ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Amnesty រិះគន់​​គោល​នយោបាយ​«ដ៏អាម៉ាស់» ​របស់​​អឺរ៉ុប​រឿង​រារាំង​ទូក​ជនភៀស​ខ្លួន​​មិនឲ្យ​ចូល​ចត


មនុស្ស​ម្នាដើរ​ហែក្បួន​ក្រោម​ភ្លៀង​អំឡុង​បាតុកម្ម​គាំទ្រ​ឲ្យ​ជនចំណាកស្រុក​ចូល​អឺរ៉ុប​ក្នុង​ទីក្រុ​ប្រ៊ុចសែល​កាលពី​ថ្ងៃសៅរ៍​​ ទី១២ ខែមករា ឆ្នាំ២០១៩។ឲ
មនុស្ស​ម្នាដើរ​ហែក្បួន​ក្រោម​ភ្លៀង​អំឡុង​បាតុកម្ម​គាំទ្រ​ឲ្យ​ជនចំណាកស្រុក​ចូល​អឺរ៉ុប​ក្នុង​ទីក្រុ​ប្រ៊ុចសែល​កាលពី​ថ្ងៃសៅរ៍​​ ទី១២ ខែមករា ឆ្នាំ២០១៩។ឲ

អង្គការ​សិទ្ធមនុស្ស​អន្តរជាតិ​ Amnesty International បាន​និយាយ​ថា​គោលនយោបាយ​ជន​ចំណាកស្រុក​របស់​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ទាំង​នៅ​សមុទ្រ​និង​ក្នុង​ប្រទេស​លីប៊ី ទី​ដែល​ជនស្វែករក​សិទ្ធិជ្រក​កោន​ភាគ​ច្រើន​បាន​ចាកចេញ​​ទៅកាន់​អឺរ៉ុប។ ​

អង្គការ​សិទ្ធមនុស្ស​អន្តរជាតិ​ Amnesty International បាន​ពណ៌នា​សេចក្តី​សម្រេច​របស់​រដ្ឋ​ក្នុង​ទ្វីបអឺរ៉ុប​មួយ​ចំនួន​ដែល​បានហាម​ឃាត់​នាវា​សង្រ្គោះ​ជនចំណាកស្រុក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ឲ្យ​សំចត​នៅ​កំពង់ផែ​របស់​ពួកគេ ថា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់។ អង្គការ​នោះ​បាន​និយាយ​ថា​គោលនយោបាយ​ជន​ចំណាកស្រុក​របស់​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ទាំង​នៅ​សមុទ្រ​និង​ក្នុង​ប្រទេស​លីប៊ី ទី​ដែល​ជនស្វែករក​សិទ្ធិជ្រក​កោន​ភាគ​ច្រើន​បាន​ចាកចេញទៅកាន់​អឺរ៉ុប។ ​

បន្ទាប់ពី​ស្ថិត​លើ​ផ្ទៃសមុទ្រ​អស់រយៈពេល​១៩ថ្ងៃ ជនចំណាកស្រុក​ចំនួន​៥០​នាក់​ទី​បំផុត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​គោក​នៅ​ប្រទេស​ម៉ាល់ត៍​កាលពី​ដើម​ឆ្នាំ​នេះ​បន្ទាប់​ពី​នាវា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​សង្រ្គោះ​ពួកគេ​ ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ចុះ​ចត​ម្តងហើយ​ម្តងទៀត​នៅ​កំពង់ផែ​នានា​ក្នុង​អឺរ៉ុប។

លោក​ Matteo De Bellis ​នៃ​អង្គការសិទ្ធិមនុស្ស Amnesty International បាន​និយាយ​ថាវា​កើត​ចេញ​ពីការ​សម្រេចចិត្ត​របស់​អឺរ៉ុប​ក្នុង​ការឲ្យ​ប្រទេស​លីប៊ី​ទទួល​ខុសត្រូវ​ផ្នែក​សន្តិសុខ​ព្រំដែន។

«​វា​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​ពឹង​លើឆ្មាំការពារ​ឆ្នេរ​ប្រទេស​លីប៊ី​ មិនត្រឹម​តែលើ​ការ​ស្ទាក់ចាប់នាវា​ជនភៀស​ខ្លួន​និង​ជន​ចំណាកស្រុក​នៅ​សមុទ្រ​នោះ​ទេ ប៉ុន្តែ​រួមទាំង​សម្រប​សម្រួល​ការ​ជួយ​សង្រ្គោះ​ផង​ដែរ។ អ្វី​ដែល​កងល្បាត​ឆ្នេរ​លីប៊ី​អាច​ប្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​គឺ​ឲ្យ​ពួកគេ​ត្រឡប់ទៅលីប៊ី​វិញ​ហើយ​ដាក់​មនុស្សនៅ​ទីនោះ។ ប៉ុន្តែការ​ដាក់​មនុស្ស​នៅ​ទីតាំង​ណា​មួយ​ដែល​ពួកគេ​នឹង​ត្រូវ​រង​ទារុណកម្ម​ត្រូវ​បាន​គេ​ហាម​ឃាត់​ដោយ​ច្បាប់​អន្តរជាតិ»។​

ប្រទេស​ក្នុង​ទ្វី​បអឺរ៉ុប​ជាច្រើន​ ជាពិសេស​អ៊ីតាលី បាន​បញ្ចប់​បេសកកម្ម​សង្រ្គោះ​របស់​ពួកគេ​នៅ​សមុទ្រ​មែឌីទែរ៉ាណេ ដូច្នេះ​បាន​ជា​ទូក​របស់​អង្គការ​ក្រៅ​រដ្ឋាភិ បាល​បាន​លូកដៃ។ រដ្ឋ​នៅ​ភាគ​ខាងត្បូង​អឺរ៉ុប​ជា​ច្រើន​និយាយ​ថា​វា​មិន​យុត្តិធម៌​ដែល​ក្រោម​ច្បាប់​របស់​អឺរ៉ុប​ពួកគេ​ត្រូវ​ទទួល​ស្វាគមន៍​ជនភៀស​ខ្លួន។

លោក DE BELLIS ​បាន​និយាយ​ថា៖

«គ្មានយន្តការ​ណា​ដែល​អាចឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​ ប្រទេស​ក្នុង​អឺរ៉ុប បែង​ចែក​ការទទួល​ខុស​ត្រូវ​ក្នុងចំណោម​ពួកគេ​សម្រាប់​ការ​ជួយ​ជនស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំង​នោះ ឡើយ»។

ប្រទេស​អេស្ប៉ាញ​កាល​ពី​ខែ​មករា​បាន​ហាមឃាត់​នាវា​សង្រ្គោះ​ Proactiva Open Arms មិន​ឲ្យ​ចាកចេញ​ពី​កំពង់ផែ ដែលសកម្មភាព​នេះ​ត្រូវ​បាន​សរសើរ​ដោយ​រដ្ឋ​មន្រ្តីក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អ៊ីតាលី​លោក Matteo Salvini។

លោក Salvini បាន​និយាយ​ថា «បើសិន​ជា​សហភាព​អឺរ៉ុប​និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​នឹងធ្វើ​ឲ្យ​បាន​ដូច​សម្តី ទ្វីបអឺរ៉ុប​នឹង​រួច​ផុត​ពីគ្រោះថ្នាក់។ ប៉ុន្តែ​បើសិន​ជា​គ្រាន់​តែ​និយាយ​ ហើយ​គ្មាន​សកម្មភាព អឺរ៉ុប​នឹង​លេង​មាន​វត្តមាន»។

សហភាព​អឺរ៉ុប​និយាយ​ថា​លំហូរ​នៃ​ជនចំណាកស្រុក​ចូល​ទ្វីបអឺរ៉ុប​បាន​ធ្លាក់​ចុះ​៩២ភាគរយ​ ប្រៀប​ធៀប​នឹង​ចំនួន​ខ្ពស់​បំផុត​កាលពី​ឆ្នាំ​២០១៥។ អង្គការ Amnesty និយាយ​ថា ​រឿង​ដែល​អ្នក​នយោបាយ​ថា​អឺរ៉ុប​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ជនចំណាកស្រុក​គឺ​ខុស​ស្រឡះ។

លោក DE BELLIS បាន​និយាយ​ថា៖

«ជាជាង​ការ​យក​ទិន្នន័យ​ពិត​មក​ប្រកែក រដ្ឋាភិបាល​ជា​ច្រើន​ ហាក់​ដូច​ជាគាំទ្រការ​យល់ឃើញ​នេះ បរិយាកាស​នៃ​ព័ត៌មាន​ក្លែងក្លាយ​មួយ​នេះ ដែល​ម្ចាស់​ឆ្នោត​ជឿ​ថាពួកគេស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ»។

ជាមួយ​នឹង​រដ្ឋាភិបាល​កំពុង​កាន់អំណាចដែល​ប្រឆាំង​នឹងការ​ចំណាកស្រុក​ក្នុង​ប្រទេស​ដែល​ជាសមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ រដ្ឋាភិបាល​ទីក្រុងប្រ៊ុចសែលហាក់នៅ​ឆ្ងាយ​ពី​ការ​ព្រមព្រៀង​ទាក់ទិន​នឹង​យន្តការ​អចិន្រ្តៃយ៍នៃ​ចំនួន​កំណត់​របស់​ជនភៀស​ខ្លួន៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG