រដ្ឋាភិបាលកម្ពុជា និងមន្ត្រីទទួលបន្ទុកផ្នែកច្បាប់របស់អង្គការសហប្រជាជាតិ(អ.ស.ប.)បានឯកភាពគ្នាក្នុងការបន្តបំពេញមុខងារសេសសល់បន្ថែមទៀតរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមនៅឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីតុលាការកូនកាត់មួយនេះបានសម្រេចកិច្ចការច្បាប់ជាច្រើនគួរជាទីមោទនៈ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃពុធនេះ និងរាយការណ៍ដោយអង្គភាពព័ត៌មានក្នុងស្រុកមួយដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២១ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក ប៊ិន ឈិន បានជួបពិភាក្សាជាមួយឧបការីអគ្គលេខាធិការ និងជានាយកការិល័យកិច្ចការច្បាប់របស់អ.ស.ប.លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមុខងារសេសសល់ក្រោយបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមដំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនេះនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២៣»។
គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថា អ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អ.វ.ត.ក.ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អ.វ.ត.ក.។
សេចក្តីថ្លែងការណ៍រួមដដែលឱ្យដឹងទៀតថា ចាប់តាំងពីអ.វ.ត.ក.បានបង្កើតឡើងនៅឆ្នាំ២០០៦មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះជាងមួយម៉ឺនបីរយនាក់ (១០.៣០០នាក់)បានចេញសេចក្តីសម្រេចជាង១ពាន់បីរយសែសិបប្រាំ (១.៣៤៥) និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួនបីលានទំព័រ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២២ ខែកញ្ញាស្អែកនេះ សាលាក្តីខ្មែរក្រហមនឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន ដែលបានប្តឹងមិនសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់តុលាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើសំណុំរឿង ០០២/០២ ដែលឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ (Geneva Conventions)។
ហើយសាលដីកានេះនឹងក្លាយជាសាលដីកាស្ថាពរបិទផ្លូវតវ៉ារបស់មេដឹកនាំនៃរបបប្រល័យពូជសាសន៍ដ៏ជរារូបនេះ៕