លោកប្រធានាធិបតីត្រូវគេរំពឹងថា នឹងថ្លែងអំពីចក្ខុវិស័យរបស់លោកអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រកបដោយសេរី និងបើកចំហ។ ក៏ប៉ុន្តែ ដោយសារវោហារសាស្ត្ររបស់លោកអំពីពាណិជ្ជកម្មកាលពីពេលមុនៗ អ្នកវិភាគបាននិយាយថា មេដឹកនាំប្រទេសអាស៊ីទាំងអស់នឹងចាំស្តាប់ពីសញ្ញាថា តើលោកប្រធានាធិបតីយល់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់តំបន់អាស៊ីទៅលើប្រទេសអាមេរិកដែរឬទេ។
ទីក្រុងដាណាង ប្រទេសវៀតណាមកាលពីមុនជាតំបន់សង្គ្រាម ក៏ប៉ុន្តែសម្រាប់សប្តាហ៍នេះ ទីក្រុងនេះក្លាយទៅជាកន្លែងជំនួបប្រជុំសម្រាប់សមាជិកចំនួន២១ប្រទេសរបស់ APEC។ បើរួមបញ្ចូលគ្នា ប្រទេសទាំងអស់នេះគឺស្មើនឹងប្រមាណពាក់កណ្តាលនៃចំនួនប្រជាជន និងពាណិជ្ជកម្មរបស់ពិភពលោក។
លោក Matt Goodman ទីប្រឹក្សាជាន់ខ្ពស់របស់ CSIS សម្រាប់សេដ្ឋកិច្ចអាស៊ី និងជាអ្នកទទួលបន្ទុកបញ្ហា APEC សម្រាប់លោកអតីតប្រធានាធិបតី Barack Obama បានថ្លែងថា៖
«វាជាផ្នែកមួយសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក។ អនាគតសេដ្ឋកិច្ចរបស់យើងជាច្រើននឹងត្រូវកំណត់ ហើយពិតប្រាកដណាស់ យើងមានបញ្ហាសន្តិសុខច្រើននៅទីនោះ។ យើងមានកងទ័ព៩ម៉ឺននាក់នៅក្នុងតំបន់ដើម្បីប្រឈមនឹងកូរ៉េខាងជើង ហើយនៅទីនោះក៏មានជម្លោះនៅតំបន់សមុទ្រផងដែរ។ ដូច្នេះ មានរឿងច្រើនណាស់ដែលត្រូវដោះស្រាយក្នុងដំណើរទស្សនកិច្ចនេះ»។
ក៏ប៉ុន្តែ បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានចេញវោហារសាស្ត្រដ៏តឹងតែងទៅលើពាណិជ្ជកម្ម និងការសម្រេចចិត្តរបស់លោកក្នុងការលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) អ្នកដឹកនាំប្រទេសអាស៊ីទាំងអស់កំពុងតែទន្ទឹងការធានាជាថ្មីម្តងទៀតនៃតួនាទីសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។
លោក Matt Goodmanបានបន្តថា៖
«ខ្ញុំគិតថា នេះពិតជាប៉ះពាល់ដល់កិត្តិសព្ទរបស់យើងនៅក្នុងតំបន់ ហើយខ្ញុំគិតថាយើងត្រូវតែធ្វើអ្វីម្យ៉ាង។ បើគ្មាន TPP ទេ យើងត្រូវមានយុទ្ធសាស្ត្រសេដ្ឋកិច្ច និង ពាណិជ្ជកម្មផ្សេងទៀតដែលប្រទេសអាស៊ីអាចជឿជាក់លើយើងបាន ហើយរហូតមកដល់ពេលនេះ និយាយឲ្យត្រង់ទៅ រដ្ឋបាលលោកត្រាំ នៅមិនទាន់ប្រកាសយុទ្ធសាស្ត្របែបហ្នឹងនៅឡើយទេ។ ដូច្នេះ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកត្រាំមានឱកាសនឹងធ្វើបែបនេះបាន»។
ពេលមានកិច្ចប្រជុំគណៈប្រតិភូពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅក្រុងប៉េកាំងសប្តាហ៍នេះ មន្ត្រីរដ្ឋាភិបាលបាននិយាយថា កិច្ចព្រមព្រៀងទ្វេភាគីគឺជាអាទិភាពសម្រាប់អាមេរិក ក្នុងគោលបំណងកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មចិន និងពាណិជ្ជកម្មអាមេរិកនៅក្នុងតំបន់នេះ។
លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានថ្លែងថា៖
«ដូចដែលអ្នកបានដឹងស្រាប់ហើយថា ការលើកឡើងអំពីអតុល្យភាពពាណិជ្ជកម្មរបស់ប្រទេសចិននិងពាណិជ្ជកម្មអាមេរិកនៅក្នុងតំបន់នេះគឺជាចំណុចសំខាន់នៃកិច្ចពិភាក្សាសហការគ្នារវាងប្រធានាធិបតីលោកត្រាំ និងប្រធានាធិបតីលោក ស៊ី ជីនពីង ហើយការសម្រេចបាននូវដំណោះស្រាយដែលយុត្តិធម៌ និងទទួលបានផលចំណេញសម្រាប់ទាំងអស់គ្នាគឺជាគោលបំណងរួមមួយ»។
ក៏ប៉ុន្តែ ប្រទេសនិមួយៗគឺមានភាពខុសៗគ្នា ហើយអគ្គលេខាធិការរបស់ APEC គឺលោក Alan Bollard បានថ្លែងថា កិច្ចប្រជុំកំពូលជាកន្លែងដែលល្អមួយសម្រាប់សាកល្បងកិច្ចព្រមព្រៀងថ្មីៗ។
លោកបណ្ឌិត Alan Bollard បានមានប្រសាសន៍ថា៖
«វាប្រៀបដូចជាមីមួយចានដែលមានសសៃមីប្រទាក់គ្នា។ កិច្ចព្រមព្រៀងនេះស្មុគស្មាញដូចសសៃមី។ យើងបានសាកល្បងរូបមន្តថ្មីៗ រករូបមន្តដែលល្អជាងមុន។ យើងបានរូបមន្តទាំងនេះពីតំបន់នោះ ហើយយើងសាកល្បងរូបមន្តទាំងអស់នេះ ហើយរូបមន្តណាដែលដំណើរការ ប្រទេសក្នុងតំបន់នឹងប្រើប្រាស់រូបមន្តនោះទៅក្នុងសេដ្ឋកិច្ចរបស់គេ»។
អ្នកវិភាគបានថ្លែងថា នេះជាទស្សនកិច្ចដ៏សំខាន់មួយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះជាទស្សនកិច្ចមួយដែលអាចធ្វើឲ្យទំនាក់ទំនងនាពេលអនាគតចេញជារូបរាងឡើង។
លោក Matt Goodman បានមានប្រសាសន៍ថា៖
«ពួកគេចង់បានប្រទេសអាមេរិកចូលរួមនៅក្នុងតំបន់ទៅតាមលក្ខខណ្ឌទាំងអស់។ ពួកគេចង់ឲ្យយើងបង្ហាញខ្លួន ដូច្នេះ វាជាការប្រសើរណាស់ដែលលោកប្រធានាធិបតីនឹងចូលរួមកិច្ចប្រជុំកំពូលនេះ។ ការណ៍នេះគឺសំខាន់ណាស់»។
លោក Woody Allen បាននិយាយថា៖
«ក្តីសង្ឃឹមមាន៨០ភាគរយ ដូចនេះលោកទទួលបានពន្ទុល្អសម្រាប់លទ្ធផលនេះ»។
ដោយសារតែការមិនអាចព្យាករណ៍ទុកមុនអំពីលោកប្រធានាធិបតី លោក Goodman បាននិយាយថា ការដកពិសោធន៍ធំទីមួយគឺថា តើលោកប្រធានាធិបតីនឹងថ្លែងសុន្ទរកថាទៅតាមការព្រាងទុកនៅថ្ងៃសុក្រខាងមុខនេះដែរឬទេ៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង