ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករួច​ជីវិត​ពី​របប​ខ្មែរក្រហម​ដែល​បាក់ស្បាត​ដោយសារ​អ្នកចូល​លួចប្លន់ មិន​ចង់​ឲ្យ​គេ​ភ្លេច​រឿងរ៉ាវ​ពួកគេ​ទេ


លោក Rumpo Chim ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយរូប និង​ជា​ម្ចាស់​ហាង​ភីហ្សា​មួយ​កន្លែង​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា។
លោក Rumpo Chim ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយរូប និង​ជា​ម្ចាស់​ហាង​ភីហ្សា​មួយ​កន្លែង​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា។

ការ​ចូល​លួច​ឆក់​ប្លន់​ក្នុង​ហាង​នានា​ក្នុង​ក្រុង​ឡុងប៊ិច បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​ជនជាតិ​ផ្សេងៗ​នៅ​ទូទាំង​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ករណី​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​ឈ្មោះ George Floyd ដែល​បាន​ស្លាប់​ក្នុង​ទីក្រុង​​ Minneapolis។

នៅ​ទូទាំង​ក្រុង​ខ្មែរ Cambodia Town ដែល​ជា​សហគមន៍​ជនអន្តោប្រវេសន៍​ខ្មែរ​អាមេរិកាំង​មួយ នៅ​ក្នុង​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គេ​ឃើញ​មាន​ហាង​អាជីវកម្ម​និង​ទីតាំង​ជំនួញ​ជាច្រើន​កន្លែង។​ ហាង​អាជីវកម្ម​និង​ទីតាំង​ជំនួញ​ទាំងនោះ​គឺ​ជាការ​រំឭក​ដល់​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ២០២០ កន្លង​ទៅ​នេះ​។

នៅ​ពេល​ដែល​កាមេរ៉ា​ព័ត៌មាន​ថត​យក​រូបភាព​អ្នក​ដែល​ចូលលួច​របស់របរ​ក្នុង​ហាង ដែល​ហាង​ខ្លះ​មាន​អ្នក​ចូល​ទៅ​លួច​នៅគ្រប់​ច្រកល្ហក​នោះ លោក Rumpo Chim កំពុង​ស្ថិត​នៅ​ក្នុង​ហាង​ភីហ្សា​របស់​លោក ដោយ​មិន​ចេញ​ទៅ​ណា​ឡើយ ដើម្បីការពារ​ហាង​របស់​លោក។

លោក​បាន​លើក​ឡើង​ក្នុង​សម្ដី​ដើម​ថា៖ «វា​ជា​រឿង​គួរ​អោយ​ខ្លាច​ណាស់។ វា​ដូច​ជា​រឿង​កុន​ដែល​គេ​ថត​អញ្ចឹង​។ មាន​អ្នក​ចង់លួច​ឥវ៉ាន់​សម្រុក​ចូល​មកពី​ខាង​ឆ្វេង ពី​ខាង​ស្តំា គឺ​ពី​គ្រប់​ជ្រុង​ទាំងអស់។​ ខ្ញុំ​ត្រូវ​ភ្ជង់​កាំភ្លើង​ដាក់​ពួកគេ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ទាំង​នោះ​ថា អ្នក​ឯង​ត្រូវ​ចាកចេញ​ឥឡូវនេះ»។​

បន្ទាប់​មក​ទៀត លោក Chim បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​បងថ្លៃ​ស្រី​របស់​លោក​ដែល​ជា​ម្ចាស់​ហាង​លក់​គ្រឿង​អលង្ការ​មួយ​នៅ​ក្នុង​អគារ​តែមួយ។​ នៅ​ពេល​ដែល​លោក​ត្រឡប់​មក​ហាង​ភីហ្សា​របស់​លោក​វិញ​នៅ​យប់​ដដែល​នោះ ហាង​របស់​លោក​ត្រូវ​បាន​គេ​វ៉ៃ​បំផ្លាញ ហើយ​ហាង​លក់​គ្រឿង​អលង្ការ​របស់​បង​ថ្លៃ​ស្រី​របស់​លោក​ក៏​ត្រូវ​បាន​គេ​ដុត​ឲ្យ​ឆេះ​ផង​ដែរ។


ការ​ចូល​លួច​ឆក់​ប្លន់​ក្នុង​ហាង​នានា​ក្នុង​ក្រុង​ឡុងប៊ិច បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​ជនជាតិ​ផ្សេងៗ​នៅ​ទូទាំង​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ករណី​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​ឈ្មោះ George Floyd ដែល​បាន​ស្លាប់​ក្នុង​ទីក្រុង Minneapolis នៅ​ពេល​ដែល​ប៉ូលិស​ឃាត់​ខ្លួន​រូប​គាត់។

មន្ត្រី​ប៉ូលិស​ស្បែក​ស លោក Derek Chauvin ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​មិន​មាន​ការ​គិត​ទុក​ជា​មុន បន្ទាប់​ពី​ឃ្លីប​វីដេអូ​មួយ​បាន​បង្ហាញ​ថា​ មន្ត្រី​ប៉ូលិស​រូប​នេះ បាន​សង្កត់​ជង្គង់​របស់​ខ្លួន​ទៅ​លើ​ក​របស់​លោក Floyd​ អស់​ពេល​ជិត៩នាទី ទោះ​បុរស​ស្បែក​ខ្មៅ​រូប​នេះ​បាន​ស្រែក​ថា ខ្លួន​មិន​អាច​ដក​ដង្ហើម​រួច​នោះ​ទេ។ ​មន្រ្តី​ប៉ូលិស​បី​នាក់​ផ្សេង​ទៀត​នៅ​កន្លែង​កើតហេតុ ក៏​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ផងដែរ។ លោក Derek Chauvin ពី​ដំបូង​ឡើយ​រង​បទ​ចោទ​ប្រកាន់​អំពើ​ឃាតកម្មដោយ​អចេតនា​(កម្រិតទី៣) និង​បទ​មនុស្ស​ឃាត​មិន​មាន​ការ​គិត​ទុក​ជា​មុន(​កម្រិត​ទី​ពីរ)​តាម​ច្បាប់​រដ្ឋ Minnesota។

នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​បាតុកម្មដោយ​សន្ដិវិធី​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​សាសន៍ និង​ភាព​អយុត្តិធម៌​សង្គម​នោះ មាន​ក្រុម​មនុស្ស​មួយ​ចំនួន​បាន​បំផ្លាញ និង​ចូល​លួច​ទំនិញ​ក្នុង​ហាង​មួយ​ចំនួន។ សម្រាប់​លោក Chim និង​អ្នក​រស់​នៅ​ក្នុង​ក្រុង​ខ្មែរ Cambodia Town អំពើ​ហិង្សា​នេះ បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​នូវ​ការ​ឈឺចាប់​កាល​ពី​អតីតកាល។

លោក Chim ​បាន​និយាយ​ទាំង​ខឹង​សម្បារ​ថា៖ «យើង​បាន​រស់រាន​ពី​របប​ខ្មែរ​ក្រហម ហើយ​បាន​មក​រស់​នៅ​ទីនេះ​ ត្រូវ​បាន​គេ​វ៉ៃ​ដំ​កាល​ពី​នៅ​ក្មេង​ មុន​នឹងធំដឹងក្តី​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក​នេះ។ ​ពេលនេះ រឿងរ៉ាវ​ទាំង​នេះ​ធ្វើ​អោយ​យើង​នឹក​ឃើញ​រឿង​ទាំងអស់​នោះ​ឡើងវិញ»។

ជនអន្តោប្រវេសន៍ខ្មែរ​ជាច្រើន​ ដែល​ធ្វើការ​និង​រស់​នៅ​ក្នុង​ក្រុង​ឡុងប៊ិច បាន​រត់​គេចពី​អំពើ​ព្រៃផ្សៃ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ក្នុង​អំឡុង​ទសវត្ស​១៩៧០។ ដូច​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្រ្វិក​ជាច្រើន​នាក់​ទៀត​ដែរ លោក Chim បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក៏​ប្រឈមនិងការរើសអើង​ពូជសាសន៍​ដែរ នៅ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​សហរដ្ឋ​អាមេរិក និង​បាន​ធ្វើ​ការងារ​រាប់​ទសវត្ស​ ដើម្បី​ស្តារ​ជីវិត​របស់​ពួកគេឡើង​វិញ។ ​

ដោយ​មាន​កូន​តូចៗ​កំពុង​រស់នៅ​ក្នុង​បន្ទុក​ផង លោក Chim និង​ភរិយា​របស់លោក​ ជួប​ទុក្ខលំបាក​ដោយសារ​ការ​បាត់បង់​ចំណូល​ពី​ការ​បិទ​ហាង ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩។ ​ប៉ុន្តែ​គ្រាន់​តែ​ប្រទេស​ទាំងមូល​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​ឡើងវិញ​ ហាង​ជំនួញ​ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​យ៉ាប់យ៉ឺន​ស្រាប់​ផង​នោះ ក៏​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃក្រុម​ជន​ដែល​បាន​ចូល​មក​បំផ្លាញ​និង​ឆក់ប្លន់​ភ្លាមៗ​តែម្តង។

លោក Chim បាន​និយាយ​ក្នុង​សម្ដី​ដើម​ថា៖ «មនុស្ស​គ្រប់គ្នា​អាច​និយាយ​ថា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ​ ឬ​ black lives matter» ចុះជីវិតរបស់​ជន​ជាតិ​អាស៊ី ឬ​ជីវិត​របស់​អ្នក​ដទៃទៀត​ជាទូទៅ​តើ​យ៉ាង​មេចដែរ?​ លោក​បន្ថែម​ថា ជនជាតិភាគតិច​ដទៃទៀត​ ក៏​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​នៃ​ការរើស​អើង​ពូជសាសន៍​និង​ភាពអយុត្តិធម៌​ក្នុង​សង្គម​ផង​ដែរ ដែល​លោក​ថា​ លោក​មិន​ចង់​ឲ្យ​មានការ​បំភ្លេចចោល​នោះ​ទេ។

សម្រាប់​លោក Chim ស្លាកស្នាម​នៃ​អំពើ​អយុត្តិធម៌​ បាន​ប្រែក្លាយ​ទៅ​ជា​អគារ​ហាង​ជំនួញ​ ដែល​កើត​ចេញ​ពី​ការខិតខំប្រឹងប្រែង​ការងារអស់​រយៈពេល​រាប់​ទសវត្ស​ ដែល​ក្រុម​គ្រួសារ​សាច់ញាតិ របស់​លោក​ បាន​ប្រមូល​ធនធាន​ដើម្បី​បើកមុខ​របរ​អាជីវកម្ម​រួម​គ្នា។ ​

ក្នុង​អំឡុង​ទសវត្ស​១៩៩០ លោក Charles Song ដែល​ជា​ពូ​ថ្លៃ​របស់​លោក Chim ​ ធ្លាប់​ធ្វើ​ជា​ម្ចាស់​ហាង​គ្រឿងអលង្ការ​ក្នុងក្រុង​ខ្មែរ Cambodia Town ប៉ុន្តែ​ឥឡូវនេះ​ ក្មួយ​ស្រី​របស់លោក​ម្នាក់​ជា​អ្នក​កាន់កាប់​ហាង​នេះវិញ។ លោក Charles Song បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​អំពើ​ហិង្សា​ស្រដៀង​គ្នា​ដែល​បាន​កើត​មាន​ឡើង​នៅ​ឆ្នាំ​១៩៩២ ដែល​ក្រោយ​មក​មន្ត្រី​ប៉ូលិស​ទីក្រុង Los Angeles ចំនួន៤នាក់​ ត្រូវ​បាន​តុលា​ការ​លើកលែង​ការ​ចោទប្រកាន់​ពី​បទ​វាយ​ធ្វើ​បាប​ពលរដ្ឋ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Rodney King។​

លោក Charles Song ថ្លែង​ក្នុង​សម្ដី​ដើម​អំពី​ហេតុការណ៍​កាល​ពី​ពេល​នោះ​ថា៖

«កាល​ហ្នឹង​ខ្ញុំ​នៅ​ចាំ​ច្បាស់។ ខ្ញុំមាន​កាំភ្លើង AK 47 ជាមួយ​មិត្តភក្ដិ​របស់​ខ្ញុំដែល​មាន​កាំភ្លើង​ខ្លី។ យើង​ទាំង​ពីរ​នាក់​ឈរ​នៅ​លើ​ដំបូល​ត្រៀម​លក្ខណៈ​ជា​ស្រេច មិនមែន​ត្រៀមលក្ខណៈ​ចាំ​បាញ់​សម្លាប់​អ្នកណាទេ គឺ​យើង​ត្រៀមលក្ខណៈ​ដើម្បី​ការពារ​មិន​ឲ្យ​អ្នកណា​ម្នាក់​ចូល​មក​គាស់​កាយ​នៅ​ហាង​របស់​យើង​បាន​។ ពេលនោះ​យើង​អាច​ការពារ​ហាង​របស់​យើង​បាន»។

លោក​ Song បន្ថែម​ទៀត​ថា លោក​យល់​ពី​អារម្មណ៍​ខឹង​សម្បារ​របស់​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ពី​ប្រវត្តិ​អយុត្តិធម៌​សង្គម និង​អំពើ​ឃោរឃៅ​ប៉ូលិស​ប្រព្រឹត្ត​មកលើ​លោក Floyd។ លោក​ថា លោក​គាំទ្រ​ចំពោះ​ការ​ប្រឆាំង​ដើម្បី​រក​យុត្តិធម៌​សង្គម ព្រោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក Floyd វា​បាន​កើត​ឡើង​ចំពោះ​ជនជាតិ​អាស៊ី ចំពោះ​ជនជាតិ​ខ្មែរ និងចំពោះ​ជន​ជាតិ​ភាគ​តិចដទៃផ្សេងៗ​ទៀត។ វា​គ្រាន់​តែថា អ្វី​ដែល​កើត​ឡើង​ចំពោះជន​ជាតិ​អាស៊ី​ប្រហែល​ជាមិនត្រូវ​បាន​គេ​ដឹង​តែ​ប៉ុណ្ណោះ។

លោក​ Song បន្ត​ទៀត​ថា លោក​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​គ្រប់គ្នា បាន​ឆ្លៀត​កេង​ចំណេញ​ពី​ការ​ប្រឆាំង​តវ៉ា​នោះ ដោយ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ទៅវិញ​ទេ។

លោក​បន្ថែម​ក្នុង​សម្ដី​ដើម​ទៀត​ថា៖ «ការ​ប្រយុទ្ធ​ដើម្បី​យុត្តិធម៌​សង្គម​ជារឿងមួយ​ ប៉ុន្តែ​ទន្ទឹម​នឹងនេះ​ មាន​មនុស្ស​មួយក្រុម​ផ្សេងទៀត បាន​ឆ្លៀត​ឱកាសកេង​ចំណេញ​ពីការតវ៉ា​រកយុត្តិធម៌​សង្គម ដោយ​ប្រែ​ក្លាយ​សកម្មភាព​នោះ​ឲ្យទៅជា​អំពើ​ហិង្សា​និង​មាន​ការឆក់ប្លន់​ទៅវិញ។

លោក​ស្រី​ Laura Som នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បាក់ស្បាត​ឈ្មោះ Maye Center បាន​ចំណាយពេល​ជាច្រើន​របស់​លោកស្រី​ ក្នុង​ការ​ជួយដល់​អ្នក​រស់​រាន​មាន​ជីវិតពី​របប​ប្រល័យ​ពូជសាសន៍​ ដើម្បី​ជួយ​ឲ្យ​ពួកគេ​មាន​ស្ងប់​ផ្លូវ​ចិត្ត ចំពោះអ្វី​ដែល​បាន​កើត​មាន​ទៅលើ​ពួកគេ​ក្នុង​ពេល​កន្លងមក និង​ផ្តល់​សំឡេង​ដល់​ជនអន្តោប្រវេសន៍​ក្នុង​ក្រុង​ខ្មែរ Cambodia Town។

អ្នកស្រី​បាន​ថ្លែងក្នុង​សម្ដី​ដើមថា៖​

«ខ្ញុំចង់​បញ្ជាក់ថា យើង​មិន​បាន​បន្ទោស​ដល់​អ្នក​លួច​ឆក់​ប្លន់​ទាំងនោះថា​ជាដើមហេតុ​នោះទេ។ អ្នកស្រីបន្តថា «វាគឺជាប្រព័ន្ធសង្គម​ទៅ​វិញ​ដែល​ជា​រឹសគល់នៃ​អំពើ​ទាំងនោះ»។​

ទន្ទឹម​នឹង​ពេល​ដែល​លោក​ស្រី Laura Som ​ជួយ​បោសសម្អាត​កម្ទេចកម្ទី​ក្នុង​ហាងមិត្តភក្តិ​របស់​លោកស្រី លោកស្រី​ប្រាប់​ថា លោកស្រី​ទទួល​ស្គាល់​នូវ​រោគសញ្ញា​នៃ​ជំងឺ​ភ័យខ្លាចនេះ។

លោកស្រី​និយាយ​ក្នុង​សម្ដី​ដើម​យ៉ាង​ដូចនេះ​ថា៖ «ខ្ញុំ​ដឹង​ថា អ្នកលួច​ឆក់ប្លន់​ទាំងនោះ​មាន​ការ​ឈឺចាប់​ ខ្ញុំដឹងថា ពលរដ្ឋ​ក្នុង​សហគមន៍​របស់ខ្ញុំ​មាន​ការឈឺចាប់ ហើយ​ខ្ញុំដឹងថា សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្រ្វិក ក៏​មាន​ការឈឺចាប់ដែរ»។

លោកស្រី Som បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​ចូលលួចប្លន់​ទាំងនោះថា៖

«សូម​កុំ​ប្រើ​អំពើ​ហិង្សា​ ដើម្បី​បញ្ចប់​នូវ​ជំងឺ​បាក់ស្បាត។ លោក​ស្រី​បន្ថែម​ថា៖ «យើង​អាចទទួល​បាន​នូវ​យុត្តិធម៌​ដោយ​សន្តិវិធី»៕

ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG