ចំនួនមនុស្សនៅក្នុងសហរដ្ឋអាមេរិកដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេសនៅផ្ទះបានកើនឡើងបីដងក្នុងចន្លោះឆ្នាំ ១៩៨០ និង ២០១៩។ នេះបើយោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។
អ្នករស់នៅក្នុងសហរដ្ឋអាមេរិកជិត ៦៨ លាននាក់ដែលត្រូវជាប្រហែលម្នាក់ក្នុងចំណោម ៥ នាក់ និយាយភាសាទីពីរនៅផ្ទះ។ ចំនួននោះគឺ ២៣ លាននាក់នៅក្នុងឆ្នាំ ១៩៨០។
អ្នកស្រី Dina Arid ជាស្ត្រីរស់នៅក្នុងរដ្ឋ California ដែលមានកូនបីនាក់ដែលធំដឹងក្តីក៏និយាយភាសាអារ៉ាប់នៅផ្ទះក្រៅពីភាសាអង់គ្លេសដែរ។ អ្នកស្រីបានថ្លែងថា៖ «គេនិយាយថាប្រទេសនេះត្រូវបានគេស្គាល់ថាជាល្បាយនៃជាតិសាសន៍។ ដូច្នេះ វាជាការណ៍ល្អដែលវាមិនមែនគ្រាន់តែមានភាសាអង់គ្លេសជាចម្បងនោះទេ។ មានជនអន្តោប្រវេសន៍ជាច្រើននៅក្នុងប្រទេសនេះ»។
ភាសាអារ៉ាប់គឺជាភាសាមួយក្នុងចំណោមភាសាទីពីរ ដែលមានអ្នកនិយាយច្រើនបំផុតចំនួនប្រាំ នៅក្នុងសហរដ្ឋអាមេរិក។
អ្នកស្រី Arid ដែលភាគច្រើននិយាយភាសាអង់គ្លេសទៅកាន់កូនៗរបស់គាត់ កំពុងព្យាយាមបង្រៀនពួកគេនូវភាសាអារ៉ាប់តិចតួច។
អ្នកស្រីបានបន្ថែមថា៖ «និយាយដោយស្មោះត្រង់ទៅ ពេលធំដឹងក្តីឡើង ខ្ញុំមានបងប្អូនជីដូនមួយ ដែលមិនបានរៀនភាសាអារ៉ាប់ដូចខ្ញុំ ហើយពួកគេតែងតែមានអារម្មណ៍មិនអន់ចិត្តនឹងឪពុកម្តាយរបស់ពួកគេទេ ប៉ុន្តែពួកគេតែងតែប្រាថ្នាឱ្យឪពុកម្តាយរបស់ពួកគេនិយាយភាសាអារ៉ាប់ជាមួយពួកគេឱ្យបានច្រើនដើម្បីឱ្យពួកគេចេះភាសានោះ»។
អេស្ប៉ាញគឺជាភាសាទីពីរដ៏ពេញនិយមបំផុតនៅក្នុងសហរដ្ឋអាមេរិកដែលមានមនុស្សជាង ៤១ លាននាក់និយាយនៅតាមផ្ទះ ពោលគឺមានចំនួនច្រើនជាងភាសាទីពីរទូទៅបំផុតផ្សេងទៀតដល់ទៅ១២ ដង។ ជាតិសាសន៍អាមេរិកឡាទីនគឺជាក្រុមជាតិសាសន៍ភាគតិចច្រើនជាងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិក។
អ្នកនិយាយភាសាអេស្ប៉ាញនៅក្នុងសហរដ្ឋអាមេរិកជាងពាក់កណ្តាលដែលមានចំនួន ៥៥% បានកើតនៅក្នុងសហរដ្ឋអាមេរិក។
ភាសាផ្សេងទៀតដែលស្ថិតក្នុងចំណោមភាសាទីពីរដែលមានអ្នកនិយាយច្រើនបំផុតចំនួនប្រាំនៅក្នុងសហរដ្ឋអាមេរិកគឺចិន តាហ្គាឡុកដែលជាភាសាមួយនៅហ្វីលីពីន និងវៀតណាម។
នាង Jenny Nguyen និស្សិតពេទ្យធ្មេញនៅរដ្ឋ Virginia ដែលឪពុកម្តាយរបស់នាងបានធ្វើចំណាកស្រុកមកពីប្រទេសវៀតណាម បាននិយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំក៏និយាយភាសាអង់គ្លេសនៅផ្ទះដែរ ប៉ុន្តែពួកគេពិតជាព្យាយាមរក្សាភាសាវៀតណាម ដូចជាខ្ញុំនិយាយភាសាអង់គ្លេសនៅសាលាពេលថ្ងៃ ហើយពេលយប់ ខ្ញុំនិយាយតែភាសាវៀតណាម ដូច្នេះខ្ញុំអាចរក្សាភាសានេះបាននិងនិយាយបានរអិលហើយមិនបាត់បង់ទេ។ កាលពីខ្ញុំនៅក្មេង ខ្ញុំមិនយល់ពីសារៈសំខាន់នោះទេ ប៉ុន្តែឥឡូវខ្ញុំគិតថា ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចនិយាយនិងសរសេរបានក្នុងកម្រិតស្ទាត់ជំនាញបែបនេះ»។
នាងអាចប្រើជំនាញភាសារបស់នាងបានពេលនាងធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីផ្តល់ការថែទាំធ្មេញដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រនិងខ្វះការយកចិត្តទុកដាក់។ មិត្តភក្តិរបស់នាងជាច្រើននាក់ក៏ជាជនជាតិអាមេរិកាំងវៀតណាមដែរ។
នាង Nguyen បាននិយាយថា៖ «ពួកគេពិតជាមិនអាចប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺបានទេ ដោយសារពួកគេមិនមានកម្រិតមូលដ្ឋានភាសាក្នុងការនិយាយនិងស្តាប់យល់។ ខ្ញុំគឺជាអ្នកស្ម័គ្រចិត្តវ័យក្មេងម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តវ័យក្មេងតិចតួចបំផុតដែលអាចនិយាយ [ភាសាវៀតណាម] ជាមួយអ្នកជំងឺនិងប្រាស្រ័យទាក់ទងជាមួយពួកគេអំពីអ្វីដែលកំពុងកើតឡើងបាន»។
ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានឱ្យដឹងថា អ្នកនិយាយភាសាចិន វៀតណាម តាហ្គាឡុក និងអារ៉ាប់ទំនងជានឹងចូលសញ្ជាតិអាមេរិកជាជាងមិនមានសញ្ជាតិអាមេរិកទាល់តែសោះ។
លោក Raymond John "R.J" Mosuela អ្នកជ្រើសរើសបុគ្គលិកផ្នែកថែទាំសុខភាពនៅរដ្ឋ Virginia ដែលមានឪពុកម្តាយមកពីប្រទេសហ្វីលីពីន មិនអាចនិយាយភាសាតាហ្គាឡុកបានទេ ប៉ុន្តែលោកបាននិយាយថាលោកអាចយល់បាននៅពេលគេនិយាយមកកាន់លោក។
លោក Mosuela និយាយថា៖ «ភាសាតាហ្គាឡុកដែលជាគ្រាមភាសាចម្បងរបស់ហ្វីលីពីនត្រូវបាននិយាយនៅក្នុងផ្ទះ ប៉ុន្តែក៏លាយជាមួយនឹងភាសាអង់គ្លេសផងដែរ។ ខ្ញុំជាកូនពៅក្នុងចំណោមបងប្អូនប្រុសបីនាក់។ បងប្រុសរបស់ខ្ញុំពីរនាក់កើតនៅប្រទេសហ្វីលីពីន។ ឪពុកម្តាយរបស់ខ្ញុំកើតនៅប្រទេសហ្វីលីពីន ហើយនៅពេលដែលពួកគាត់មកទីនេះ ពួកគាត់បានផ្ដល់កំណើតដល់ខ្ញុំ។ … ម្តាយរបស់ខ្ញុំនិយាយមកកាន់ខ្ញុំជាភាសាតាហ្គាឡុក ហើយខ្ញុំឆ្លើយតបជាភាសាអង់គ្លេស»។
ការបញ្ជូនវប្បធម៌ដើមកំណើតរបស់ឪពុកម្តាយគាត់ទៅកូនៗរបស់គាត់គឺជារឿងសំខាន់សម្រាប់ លោក Mosuela។
លោកនិយាយថា៖ «នៅពេលដែលខ្ញុំរៀបការហើយមានកូន ខ្ញុំប្រហែលជាមិនបង្រៀនភាសា [តាហ្គាឡុកដល់កូនៗរបស់ខ្ញុំ] ទេ ប៉ុន្តែយ៉ាងហោចណាស់ក៏នៅរក្សាម្ហូបអាហារនិងប្រពៃណីវប្បធម៌របស់យើងដែរ»។
នាង Cathy Erway ដែលជាអ្នកនិពន្ធអំពីម្ហូបអាហារដែលមានមូលដ្ឋាននៅទីក្រុង New York សហរដ្ឋអាមេរិក កំពុងប្រើកម្មវិធីភាសាដើម្បីព្យាយាមរៀនឱ្យកាន់តែស្ទាត់ជំនាញនូវភាសាចិនកុកងឺ ដែលជាភាសាដើមកំណើតរបស់ម្តាយនាង។
នាង Erway និយាយថា៖ «អ្វីដែលគួរឱ្យអស់សំណើចនោះគឺថាឪពុករបស់ខ្ញុំដែលជាជនជាតិអាមេរិកស្បែកសក៏និយាយភាសាចិនផងដែរ។ ដូច្នេះហើយ ឪពុកម្តាយរបស់ខ្ញុំនិយាយភាសាចិនជាមួយគ្នានៅពេលដែលពួកគេមិនចង់ឱ្យកូនៗដែលរួមមានខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំស្តាប់យល់នូវអ្វីដែលពួកគាត់កំពុងនិយាយ។ ដូច្នេះ ពួកគាត់ចាត់ទុកវាដូចជាភាសាសម្ងាត់»។
ខណៈពេលដែលមនុស្សកាន់តែច្រើននិយាយភាសាទីពីរនៅផ្ទះ ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានរាយការណ៍ថាចំនួនមនុស្សដែលនិយាយតែភាសាអង់គ្លេសនៅផ្ទះក៏កើនឡើងផងដែរ គឺប្រហែល ២៥% ដោយឡើងពី ១៨៧ លាននាក់ក្នុងឆ្នាំ ១៩៨០ ដល់ ២៤១ លាននាក់ក្នុងឆ្នាំ ២០១៩៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង