អង្គការសិទ្ធិមនុស្សអន្តរជាតិមួយឈ្មោះ Amnesty International បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការធ្វើទុក្ខបុកម្នេញដ៏ធ្ងន់ធ្ងរចំពោះក្រុមជំទាស់ សារព័ត៌មាន ហើយនឹងអង្គការសង្គមស៊ីវិល មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយទទូចថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់។ នេះ បើតាមសេចក្តីថ្លែងការណ៍មួយដែលទើបចេញផ្សាយប៉ុន្មានម៉ោងមុននេះ។
ការថ្លែងយ៉ាងដូច្នេះគឺយោងទៅលើការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការបិទកាសែតបរទេស The Cambodia Daily និងការបណ្តេញចេញអង្គការអាមេរិកាំងមួយ ឈ្មោះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ( NDI) និងអង្គការសង្គមស៊ីវិលក្នុងស្រុកមួយនិងការរិតត្បិតសេរីភាពព័ត៌មានក្នុងស្រុកមួយចំនួនទៀត ក្រោមបទចោទប្រកាន់ថាមិនគោរពច្បាប់កម្ពុជា មិនបង់ពន្ធជូនរដ្ឋជាដើមនោះ។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះរបស់អង្គការAmnesty International បានបញ្ជាក់ថា៖
«ការចោទប្រកាន់បែបប្រឌិតប្រឆាំងនឹងលោក កឹម សុខា គឺជារឿងដែលបានកើតឡើងចុងក្រោយបំផុតក្នុងយុទ្ធនាការ របស់រដ្ឋាភិបាលដែលកំពុងតែរីករាលដាលដ៏ឆាប់រហ័សនោះ ហើយយុទ្ធនាការនេះក៏កំពុងរិតត្បិតបណ្តាញព័ត៌មានឯករាជ្យ ការវិភាគមុន ការបោះឆ្នោតជាសាកលឆ្នាំ២០១៨ផងដែរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយភ្លាមៗក្រោយការចាប់ខ្លួន លោក កឹម សុខា ឱ្យដឹងថា វីដេអូខ្លីមួយដែលចែកចាយតាមបណ្តាញសង្គម និងភស្តុតាងប្រមូលបានដោយសម្ថកិច្ច បញ្ជាក់ថាលោក កឹម សុខា បានរៀបចំផែនការសម្ងាត់ ឃុបឃិតគ្នាជាមួយបក្ខពួកបរទេសដែលនេះគឺជាអំពើចារកម្ម ក្បត់ជាតិ តាមបញ្ញាត្តិច្បាប់ ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដដែលអំពាវនាវឱ្យមានការស្ងៀមស្ងាត់នឹងទុកករណីនេះជូនតុលាការកម្ពុជាដើម្បីបន្តនីតិវិធីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានរៀបរាប់អំពីការប្រកាសបទបន្ទប់ស្ថានការដែលតាមឃ្លាំមើលការបោះឆ្នោត បង្ខំឲ្យអង្គការឯករាជ្យ ដូចជាអង្គការសិទ្ធិមនុស្សលីកាដូ អង្គការសិទ្ធមនុស្សអាដហុក អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល បង់ពន្ធ ការបញ្ជាឲ្យស្ថានីយវិទ្យុមួយចំនួនបញ្ឈប់ការផ្សាយបន្តកម្មវិធីផ្សាយរបស់វិទ្យុ VOA និងអាស៊ីសេរី ការបញ្ជាបិទទ្វារអង្គការ NDI របស់សរអា និងការបង្ខំបិទកាសែត The Cambodia Daily ជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ អង្គការ Amnesty International អំពាវនាវឲ្យក្រុមប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអសប រួមទាំងប្រទេសផ្តល់ជំនួយធំៗរបស់កម្ពុជា ដូចជា អាមេរិក ចិន អាល្លឺម៉ង់ ជប៉ុន អង់គ្លេស បានយល់អំពីភាពចាំបាច់និងភាពធ្ងន់ធ្ងរនៃដំណើរការដែលធ្វើឲ្យខូចខាតដល់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយឆ្លើយតបតាមដំណើរការនោះក្នុងកិច្ចប្រជុំប្រចាំឆ្នាំនាពេលខាងមុខ ដោយមិនគួរបែរចេញពីបញ្ហាកម្ពុជាទេ។ ហើយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្សេងទៀតត្រូវធានាពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
«ដោយមានពាក់ព័ន្ធយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល២៥ឆ្នាំនេះ សហគមន៍អន្តរជាតិមិនត្រូវបែរចេញទេនៅពេលនេះទេ ខណៈដែលរដ្ឋាភិបាលកម្ពុជាគំរាមដើរបញ្ច្រាស ហើយប្រើប្រាស់ច្បាប់ជាឧបករណ៍ដើម្បីរឹតត្បិត និងបំបិទសម្លេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលផងនោះ»។
អង្គការសិទ្ធិមនុស្សនេះ បានបង្ហាញឲ្យឃើញថា កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សខាងមុខគឺជារឿងសំខាន់ ដំណាលពេលដែលកម្ពុជាវាយប្រហារលើក្រុមគណបក្សជំទាស់ បណ្តាញព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិលនៅតែបន្តកើតឡើងមុនការបោះឆ្នោតនេះ។ ការចាប់ខ្លួនលោក កឹម សុខា និងការរិតត្បិតសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនេះ បាននាំឲ្យមានប្រតិកម្មជាអន្តរជាតិធ្ងន់ៗ ជាពិសេសការដាក់សំណួរពីដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោតសេរី និងយុត្តិធម៌ហើយនឹងសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជាដែលដឹកនាំដោយរដ្ឋាភិបាលគណបក្សគ្របគ្រងប្រទេសរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនោះ៕