ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​តានតឹង​ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ជាប់​គាំង និង​ការ​បាញ់​មីស៊ីល​ដោយ​កូរ៉េខាងជើង


កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​រូបភាព​នៃ​ការ​សាកល្បង​អាវុធ​ថ្មី​មួយ ក្នុង​ប្រទសេ​កូរ៉េ​ខាង​ជើង។
កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​ចេញ​ផ្សាយ​រូបភាព​នៃ​ការ​សាកល្បង​អាវុធ​ថ្មី​មួយ ក្នុង​ប្រទសេ​កូរ៉េ​ខាង​ជើង។

ការ​ចរចា​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​នៅ​កំពុង​ជាប់គាំង​នៅ​ឡើយ។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្កើន​ការ​បាញ់​មីស៊ីល​ផ្លោង​របស់​ខ្លួន​ជា​ហូរហែរ។ ហើយ​ចំណែក​ឯនៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ​ គូប្រជែង​ឈានមុខ​គេ​របស់​លោក​ប្រធានាធិបតី Donald Trump កំពុង​គំរាមកំហែង​ថា​នឹង​ចាត់​វិធានការ​តឹងរឹង​ទៅលើ​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong Un។

ទាំងនេះ​បាន​បន្ថែម​បញ្ហា​កាន់​តែ​ខ្លាំង​ទៅ​ដល់​រដ្ឋាភិបាល​សេរី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ​ដែល​ធ្លាប់​បាន​ជួយ​រៀបចំ​កិច្ចចរចា​ នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េខាងជើង​កាល​ពី​ឆ្នាំ២០១៨​ឲ្យ​កើត​ជា​រូបរាង ឡើង​ ប៉ុន្តែ​ឥឡូវ​នេះ​កូរ៉េ​ខាងត្បូង​អាច​ធ្វើ​បាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុងការ​ជំរុញឲ្យ​កិច្ចចរចា​ដំណើរការ​ទៅ​មុខ។

លោក Song Young-gil សមាជិក​សភា​កូរ៉េខាងត្បូង ​និង​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកប្រធានាធិបតី Moon បាន​ប្រាប់ VOA ថា «លោក Trump ប្រហែល​ជា​និយាយ​ថា​ ពេលវេលា​មិនមែន​ជា​បញ្ហា​ទេ​ ប៉ុន្តែ​យើង​គ្មាន​ពេល​គ្រប់គ្រាន់​ទេ‍។ បញ្ហា​គួរតែ​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ‍»។

កូរ៉េខាងជើង​បាន​ដាក់​កាលកំណត់​ត្រឹម​ចុងឆ្នាំ​នេះ​ ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េខាងជើង​ ដែល​បាន​ជាប់គាំង​ចាប់តាំង​ពី​ជំនួប​កំពូល​រវាងលោក​ប្រធានាធិបតី Trump និងលោក Kim កាល​ពី​ខែកុម្ភៈ ដែល​ទទួល​បរាជ័យ​ក្នុង​ការ​ចរចា​អំពី​ការ​ដក​ទណ្ឌកម្ម​ចេញ​ពី​កូរ៉េខាងជើង​ជា​ថ្នូរ​នឹងដំណាក់កាល​នៃ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

កូរ៉េខាងជើង​បាន​យល់ព្រម​ធ្វើ​ការ​ចរចា​សារ​ជា​ថ្មី​បន្ទាប់​ពី​យោធា​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បញ្ចប់​ការ​ធ្វើ​សមយុទ្ធយោធា​នៅ​ចុង​ខែ​នេះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក Trump។ ប៉ុន្តែ​គ្មាន​ភាគីណាមួយ​ប្រកាស​បន្ទន់​ជំហរ​ជា​សាធារណៈ​ឡើយ។ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថាតើ​ជំនួប​លើក​ទីបួន​រវាង​លោក Trump និងលោក Kim នឹង​អា​ច​សម្រេច​បាន​លទ្ធផល​អ្វីខ្លះ​នោះ​ទេ៕

XS
SM
MD
LG