ភ្នំពេញ — នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ វិបត្តិនយោបាយនៅកម្ពុជាមានអាយុគ្រប់ពីរឆ្នាំគត់ ដោយរាប់ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណបក្សនេះ ត្រូវបានបង្កើតឡើងដោយគណបក្សមាននិន្នាការប្រជាធិបតេយ្យចំនួនពីរ គឺគណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។
ប៉ុន្តែការរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជានេះ បានក្លាយជាលំហូរនៃវិបត្តិនយោបាយដែលអូសបន្លាយ ហើយភាពតានតឹងកាន់តែកើនឡើងរយៈពេលចុងក្រោយនេះ។
ក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗរបស់គណបក្សនេះស្ទើរតែទាំងអស់ត្រូវបានតុលាការកម្ពុជាដែលទទួលរងការរិះគន់ដោយសារភាពលម្អៀងខាងនយោបាយ ចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន។ ក្នុងនោះលោកកឹម សុខា ត្រូវចាប់ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិកាលពីឆ្នាំ២០១៧។ បច្ចុប្បន្ននេះលោកកឹម សុខា ត្រូវស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញ។ រីឯលោកសម រង្ស៊ី ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួនតាំងពីឆ្នាំ២០១៥មក។
ប៉ុន្តែនៅពេលដែលលោកសម រង្ស៊ី បានប្រកាសពីក្រៅប្រទេសថា លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ រដ្ឋាភិបាលរបស់គណបក្សកាន់អំណាចដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្កើនការដាក់សម្ពាធតាមរយៈការចោទប្រកាន់ និងចាប់ខ្លួនសកម្មជននិងមន្ត្រីនយោបាយមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិស្ទើររាល់ថ្ងៃ។ មនុស្សដែលមាននិន្នាការនយោបាយគាំទ្រគណបក្សប្រឆាំងយ៉ាងតិច៦០នាក់ ត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះ។
អ្នកវិភាគកម្ពុជាមើលឃើញថា ស្ថានភាពនយោបាយកម្ពុជាមិនបានធូរស្រាលនោះទេស្របពេលដែលកម្ពុជាកំពុងស្ថិតក្រោមគំនាបនៃការដកឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់សហភាពអឺរ៉ុប «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ Everything But Arms (EBA) និងទៅកាន់សហរដ្ឋអាមេរិក (GSP)។ ការដកហូតឋានៈអនុគ្រោះពន្ធ ជាពិសេស EBA អាចឲ្យកម្ពុជាខាតបង់យ៉ាងតិចជិតពី៦០០ ទៅ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នេះបើយោងតាមអ្នកជំនាញការរបស់ធនាគារពិភពលោក។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបនិងជាអតីតនាយកវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ថា ការដោះលែងលោកកឹម សុខា ពីការឃុំឃាំងនៅក្នុងផ្ទះ ក្រោមការឃ្លាំមើលរបស់តុលាការ អាចជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។
«គឺចាប់ផ្តើមពីដោះលែងកឹម សុខា។ អឺរ៉ុបក៏ទាមទារជាអាទិភាព។ អាមេរិកាំងជាញឹកញយ គឺថា (ទាមទារ) ដោះលែងកឹម សុខា ដោះលែងកឹម សុខា។ ដូច្នេះគន្លឹះមានតែចាប់ផ្តើមពីហ្នឹងទៅ។ រួចចរចាបញ្ហាសេសសល់ទៀតទៅ រួមទាំងបញ្ហាសម រង្ស៊ី»។
ត្រង់ចំណុចនេះ លោកអ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគត (Future Forum) យល់ស្របដូចគ្នា។
«ចេញរួច គឺទាក់ទងនឹងការដោះលែងលោកកឹម សុខា និងអនុញ្ញាតឲ្យអ្នកនយោបាយ (ប្រឆាំង) ធ្វើនយោបាយឡើងវិញ តាមរយៈការ (ដោះស្រាយ) ដោយទុកមុខមាត់ឲ្យគ្នាទាំងសងខាង»។
ការទុកមុខមាត់ឲ្យគ្នាសម្រាប់លោកអ៊ូ វីរៈ គឺសំដៅលើលទ្ធភាពអាចលើកលែងការចោទប្រកាន់លើលោកកឹម សុខា ឬប្តូរទៅបទចោទផ្សេង។ មួយវិញទៀតគឺអ្នកនយោបាយបក្សកាន់អំណាចនិងអតីតបក្សប្រឆាំង ត្រូវបញ្ឈប់ការយកចាញ់ យកឈ្នះគ្នា តាមរយៈការភ្នាល់ទាក់ទងនឹងការចាប់ខ្លួនលោកសម រង្ស៊ី។
ក៏ប៉ុន្តែ សម្រាប់មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ ការដោះលែងលោកកឹម សុខា គឺជារឿងដែលមិនអាចទៅរួចនោះទេ ដោយសារតែសំណុំរឿងលោកកឹម សុខា កំពុងស្ថិតក្នុងដៃតុលាការ។
គណបក្សសង្គ្រោះជាតិត្រូវរំលាយចោល នៅពេលដែលគណបក្សនេះមានអាយុកាលត្រឹមតែជាងប្រាំឆ្នាំប៉ុណ្ណោះ។ ហើយលោកកឹម សុខា បានឡើងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិជំនួសលោកសម រង្ស៊ី មុននឹងគណបក្សនេះត្រូវរំលាយចោល។
គណបក្សប្រឆាំងនេះបានក្លាយទៅជាការគំរាមកំហែងដល់ការបន្តដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅពេលដែលគណបក្សនេះប្រមូលបានកៅអីតំណាងរាស្ត្រចំនួន៥៥ ក្នុងចំណោមអសនៈសរុប១២៣ ក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣។ ហើយគណបក្សសង្គ្រោះជាតិបន្តកើនអសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដោយបានស្រូបយកអសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥០០៧ ដោយទទួលបានតំណែងជាមេឃុំនិងចៅសង្កាត់ ចំនួន៤៨៩ ក្នុងចំណោមអសនៈមេឃុំចៅសង្កាត់សរុបចំនួន ១៦៤៦ នៅទូទាំង២៥ខេត្តរាជធានី។
អសនៈជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរតែ១០០ភាគរយត្រូវគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូងនៅឆ្នាំ២០០២។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺជាជំហានមួយឆ្ពោះទៅរកដំណើរការវិមជ្ឈការអំណាចនៅមូលដ្ឋាន តាមការផ្តល់យោបល់របស់សហគមន៍អន្តរជាតិ។
ក្រៅពីការដោះលែងលោកកឹម សុខា លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា គណបក្សដែលមានទំនាស់គួរចាប់ផ្តើមចរចាគ្នាដើម្បីអាចជួយបន្ធូរបន្ថយបរិយាកាសនយោបាយ និងនាំទៅរកការដោះស្រាយនាពេលខាងមុខ។
«ឲ្យតែមានការចរចា អត់មានភាពតានតឹងអីទៀតទេ»។
ប៉ុន្តែកូនសោរនៃការចរចា គឺកំពុងស្ថិតនៅក្នុងដៃគណបក្សកាន់អំណាច នេះបើផ្អែកតាមការវិភាគរបស់លោក អ៊ូ វីរៈ។
«បើសិនជាគណបក្សប្រជាជនមើលឃើញថាមានប្រយោជន៍សម្រាប់គាត់ គាត់នឹងចរចា។ បើសិនក្នុងករណីគាត់អាចថែរក្សាអំណាចបាន ថែរក្សាសេដ្ឋកិច្ចបាន គាត់អាចបន្តឲ្យមានការគាំទ្រពីប្រជាពលរដ្ឋ បើសិនជាគាត់អាចថែរក្សាទាំងអស់ហ្នឹងបាន គាត់អាចនឹងចរចាគ្នា គាត់អាចនឹងនិយាយគ្នា»។
ក្នុងពេលនេះទំនោរទៅរកការចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជានិងអតីតគណបក្សសង្គ្រោះជាតិ មិនទាន់មានសញ្ញាអ្វីមួយនៅឡើយ។
យោងតាមការបកស្រាយរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គណបក្សកាន់អំណាចហាក់ដូចជាប្រុងប្រយ័ត្នក្នុងការធ្វើការចរចាណាមួយដោយហេតុថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងបន្ថែមការភ្នាល់នៅលើតុ ក្រោយការចរចាចាប់ផ្តើម។
«វាអត់ចប់ទេ។ ដោះលែងកឹម សុខា ហើយ វានៅយកអា៥០០៧នាក់មកទៀត (សមាជិកក្រុមប្រឹក្សាឃុំសង្កាត់) ទារយកតំណាងរាស្ត្រទាំង៥៥នាក់មកវិញ ប៉ុន្តែ (ពួកគេ) មិនទាន់និយាយ ដោយសារ (ពួកគេចង់) ឲ្យចេញមួយសិន ដើម្បីចេញពីរ ចេញបី ចេញបួន។ រឿងអត់ចប់ទេ។ ប៉ុន្តែចប់ពេលណាដែលទណ្ឌិតសម រង្ស៊ី ចូលមក និងត្រូវចាប់ដាក់គុកប៉ុណ្ណោះ»។
នាពេលនេះ គណបក្សប្រជាជនកម្ពុជា តាមរយៈការក្តាប់អំណាចយ៉ាងណែននៅក្នុងដៃ ត្រូវគេមើលឃើញថាបានបន្ថែមសម្ពាធលើគូប្រជែងរបស់ខ្លួន ដោយប្រើវិធានការតុលាការនិងហេតុផលការពារសន្តិសុខ សុវត្ថិភាពសង្គម។ ហើយបញ្ហានេះទំនងជាអ្វីដែលគណបក្សប្រជាជនកម្ពុជាចង់បានដើម្បីស្ទង់មើលដង្ហើមនៃសមាជិកគណបក្សប្រឆាំងថា តើពួកគេអាចតស៊ូបានយូរប៉ុណ្ណា នៅពេលដែលមេដឹកនាំរបស់ពួកគេបែកខ្ញែក។ ហើយរវាងក្រុមលោកកឹម សុខា និងក្រុមលោកសម រង្ស៊ី ហាក់ដូចជាមិនបាននិយាយភាសាតែមួយទេ។
លោកអ៊ូ វីរៈ យល់ថា សម្ពាធនេះបានធ្វើឲ្យអតីតគណបក្សប្រឆាំងបង្ហាញស្នាមប្រេះរួចទៅហើយ។
«តាមខ្ញុំវិភាគ គណបក្សសង្គ្រោះជាតិប្រហែលជាបែកជាពីរដូចកាលពីឆ្នាំ២០១២។ បែកទៅតាមបន្ទាត់ដើម។ ខាងក្រុមលោកកឹម សុខា មានគណបក្សសិទ្ធិមនុស្ស ប្រហែលជាទៅបន្ទាត់ដើម។ ខាងគណបក្សភ្លើងទៀនរបស់លោកសម រង្ស៊ី ប្រហែលជាទៅបន្ទាត់ដើម»។
ការវិលទៅរកធាតុដើមរបស់អតីតគណបក្សសង្គ្រោះជាតិ ថ្វីដ្បិតតែមិនមែនជាដំណោះស្រាយដែលល្អបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែយ៉ាងហោចណាស់គណបក្សនេះអាចបង្ហាញពីការបន្ធូរដៃបន្តិច ក្រោយពេលដែលរំលាយគណបក្សប្រឆាំងគូប្រជែងរបស់ខ្លួន។ ហើយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានវិលចូលឆាកនយោបាយវិញ ដើម្បីធ្វើការប្រកួតប្រជែងជាថ្មី។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបង្ហាញត្រង់ៗថា នេះជាដំណោះស្រាយមួយនោះទេ។ ប៉ុន្តែលោកមានប្រសាសន៍ថា ក្រុមអ្នកនយោបាយប្រឆាំងអាចវិលទៅរកគណបក្សដើមវិញ។
«យកគណបក្សចាស់។ ហើយអស់លោកដែលយកគណបក្សចាស់ក៏ដោយ អស់លោកដែលបង្កើតគណបក្សថ្មីក៏ដោយ ត្រូវតែអនុវត្តតាមវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ (គឺ) ចូលមកសុំតាមរយៈក្រសួងមហាផ្ទៃដើម្បីទទួលបាននិតិសម្បទាធ្វើនយោបាយឡើងវិញ»។
យ៉ាងណាក៏ដោយ នៅមានពន្លឺពីរទៀតសម្រាប់ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ក្នុងនោះរួមមានព្រះរាជអន្តរាគមន៍បែបណាមួយរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ប៉ុន្តែត្រង់ចំណុចនេះហាក់ដូចជាមិនទាន់ស្ថិតក្នុងក្តីរំពឹងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។
ស្របពេលជាមួយគ្នានេះដែរ អន្តរាគមន៍ពីអន្តរជាតិសម្រាប់ដំណោះស្រាយនយោបាយកម្ពុជាអាចមានភាពចាំបាច់។ ប៉ុន្តែប្រសិនបើអ្នកនយោបាយខ្មែរជ្រើសរើសផ្លូវអន្តរាគមន៍ពីអន្តរជាតិ នោះចង់មិនចង់ អ្នកនយោបាយកម្ពុជានឹងបាត់បង់ឥស្សរភាពជាតិនិយមមួយផ្នែក។
សម្រាប់លោកបណ្ឌិតឡៅ ម៉ុងហៃ ប្រទេសចិនទំនងជាប្រទេសដែលសក្តិសមជាងគេក្នុងពេលនេះដើម្បីដើរតួជាអ្នកសម្របសម្រួលនិងដោះស្រាយវិបត្តិនយោបាយកម្ពុជា៕