សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានសម្រេចនៅថ្ងៃពុធនេះថា សំណុំរឿង០០៤ ពាក់ព័ន្ធនឹងជនជាប់ចោទ យឹម ទិត្យ ត្រូវដាក់បញ្ចូលនៅក្នុងបណ្ណសារ ដោយឥតចាត់ការបន្តទៀតឡើយ។
ការសម្រេចនេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីតុលាការកំពូលនៃសាលាក្តីកូនកាត់ដែលមានការចូលរួមពីអង្គការសហប្រជាជាតិ បានសម្រេចបដិសេធសំណើរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក្នុងការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ ដោយសារតុលាការកំពូលផ្តល់ហេតុផលថាគ្មានដីការបញ្ចូនរឿងនេះទៅជំនុំជម្រះស្ថាពរដែលអាចអនុវត្តបាន។
លោក យឹម ទិត្យ អតីតលេខាតំបន់១៣ ក្នុងសម័យខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុននៃក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ បទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ជនជាប់ចោទរូបនេះ ស្ថិតក្នុងសំណុំរឿងចុងក្រោយគេបង្អស់មួយ ដែលសាលាក្តីខ្មែរក្រហមគ្រោងសម្រេចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
ក្រៅពីសំណុំរឿង០០៤នេះ និងសំណុំរឿង០០៣ដែលត្រូវបានតុលាការសម្រេចដាក់បញ្ចូលក្នុងបណ្ណាសាដូចគ្នានេះដែរ សាលាក្តីខ្មែរក្រហម នៅកំពុងដំណើរការលើនីតិវិធីក្នុងសំណុំរឿងចុងក្រោយមួយទៀតគឺ០០២ ពាក់ព័ន្ធនឹងលោក ខៀវ សំផន ដែលតុលាការកំពូលគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២២។ នេះបើផ្អែកតាមកាលវិភាគនៃគម្រោងបញ្ចប់ដំណើរការនីតិវិធីរបស់សាលាក្តីនេះ៕