អង្គការ Amnesty International បានរិះគន់ជាខ្លាំងថា រដ្ឋាភិបាលនានាក្នុងប៉ែកខាងកើតនៃទ្វីបអឺរ៉ុបនិងផ្នែកកណ្តាលនៃទ្វីបអាស៊ីបានប្រើមធ្យោបាយឃោរឃៅ និងឧបករណ៍របស់រដ្ឋក្នុងការបង្ក្រាបបាតុកម្ម សេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ និងសង្គមស៊ីវិលចាប់តាំងពីប្រទេសបេឡារុសរហូតដល់ប្រទេសកាហ្សាក់ស្ថាន និងពីប្រទេសអាស៊ែបៃហ្សង់រហូតដល់ប្រទេសរុស្ស៊ី។
អង្គការ Amnesty International និយាយនៅក្នុងរបាយការណ៍ក្នុងតំបន់ប្រចាំឆ្នាំរបស់ខ្លូនថារដ្ឋាភិបាលជាច្រើននៅទូទាំងផ្នែកកណ្តាលនៃទ្វីបអឺរ៉ុបនិងប៉ែកកណ្តាលនៃទ្វីបអាស៊ីបានធ្វើ «ការវាយប្រហារខ្លាំង» ប្រឆាំងនឹងសិទ្ធិមនុស្ស បានប្រើមធ្យោបាយឃោរឃៅ និងឧបករណ៍របស់រដ្ឋក្នុងការបង្ក្រាបបាតុកម្ម សេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ និងសង្គមស៊ីវិល។
សេចក្តីរាយការណ៍ចេញផ្សាយដោយអង្គការសិទ្ធិមនុស្សនេះដែលមានមូលដ្ឋាននៅក្នុងក្រុងឡុងដ៍កាលពីថ្ងៃទី១៦ខែមេសានិយាយថា នៅពេលដែលអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត អង្គការក្រៅរដ្ឋាភិបាល និងក្រុមបាតុករប្រឈមនឹងសម្ពាធខ្លាំងឡើងៗកាលពីឆ្នាំ២០១៩ ក្រុមបាតុករដោយសន្តិវិធីបានធ្វើសកម្មភាពរួមគ្នានៅក្នុងការប្រយុទ្ធរបស់ពួកគេដោយឱ្យរដ្ឋាភិបាលទទួលខុសត្រូវដល់ការបង្ក្រាបរបស់ពួកគេ។
ស្ថានភាពធ្ងន់ធ្ងរដែលមានរួចស្រេចហើយកាលពីឆ្នាំទៅមិញនៅទូទាំងតំបន់មួយលាតសន្ធឹងចាប់តាំងពីប្រទេសបេឡារុសរហូតដល់ប្រទេសកាហ្សាក់ស្ថាន និងពីប្រទេសអាស៊ែបៃហ្សង់រហូតដល់ប្រទេសរុស្ស៊ីនោះកាន់តែប្រឈមបញ្ហាមួយកម្រិតទៀត នៅពេលរដ្ឋាភិបាលនៃប្រទេសទាំងនេះអនុវត្តវិធានការគ្រាមានអាសន្ន និងការរឹតត្បិតយ៉ាងច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងពន្យឺតការរាលដាលមេរោគវីរុសកូរ៉ូណាថ្មី។ សកម្មភាពបែបនេះរបស់រដ្ឋាភិបាលទាំងនេះបានបង្កើនកង្វល់ថា វិធានការខាងសុខាភិបាលទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីបង្ក្រាបសិទ្ធិមនុស្សថែមទៀត។
លោក Daniel Balson ជានាយកខាងការពារសិទ្ធិមនុស្សសម្រាប់ទ្វីបអឺរ៉ុបនិងផ្នែកកណ្តាលនៃទ្វីបអាស៊ី។ លោកបានព៌ណនាស្ថានភាពមានអាសន្នដែលបានត្រូវប្រកាសនៅទូទាំងតំបន់នោះជា«គ្រឿងផ្សំ» សម្រាប់ការរំលោភលើសិទ្ធិមនុស្ស។
លោក Balson បាននិយាយប្រាប់វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាពថា «បើគិតឱ្យសព្វគ្រប់ទៅរដ្ឋាភិបាលនានានៅក្នុងតំបន់នោះមិនបានប្រើប្រាស់ការរាតត្បាតជាសាកលនៃជំងឺនេះដើម្បីបង្កើតវិធីថ្មីៗដើម្បីបង្ក្រាបប្រជារាស្ត្រទេ ក៏ប៉ុន្តែបានបង្កើនការប្រើប្រាស់វិធីឃោរឃៅរបស់ពួកគេ។ អ្វីដែលមានការផ្លាស់ប្តូរនោះគឺថា រដ្ឋាភិបាលជាច្រើនយល់ឃើញថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ជាការជិះសេះលែងដៃដើម្បីប្រើប្រាស់វិធីឃោរឃៅថែមទៀត និងបង្ហាញការរំលោភរបស់ពួកគេដោយចំហថែមទៀតផង»។
អង្គការ Amnesty International បាននិយាយនៅក្នុងរបាយការណ៍នេះថា កាលពីឆ្នាំទៅមិញសេរីភាពខាងការជួបជុំគ្នា «បានត្រូវបង្ក្រាបជាបន្តយ៉ាងឃោរឃៅ» នៅក្នុងប្រទេសជាច្រើន។ អង្គការនេះបាននិយាយបន្ថែមថា «អំណាចរបស់ក្រុមបាតុករក្នុងការតវ៉ាតាមផ្លូវបានបង្ហាញថា ប្រជារាស្ត្រដឹងថា អំណាចនេះសំខាន់ហើយពួកគេមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីទាមទារយកអំណាចនេះមកវិញ» ដោយធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតបន្លំនៅពេលដែលពួកគេក៏បានទាមទារដែរឱ្យមានអភិបាលកិច្ចល្អ ការការពារបរិស្ថាន និងជីវភាពល្អប្រសើរឡើង។
នៅក្នុងប្រទេសរុស្ស៊ី ដែលនៅទីនោះអាជ្ញាធរបានប្រើល្បិចខាងផ្លូវច្បាប់និងប្រើកម្លាំងប៉ូលិសដើម្បីបង្ក្រាបបាតុកម្មនោះ ប្រជារាស្ត្របានធ្វើការតវ៉ាច្រើនឡើងៗនៅតាមផ្លូវដើម្បីបង្កើនសំឡេងពួកគេប្រឆាំងនឹងបញ្ហាមួយចំនួនដែលមានរួមបញ្ចូលអំពើពុករលួយ និងស្ថានភាពសិទ្ធិមនុស្សដែលមានភាពអាក្រក់ខ្លាំងឡើងៗ។
កាលពីខែកក្កដា និងខែសីហាមានការធ្វើបាតុកម្មធំៗនៅក្នុងក្រុងមូស្គូរយៈពេលច្រើនឆ្នាំមកហើយក្រោយពីអាជ្ញាធរបានប្រកែកមិនព្រមចុះឈ្មោះពួកបេក្ខជនប្រឆាំងនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានៃរដ្ឋធានីមូស្គូ។
អ្នកស្រី Marie Struthers ជានាយិកាប្រចាំតំបន់នៃអង្គការ Amnesty International សម្រាប់ផ្នែកខាងកើតនៃទ្វីបអឺរ៉ុបនិងប៉ែកកណ្តាលនៃទ្វីបអាស៊ី។ អ្នកស្រីបាននិយាយថា៖ «ការសងសឹកប្រឆាំងនឹងក្រុមអ្នកចូលរួមក្នុងមហាបាតុកម្មនៅក្នុងក្រុងមូស្គូបាននាំឱ្យមានយុទ្ធនាការសាមគ្គីភាពមិនធ្លាប់មានពីពេលមកដែលជាសញ្ញាបង្ហាញឱ្យឃើញពីការភ្ញាក់រំឭក ការយល់ដឹងឮអំពីសិទ្ធិមនុស្ស និងអំណាចរបស់ប្រជារាស្ត្រនៅក្នុងប្រទេសរុស្ស៊ី។
នៅពេលជាមួយគ្នានេះ សេរីភាពខាងការនិយាយស្តីបញ្ចេញមតិនិងខាងបណ្តាញផ្សាយព័ត៌មាននៅតែរងការវាយប្រហារនៅទូទាំងតំបន់នោះក្នុងឆ្នាំ២០១៩។
នៅក្នុងប្រទេសអ៊ុយក្រែនទោះជាមានបណ្តាញផ្សាយព័ត៌មានច្រើនក៏ដោយ ក៏ការវាយប្រហារយ៉ាងឃោរឃៅប្រឆាំងនឹងពួកអ្នកកាសែតកម្រមានការស៊ើបអង្កេតដោយម៉ត់ចត់ណាស់។
ការកម្រិតស្តង់ដារទាប
អង្គការ Amnesty International បាននិយាយថា នៅក្នុងប្រទេសរុស្ស៊ី ច្បាប់ស្តីពី «ភ្នាក់ងារធ្វើការឱ្យបរទេស» និង «អង្គការក្រៅរដ្ឋាភិបាល» ដែលរុស្ស៊ីមិនចង់ឱ្យមាន បានត្រូវតាក់តែងឡើងប្រឆាំងនឹងសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលឯទៀតៗ ដោយចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងត្រូវបង្ខូចឈ្មោះដោយបណ្តាញផ្សាយព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាល»។
អង្គការ Amnesty International បាននិយាយបន្ថែមថា អាជ្ញាធរបាន «បន្ទាបស្តង់ដារថែមទៀត» ក្នុងសេចក្តីព្រាងច្បាប់ថ្មីៗនេះ ដោយបញ្ចូលអ្នកសរសេរ blogs និងក្រុមអ្នកសារព័ត៌មានទៅក្នុងឋានៈជា«ភ្នាក់ងារធ្វើការឱ្យបរទេស»។
សេចក្តីរាយការណ៍នេះរបស់អង្គការ Amnesty International និយាយថា នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន (Tajikistan) ពាក្យថា «សន្តិសុខជាតិ» បានត្រូវយកមកប្រើដើម្បីបង្ក្រាបអង្គការក្រៅរដ្ឋាភិបាលនិងបង្ក្រាបសិទ្ធិមនុស្សនិងសេរីភាពខាងសារព័ត៌មាន។ ចំណែកឯការធ្វើទារុណកម្មនិងការធ្វើបាបនៅតែមានការប្រព្រឹត្តតទៅទៀត។
អង្គការ Amnesty International បានថ្លែងថា ប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសអាស៊ៃបៃហ្សង់បង្ហាញថា ការរឹតត្បិតយ៉ាងតឹងរ៉ឹងប្រឆាំងនឹងក្រុមអ្នកជំទាស់នឹងរដ្ឋាភិបាលនៅតែគ្មានការថមថយ។
អង្គការ Amnesty International បាននិយាយថា នៅទូទាំងតំបន់នោះ ពួកជនជាតិភាគតិច ពួកអ្នកស្រឡាញ់មនុស្សភេទដូចគ្នា ពួកជនមានភេទពីរនិងពួកមនុស្សប្តូរភេទហៅកាត់ថា LGBT ក្រុមសាសនាខ្លះ និងជនកាយវិកលជួនកាលប្រឈមនឹងការរើសអើង ការធ្វើទុក្ខបុកម្នេញនិងអំពើហិង្សាថែមទៀតផង។
អំពើហិង្សាក្នុងគ្រួសារប្រឆាំងនឹងស្ត្រីនិងកុមារក៏នៅតែមានច្រើនក្នុងសង្គមផងដែរ។
អង្គការ Amnesty International បានពោលថា ការរំលោភសិទ្ធិលើបុគ្គលនិងរំលោភសិទ្ធិលើក្រុមនានានៅទូទាំងតំបន់នោះបានកើនឡើងដោយសារប្រព័ន្ធតុលាការដែលឋិតនៅក្រោមសម្ពាធនយោបាយ៕
ប្រែសម្រួលដោយឈឹម សុមេធ