឋអាមេរិក ចាញ់រឿងក្តីនេះ សហរដ្ឋអាមេរិក នឹងមិនធ្វើទៅតាមការវិនិច្ឆ័យរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទេ។ កាលពីពេលមុន លោកប្រធានាធិបតីត្រាំ បានគំរាមកំហែងដកសហរដ្ឋអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកទៀតផង។
សហរដ្ឋអាមេរិក ជជែកឲ្យហេតុផលថា ខ្លួនកំពុងដាក់ទណ្ឌកម្មចិនចំពោះការលួចកម្មសិទ្ធបញ្ញា ដែលមិនមានចែងដោយច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
អត្ថបទការពារខ្លួនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រាប់ឲ្យដឹងថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាថា មិនពឹងពាក់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីដោះស្រាយបញ្ហារបស់ខ្លួន។
អត្ថបទនោះ ប្រាប់ឲ្យដឹងថា «ចិន បានសម្រេចដោយឯកតោភាគីដើម្បីអនុវត្តវិធានការគោលនយោបាយឧស្សាហកម្មយ៉ាងគឃ្លើនដើម្បីលួចឬគាបសង្កត់យកបច្ចេកវិទ្យាមិនត្រឹមត្រូវពីដៃគូពាណិជ្ចកម្មរបស់ខ្លួន។ សហរដ្ឋអាមេរិក បានអនុវត្តវិធានការយកពន្ធ គយដើម្បីព្យាយាមលុបចោលគោលនយោបាយការផ្ទេរបច្ចេកវិទ្យាមិនត្រឹមត្រូវនិងមិនថ្លៃថ្នូររបស់ចិន»។
ភាពមិនប្រាកដប្រជា លេចចេញឡើងថា តើអង្គការពាណិជ្ជកម្មពិភពលោក នឹងសម្រេចលើរឿងក្តី៣របស់ចិនប្រឆាំងនឹងសហរដ្ឋអាមេរិកយ៉ាងដូចម្តេច។
ក៏ប៉ុន្តែ លោក Leeនិយាយទៀតថា ចិនមានប្រៀបបន្តិចនៅពេលដែលអង្គការពាណិជ្ជកម្មពិភពលោកនេះ អាចទទូចថា ការតំឡើងពន្ធគយលើសពីកម្រិតអតិបរមាមានការអនុញ្ញាតត្រូវតែបង្ហាញហេតុផលនៅឯអង្គការពាណិជ្ជកម្ម។
ទោះយ៉ាងណាក៏ដោយ លោកបានយល់ស្របថា សហរដ្ឋអាមេរិក មានហេតុផលនៅពេលសហរដ្ឋអាមេរិក និយាយថាអង្គការពាណិជ្ជកម្មពិភពលោកដែលមិនបានយក ចិត្តទុកដាក់ជាយូរយាណាស់មកហើយអំពីគោលនយោបាយពាណិជ្ជកម្មមិនត្រឹមត្រូវរបស់ចិន ហើយនឹងការខកខានរបស់ចិនមិនបានគោរពការតាំងចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោកនោះ ចាំបាច់ឲ្យធ្វើកំណែទម្រង់ ទើបអង្គការពាណិជ្ជកម្មនោះ អាចធ្វើការសម្រេចបានត្រឹមត្រូវ។
ពួកអ្នកវិភាគ និយាយថា ចំណាត់ការរបស់ចិន ភាគច្រើនជានិមិត្តរូបដើម្បីលើកមុខមាត់នៅពេលមានការកាត់សេចក្តីណាមួយរបស់អង្គការពាណិជ្ជកម្មពិភពលោក។ បើទោះបីជាមានការកាត់ក្តីនោះ ក៏មិនអាចជួយដោះស្រាយសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកបានទេ។
លោក Liao Qunប្រធានសេដ្ឋវិទូនៅឯធនាគារ China CITIC Bank International Ltd. បានយល់ស្រប ដោយបាននិយាយថា ប្រទេសទាំង២ ត្រូវតែដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការបន្តការចរចាពាណិជ្ជកម្មទ្វេភាគី។
លោក Liao បាននិយាយទៀតថា ក៏ប៉ុន្តែចំណាត់ការរបស់ចិននៅអង្គការពាណិជ្ជកម្មពិភពលោកបញ្ជូនសារយ៉ាងច្បាស់ថា ចិននឹងមិនងាយដកខ្លួនចេញពីការប្រយុទ្ធខាងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយក៏មិនគាំទ្រកិច្ចព្រមព្រៀងឯកតោភាគីនោះដែរ។
សេដ្ឋវិទូ និយាយថា៖ «ចិននៅតែសង្ឃឹមថានឹងគោរពអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាអង្គ ការពាណិជ្ជកម្មពហុភាគីដែលប្រឆាំងទៅចំណាត់ការជាឯកតោភាគីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឬប្រឆាំងផែនការទម្លាក់ចោលសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
ការណ៍នេះ បង្ហាញថា ចិនប្រកាន់ជំហយ៉ាងរឹងមាំគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក (WTO)»។ លោក Liao បាននិយាយទៀតថា លោកនៅតែមានសុទិដ្ឋិនិយមថាប្រទេសទាំង២ នឹងព្យាយាមធ្វើកិច្ចព្រមព្រៀងបណ្តោះអាសន្ននៅពេលណាមួយនៅចុងឆ្នាំនេះឬនៅដើមឆ្នាំក្រោយមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោកនិយាយទៀតថាទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំ នឹងពិចារណាអំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយនឹងការជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតរបស់លោកក្នុងការសម្រេចថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន មានប្រយោជន៍ឬអត់៕
ប្រែសម្រួលដោយជឹង ប៉ូជីន