ក្រុមសកម្មប្រយុទ្ធ Al-Shabab បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើភោជនីយដ្ឋានមួយនៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី ដែលសាក្សីម្នាក់បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ត្រូវបានសម្លាប់ និងរងរបួស៤នាក់ផ្សេងទៀត។
ក្រុមអ្នកវាយប្រហារបានសម្រុកចូលទៅក្នុងភោជនីយដ្ឋាននៃសណ្ឋាគារ Lido Beach View Hotel កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបោកគ្រាប់បែក និងបាញ់ប្រហារទៅលើភ្ញៀវនៅក្នុងនោះ។
មន្រ្តីស៊ើបការណ៍សម្ងាត់កំពូលរបស់សូម៉ាលីបានថ្លែងប្រាប់ VOA ផ្សាយជាភាសាសូម៉ាលីថា កងកម្លាំងសន្តិសុខកំពុងតែកម្ចាត់ក្រុមសកម្មប្រយុទ្ធចេញពីសណ្ឋាគារនោះ និងបានចាប់ខ្លួនមេក្លោងនៃខ្មាន់កាំភ្លើងនោះផងដែរ។
អ្នកសារព័ត៌មាននៅក្នុងភោជនីយដ្ឋាននោះបានថ្លែងប្រាប់ VOA តាមរយៈទូរស័ព្ទថា លោកបានឃើញសាកសពមនុស្សចំនួន២នាក់ និងមនុស្សរងរបួសចំនួន៤នាក់នៅលើដី។ ហើយលោក និងមនុស្សជាង២០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង។ មន្រ្តីស៊ើបអង្កេតបាននិយាយថា ជនរងគ្រោះភាគច្រើន ប៉ុន្តែមិនមែនទាំងអស់នោះទេ ត្រូវបានជួយសង្រ្គោះ។
កងកម្លាំងសន្តិសុខបានបដិសេធមិនផ្តល់ព័ត៌មានអំពីចំនួនជនរងគ្រោះដែលស្លាប់និងរងរបួសនោះទេ៕