មេធាវីការពារសិទ្ធិមនុស្សអន្តរជាតិ អ្នកស្រី Amal Clooney និងអ្នកស្រី Caoilfhionn Gallagher QC នឹងដឹកនាំក្រុមមេធាវីមួយក្រុម ដើម្បីជួយការពារក្ដីឲ្យអ្នកកាសែតហ្វីលីពីន អ្នកស្រី Maria Ressa ដែលជាអ្នករិះគន់ជារឿយៗដល់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។
នៅសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនច្បាប់របស់អ្នកស្រី Clooney គឺក្រុមហ៊ុន Doughty Street Chambers ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស អ្នកស្រី Clooney បានហៅអ្នកស្រី Ressa ថាជា «អ្នកកាសែតដ៏ក្លាហានម្នាក់ដែលកំពុងត្រូវបានធ្វើទុក្ខបុកម្នេញចំពោះការរាយការណ៍ព័ត៌មាននិងការហ៊ានប្រឈមមុខនឹងការបំពានសិទ្ធិមនុស្ស»។
អ្នកស្រី Ressa ដែលត្រូវបានកាសែត Time magazine ចាត់ទុកជាបុគ្គលមានស្នាដៃនៅក្នុងឆ្នាំ២០១៨នោះ គឺជា សហស្ថាបនិកគេហទំព័រព័ត៌មាន Rappler។
នៅក្នុងប្រអប់បញ្ចេញមតិក្នុងប្រតិបត្តិព័ត៌មាន Columbia Journalism Review ដែលបានចេញផ្សាយក្នុងឆ្នាំនេះ អ្នកស្រី Ressa បានចោទប្រកាន់លោក Duterte ថាបានដឹកនាំយុទ្ធនាការជាលក្ខណៈប្រព័ន្ធប្រឆាំងនឹងស្ថាប័នព័ត៌មាននិងអ្នកកាសែត ដោយរួមទាំងរូបអ្នកស្រីផ្ទាល់ផងដែរ។
អ្នកស្រី Ressa បានប្រាប់បណ្ដាញសារព័ត៌មានបារាំងកាលពីថ្ងៃអង្គារថា អ្នកស្រីប្រឈមនឹងបទចោទប្រកាន់ចំនួន១១ករណី ដែលតម្រូវឲ្យអ្នកស្រីបង់ប្រាក់ស្ថិតនៅក្រៅឃុំចំនួន ៨ដង និងត្រូវបង់ប្រាក់លើសំបុត្រធានាដើម្បីអាចធ្វើដំណើរទៅបរទេសបាន។
អ្នកស្រី Ressa ថ្លែងថា អ្នកស្រីត្រេកអរណាស់ ដែលអ្នកស្រី Clooney និងក្រុមការងាររបស់អ្នកស្រីនឹងជួយការពារក្ដីឲ្យអ្នកស្រីដើម្បីតតាំងនឹងការបំពានទៅលើសិទ្ធិរបស់អ្នកស្រីនិងស្ថាប័នព័ត៌មាននានាដែលអ្នកស្រីជាអ្នកតំណាង។
អតីតទីប្រឹក្សាច្បាប់របស់លោក Duterte បានច្រានចោលការប្រកាសនេះ ដោយនិយាយថា អ្នកស្រី Clooney មិនអាចការពារក្ដីនៅក្នុងប្រទេសហ្វីលីពីនបានទេ។ លោកបានបន្ថែមថា ប៉ុន្តែលោកមានការរំភើបចិត្តដែលអាចពិភាក្សាតទល់ជាមួយនឹងមេធាវីដ៏ស្រស់ស្អាតនិងស៊ិចស៊ីរូបនេះ៕