អ្នកគាំទ្រមួយក្រុមនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកដែលហៅខ្លួនឯងថា CNRP-USA បានសម្ដែងការ«ខកចិត្តយ៉ាងក្រៃលែង» ចំពោះសាររបស់លោក សម រង្ស៊ី ដែលបានបបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នា ទៅលើការដោះលែងលោក កឹម សុខា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រនេះ ដែលវីអូអេ ទទួលបានកាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍ ដែលបានចេញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសរសេរថា «ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USA សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយាប្រមាថម្តងហើយម្តងទៀតដ៏អគុណធម៌ និងគ្មានសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់របស់លោក កឹម សុខា និងពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USAនេះ ធ្វើឡើង ក្រោយពីលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបង្ហោះសារមួយតាមបណ្ដាញFacebookរបស់លោកដោយបបួលលោក ហ៊ុន សែន ភ្នាល់គ្នា។
នៅក្នុងសារនោះ លោក សម រង្ស៊ី សរសេរថា «ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អាចថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩។»។ លោក សម រង្ស៊ី សរសេរទៀតថា «បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែងបានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារកាលពីឆ្នាំមុន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ តាមបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជា ដែលអ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍កម្ពុជា ចាត់ទុកថា ជារឿងនយោបាយ។ ប៉ុន្តែលោកមិនទាន់ត្រូវបានតុលាការសម្រេចថាតើលោកពិតជាមានទោសដូចការចោទប្រកាន់នេះឬយ៉ាងណានៅឡើយទេ ដោយបច្ចុប្បន្ន លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងមិនត្រូវបានអនុញ្ញាតឱ្យចេញពីរង្វង់ផ្ទះរបស់លោកឡើយ។
ក្រោយពីការបបួលរបស់លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួលយកការភ្នាក់គ្នានេះ ដោយបានកំណត់ថា ប្រសិន លោក សម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ លោក សម រង្ស៊ី ត្រូវតែហ៊ានចូលខ្លួនឲ្យអាជ្ញាធរកម្ពុជាចាប់ដើម្បីអនុវត្តទោស ដែលរូបលោក ត្រូវបានតុលាការកម្ពុជា សម្រេចកាត់ទោសក្នុងសំណុំរឿងកន្លងមក។ នេះបើយោងតាមបណ្ដាញព័ត៌មាន Fresh News ដែលបានរាយការណ៍ដោយអះអាងថាបានស្រង់សម្ដីដើមរបស់លោក ហ៊ុន សែន ដែលបាននិយាយបន្ថែមទៀតថា៖
«ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USA ក៏បានអំពាវនាវឱ្យអ្នកនយោបាយខ្មែរ បញ្ឈប់ជាបន្ទាន់នូវអ្វីមួយដែលក្រុមនេះចាត់ទុកថាជា«ចរិតនយោបាយ ដែលប្រាសចាកនូវគុណធម៌»។
លោក សម រង្ស៊ី នៅថ្ងៃសៅរ៍ ទី១០ ខែ វិច្ឆិកានេះ ក៏បានបង្ហោះសារមួយទៀតលើទំព័រFacebook របស់លោក ដោយសរសេរថា « ពេលនេះ យើងត្រូវដឹងថា លោក កឹម សុខា មិនអាចបញ្ចេញយោបល់របស់លោកបានទេ ពីព្រោះលោកជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន។ យើងត្រូវដឹងផងដែរថា លោក ហ៊ុន សែន កំពុងតែប្រើជន ទុច្ចរិតមួយដំបស្វា ឲ្យលួចឈ្មោះគណបក្សសង្គ្រោះជាតិទៅប្រើ ដើម្បីប៉ុនប៉ងបំបែកគណបក្សនេះ»៕