អ្នកវិភាគនិងមេធាវីរបស់លោក កឹម សុខា លើកឡើងថា ការភ្នាល់ដាក់ជីវិតនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដោយយកលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះធ្វើជាកម្មវត្ថុគឺជាការភ្នាល់ដែល«អសីលធម៌»និងធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ»។
កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយបបួលលោក ហ៊ុន សែន ភ្នាល់ថា បើលោក កឹម សុខា មិនត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះចន្លោះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ក្រោមសម្ពាធសហគមន៍អន្តរជាតិទេនោះ លោកនឹងចូលខ្លួនឲ្យរដ្ឋាភិបាលចាប់ឃុំ។ លោកបន្ថែមថា ប្រសិនបើលោក កឹម សុខា នឹងត្រូវដោះលែងក្នុងពេលវេលាដូចកំណត់ខាងលើក្រោមសម្ពាធពីសហគមន៍អន្តរជាតិ នោះលោក ហ៊ុនសែន ជាអ្នកចាញ់ ហើយលោកស្នើឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។
ក្រោយការបង្ហោះសាររបស់លោក សម រង្ស៊ី មួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ ខែ វិច្ឆិកា ក៏បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងលោកថា លោកសុខចិត្តភ្នាល់ជាមួយលោក សម រង្ស៊ី ដោយយកតំណែងជានាយករដ្ឋមន្ត្រីរបស់លោកជាថ្នូរនឹងការភ្នាល់គ្នា។
លោក ហ៊ុន សែន ត្រូវបានអង្គភាពព័ត៌មាន Fresh News ស្រង់សម្តីតាមន័យដើមថា៖
«ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះនៅចន្លោះពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ទេ លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួនដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបញ្ចប់ការភ្នាល់»។
អ្នកវិភាគនិងក្រុមមេធាវីរបស់លោក កឹម សុខា បានថ្លែងរិះគន់ថ្នាក់ដឹកនាំទាំងពីរដោយភ្នាល់លេងសើចទាក់ទិននឹងសេរីភាពលោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំឃាំងជាង១ឆ្នាំ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA នាល្ងាចថ្ងៃចន្ទនេះថាការភ្នាល់របស់លោកនាយករដ្ឋមន្ត្រី ជាមួយលោក សម រង្ស៊ី គឺជាការភ្នាល់ដែលអសីលធម៌មិនសមជាថ្នាក់ដឹកនាំ។ លោកបន្ថែមថា តុលាការកម្ពុជាត្រូវបានគេចាត់ទុកថាស្ថិតក្រោមគំនាបរបស់រដ្ឋាភិបាល ដូច្នេះលោកថា ការភ្នាល់នេះក៏ធ្វើឲ្យប៉ះពាល់ដល់ការសម្រេចរបស់តុលាការផងដែរ។
អ្នកវិភាគចាស់វស្សារូបនេះបញ្ជាក់ថា៖
«យកសេរីភាពរបស់គាត់ យកជីវិតរបស់គាត់ទៅភ្នាល់ហ្នឹង វាមិនត្រូវ។ គាត់ជាមនុស្សមិនមែនសត្វធាតុ មិនមែនរបស់របរទេទេ ឬមិនមែនជាទឹកភ្លៀងទេ។ ទីពីរគឺវាពាក់ព័ន្ធនឹងផ្លូវតុលាការ គាត់ហ្នឹងកំពុងជាប់ចោទនៅមុខតុលាការ ដូច្នេះតាមគោលការណ៍បែងចែកអំណាចថា តុលាការឯករាជ្យនោះ គឺអ្នកនយោបាយមិនត្រូវនិយាយប៉ះពាល់ដល់រឿងគាត់ ឬក៏សម្រេចជួសតុលាការនោះទេ»។
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា កាលពីល្ងាចថ្ងៃទី ១០ ខែ វិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការភ្នាល់នេះថា ធ្វើឲ្យប៉ះពាល់នីតិវិធីរបស់តុលាការ និងថាការភ្នាល់នេះកាន់តែធ្វើឲ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរថែមទៀត។អ្នកស្រី ម៉េង សុភារី មេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA នារសៀលថ្ងៃ ចន្ទ នេះថា ការយកលោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ជាការភ្នាល់ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោក កឹម សុខា ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ។
អ្នកស្រីបញ្ជាក់ថា៖
«យើងខ្ញុំយល់ឃើញថា វាប៉ះពាល់ខ្លាំងដោយសារតែហាក់បីដូចជាដាក់គំនាបទៅលើប្រព័ន្ធតុលាការផង ហើយក៏ដូចជាដាក់គំនាបប៉ះពាល់ដល់សេរីភាពកូនក្តីយើងខ្ញុំផង។ ទាក់ទងទៅនឹងប្រវត្តិនយោបាយរបស់ប្រទេសយើងផង យើងឃើញថាការភ្នាល់គ្នាហ្នឹងគឺវាវប៉ះពាល់ ជាពិសេសហ្នឹងវាធ្វើឲ្យច្រកនយោបាយនៅក្នុងការរកដំណោះស្រាយហ្នឹង គឺមានការលំបាក ហើយការបែកបាក់ជាតិហ្នឹងគឺវាធ្ងន់ធ្ងរទៅៗ»។
អ្នកស្រី ម៉េង សុភារី បន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានដំណឹងណាមួយពាក់ព័ន្ធនឹងការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា នៅឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃអាទិត្យ បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់លោក ដោយការពារការភ្នាល់ដាក់ជីវិតនយោបាយរបស់លោក ជាមួយលោក សម រង្ស៊ី ថា ការភ្នាល់នោះគឺលោកបានយោងលើដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រីថា មិនអាចស្នើសុំឲ្យមានការលើកលែងទោសដល់ជនដែលមិនទាន់ត្រូវបានកាត់ទោសប៉ុណ្ណោះ មិនមែនជាការបំពានដល់សមត្ថកិច្ចរបស់តុលាការនោះទេ។
លោកបានសរសេរក្នុងន័យដើមថា៖
«ខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រីដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។ នាយករដ្ឋមន្ត្រីពុំមានសិទ្ធិស្នើសុំលើកលែងទោសឲ្យអ្នកដែលមិនទាន់បានកាត់ទោសឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ ទោះសេះដុះស្នែងក៏មិនកើតឡើងទេ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលស្មើនឹងបទក្បត់ជាតិ។ ក្រោយការឃុំខ្លួនតាំងពីដើមខែ កញ្ញា ឆ្នាំ២០១៧ អស់រយៈពេលជាងមួយឆ្នាំដោយមិនមានការកាត់ទោស លោកត្រូវបានតុលាការបញ្ជូនទៅផ្ទះវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការចាប់តាំងពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ មក។
ពាក់ព័ន្ធនឹងការឃុំខ្លួនលោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី ១១ ខែ វិច្ឆិកា នេះ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ គឺជាការលើកឡើងដែលមិនត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍នោះត្រូវបានសរសេរដោយពន្យល់ពីមូលហេតុថា៖
«លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៧ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំនិងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៨។ [...]លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន១៨ខែនោះឡើយ»។
ក្រោយការចាប់ខ្លួនលោក កឹម សុខា យកទៅឃុំក្នុងពន្ធនាគារ និងដោះលែងពីពន្ធនាគារបញ្ជូនទៅឃុំក្នុងផ្ទះវិញត្រូវបានអង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើនបន្តរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងទាមទារឲ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
យ៉ាងណាក្តី ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានចេញមុខការពារចំណាត់ការឃុំខ្លួនលោក កឹម សុខា ថា ធ្វើឡើងទៅតាមច្បាប់ ស្របតាមនីតិរដ្ឋ៕