សហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះគឺជា ខួបទី១៨នៃការវាយប្រហារភេរវកម្មក្នុងទីក្រុងញូវយ៉ក រដ្ឋVirginia និងរដ្ឋPennsylvania ដែលបានសម្លាប់មនុស្ស៣.០០០នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងចូលរួមពិធីរំឭកវិញ្ញាណក្ខណ្ឌនៅទីបញ្ជាការប៉ង់តាហ្គូនជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ នៅពេលដែលពួកភេរវកម្ម al-Qaida បានបញ្ជាយន្តហោះបុកអាគារ។
ចំណែកឯនៅក្នុងទីក្រុងញូវយ៉កវិញ អ្នករស់រានមានជីវិតរាប់រយនាក់ និងគ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងឧប្បទ្ទវហេតុនេះ នឹងមកជួបប្រមូលផ្តុំគ្នានៅទីតាំងអាគារភ្លោះឬ Twin Towers នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលត្រូវដួលរលំ ដោយសារការប្រហារភេរវកម្មដោយក្រុម al-Qaida។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ក៏នឹងទៅចូលរួមពិធីរំឭកវិញ្ញាណក្ខណ្ឌនៅទីក្រុង Shanksville រដ្ឋ Pennsylvania ផងដែរ គឺនៅជិតកន្លែងដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានធ្លាក់ បន្ទាប់ពីអ្នកធ្វើដំណើរនៅក្នុងយន្តហោះបានដណ្តើមបានការគ្រប់គ្រងយន្តហោះពីក្រុមភេរវកម្មដែលបានប្លន់យន្តហោះនោះ។ ភេរវជន ១៩នាក់ ដែលជាដៃជើងរបស់ក្រុម al-Qaida ជាអ្នកប្លន់យកយន្តហោះទាំងបួននេះ។
នេះគឺជាការប្រវាយប្រហារដែលមានមនុស្សស្លាប់ច្រើនបំផុតនៅលើទឹកដីសហរដ្ឋអាមេរិកចាប់តាំងពីការវាយប្រហារនៅមូលដ្ឋានកងទ័ពជើងទឹង Pearl Harbor កាលពីឆ្នាំ១៩៤១។ ព្រឹត្តិការណ៍នៅថ្ងៃទី១១ ខែកញ្ញាបានផ្លាស់ប្តូរការយល់ឃើញរបស់អាមេរិកចំពោះសន្តិសុខ និងបានជំរុញឲ្យអតីតប្រធានាធិបតីលោក George W. Bush ប្រកាសធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម និងវាយលុកប្រទេសអាហ្វហ្គានីស្ថាន។
ប៉ុន្មានឆ្នាំក្រោយការវាយប្រហារ សហរដ្ឋអាមេរិកបានស្វែងរកមេដឹកនាំក្រុម al-Qaida Osama bin Laden ហើយនៅខែឧសភា ឆ្នាំ២០១១ កងកម្លាំងប្រតិបត្តិការពិសេសសហរដ្ឋអាមេរិកបានវាយឆ្មក់ទីតាំងរបស់មេដឹកនាំ al-Qaida រូបនោះនៅតំបន់ Abbottabod ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលមេដឹកនាំរូបនេះត្រូវបានបាញ់សម្លាប់៕