បន្ទាប់ពីសេវាស៊ីឈ្នួលពពោះជំនួស ត្រូវបានហាមប្រាមក្នុងប្រទេសថៃ ឥណ្ឌា និងនេប៉ាល់ក្នុងរយៈពេលជាងពីរឆ្នាំនេះ កម្ពុជាបានក្លាយជាគោលដៅដ៏ពេញនិយមថ្មីមួយក្នុងការផ្តល់សេវាដែលរដ្ឋាភិបាលចាត់ទុកថា ជាសេវាខុសច្បាប់នេះ។ បើទោះបីជាកម្ពុជាមិនទាន់មានច្បាប់ពាក់ព័ន្ធនឹងការផ្តល់សេវានេះក្តី ប៉ុន្តែនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការបានកាត់ទោសមនុស្សបីនាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ១ឆ្នាំកន្លះ ពីបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ។
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឲ្យស្រ្តីជនជាតិអូស្រ្តាលីម្នាក់និងបុរស-ស្រ្តីជនជាតិខ្មែរ២នាក់ទៀត ជាប់ពន្ធនាគារ ១៨ខែ ពាក់ព័ន្ធនឹងសំណុំរឿងជួលស្រ្តីខ្មែរឲ្យពពោះជំនួស។ នេះជាការសម្រេចលើកដំបូងបង្អស់ក្នុងសវនាការនៃតុលាការកម្ពុជា ខណៈដែលច្បាប់ពាក់ព័ន្ធនឹងការពពោះជំនួសនៅមិនទាន់កើតមាននៅឡើយ។
ក្នុងសវនាការដែលមានការរឹតបន្តឹងមិនអនុញ្ញាតឲ្យមានការថតសំឡេង ឬរូបភាព ចៅក្រមជំនុំជម្រះ លោកស្រី ស៊ លីណា បានប្រកាសសាលក្រមកាត់ទោសជាប់ចោទ៣នាក់ ក្នុងសំណុំរឿងនេះ។ ក្នុងនោះមានស្រ្តីជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ Tammy Davis-Charles អាយុ ៤៩ឆ្នាំ ជាអ្នកផ្តើមគំនិត និងរៀបចំសេវាកម្មពពោះជំនួស បុរសជនជាតិខ្មែរម្នាក់ឈ្មោះ ពេញ រិទ្ធី អាយុ ២៨ឆ្នាំ ជាអ្នកទាក់ទងស្រ្តីខ្មែរឲ្យពពោះ និងស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ សំរឹទ្ធ ចាន់ចរិយា អាយុ ៣៦ឆ្នាំ ជាអ្នកបកប្រែ។
លោកស្រី ស៊ លីណា បានអានសេចក្តីសង្ខេបអង្គហេតុក្នុងសវនាការកាលពីខែមុន និងបានលើកឡើងថា ចម្លើយរបស់ជនជាប់ចោទទាំង៣នាក់ និងចម្លើយរបស់សាក្សី ព្រមទាំងភស្តុតាងដែលប្រមូលបាន មានភាពស៊ីសង្វាក់គ្នា។ ក្រោយអានសេចក្តីសង្ខេបអង្គហេតុអស់រយៈពេលជិតកន្លះម៉ោង លោកស្រី ស៊ លីណា ប្រកាសថា ដាក់ទោសស្រ្តីជនជាតិអូស្រ្តាលី ឈ្មោះ Tammy Davis-Charles ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់៤លានរៀល និងដាក់ទោសឈ្មោះ ពេញ រិទ្ធី និងឈ្មោះ សំរិទ្ធ ចាន់ចរិយា ម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ២លានរៀល។
ចៅក្រមដដែលក៏បានឲ្យដឹងផងដែរថាជនទាំង៣ នាក់ត្រូវបានតុលាការចោទប្រកាន់ក្នុងបទល្មើសចំនួន២ គឺពីបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះតាមមាត្រា៣៣២ និងបទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិតតាមមាត្រា ៦៣២ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង៣ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងការបង្ក្រាបដ៏កម្រមួយចំពោះការជួលស្ត្រីខ្មែរឲ្យពពោះជំនួសជនបរទេសក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានច្បាប់គ្រប់គ្រងឲ្យបានពេញលេញនៅឡើយ។
បើតាមការបញ្ជាក់ពីអាជ្ញាធរប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អ្នកស្រី Tammy Davis-Charlses ស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD បានផ្ទេរអាជីវកម្មរបស់ខ្លួនមកប្រទេសកម្ពុជា កាលពីឆ្នាំទៅ នៅពេលដែលរដ្ឋាភិបាលយោធានៅប្រទេសថៃ បានបិទគ្លីនិកពពោះកូនជំនួសនេះ។ គ្លីនិករបស់អ្នកស្រីបានយកថ្លៃសេវាពីអតិថិជនរបស់ខ្លួនពី ៥០.០០០ ទៅ ៧០.០០០ ដុល្លារអាមេរិក និងបានបង់ប្រាក់ចន្លោះពី ១០.០០០ ទៅ ១២.០០០ដុល្លារអាមេរិក ដល់ស្ត្រីកម្ពុជាដែលជាអ្នកពពោះកូនជំនួស។ យ៉ាងហោចណាស់មានស្ត្រីខ្មែរ២៣រូបដែលបានពពោះឱ្យ ជនបរទេស ហើយយ៉ាងហោចណាស់មានទារក៦នាក់ត្រូវបានបញ្ជូនទៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ Davis-Charlses ស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD ធ្លាប់បញ្ជាក់ប្រាប់ចៅក្រម និងអង្គជំនុំជម្រះ កាលពីពេលកន្លងទៅថា ខ្លួនមិនបានដឹងថា ការជួលស្ត្រីខ្មែរឲ្យពពោះជំនួសគឺ មានទោសទណ្ឌ និងផ្ទុយពីច្បាប់កម្ពុជានោះទេ។
លោកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ប្រាប់ VOA ថា លោកស្រីសុំមិនបញ្ចេញមតិលើការកាត់ទោសមនុស្សទាំង៣នាក់ ពាក់ព័ន្ធនឹងការផ្តល់សេវាពពោះជំនួសនេះ។ ទោះជាយ៉ាងណាលោកស្រីថា មានផលវិបាកជាច្រើនដែលកើតចេញពីការពពោះជំនួស ដោយសារស្រ្តីដែលស៊ីឈ្នួលពពោះជំនួសភាគច្រើនជាស្រ្តីដែលមានជីវភាពក្រីក្រ និងមិនសូវមានចំណេះដឹង ដូច្នេះពួកគេនឹងពិបាកយល់ពីផ្លូវច្បាប់ ពាក់ព័ន្ធនឹងកិច្ចសន្យាផ្សេងៗ ជាហេតុធ្វើឲ្យពួកគេងាយនឹងក្លាយជាជនរងគ្រោះ។
លោកស្រី រស់ សុភាព បញ្ជាក់ថា៖
«គាត់ហ្នឹងក៏មិនសូវបានដឹង ឬក៏យល់ពីច្បាប់ អញ្ចឹងនៅពេលដែលគេធ្វើកិច្ចសន្យាមានលក្ខខណ្ឌច្រើនដែលយើងមិនអាចដឹងបាន ហើយមិនអាចការពារសិទ្ធិរបស់គាត់បាន ចំណុចហ្នឹងមានលក្ខណៈស្មុគស្មាញ។ ទី២ ដោយសារថា ប្រព័ន្ធតុលាការនៅកម្ពុជាហ្នឹងពិបាករកយុត្តិធម៌ឲ្យជនក្រីក្រ ដែលប្រជាពលរដ្ឋយើងគាត់មានការពិបាកក្នុងការស្វែងរកយុត្តិធម៌ឲ្យគាត់ អាហ្នឹងក៏ជាបញ្ហាមួយដែលធ្វើឲ្យគាត់ពិបាកដែរ។ គាត់ធ្លាក់ទៅក្នុងការប្រើប្រាស់ ឬក៏ខ្លួនរបស់គាត់ត្រូវបានគេយកធ្វើការជួញដូរ ឬកេងចំណេញក៏ថាបានដែរ»។
លោកស្រី រស់ សុភាព បន្ថែមថា វប្បធម៌ប្រពៃណី ទំនាស់ក្នុងគ្រួសាររវាងប្ដី និងប្រពន្ធដែលត្រូវបានគេជួលឲ្យពពោះ សុខភាពផ្លូវកាយ និងជំងឺផ្លូវចិត្តក្រោយពេលសម្រាលកូនជាដើម សុទ្ធតែជាមូលហេតុដែលស្រ្តីពពោះជំនួសអាចនឹងប្រឈម។
ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ កម្ពុជាបានក្លាយជាគោលដៅដ៏ពេញនិយមមួយសម្រាប់ឪពុកម្តាយ ដែលមានបំណងស្វែងរកឲ្យមានការស៊ីឈ្នួលពពោះជំនួស បន្ទាប់ពីសេវានេះត្រូវបានហាមប្រាមក្នុងប្រទេសថៃ ឥណ្ឌា និងនេប៉ាល់។ ប្រទេសកម្ពុជាមិនមានច្បាប់ពាក់ព័ន្ធនឹងការផ្តល់សេវាពពោះទេ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦មក រដ្ឋាភិបាលបានចាប់ផ្តើមបំណងក្នុងការហាមប្រាមមិនឲ្យមានសេវាកម្មនេះ៕