ក្រុមជនសកម្មប្រយុទ្ធ Al-Shabab នៃប្រទេសសូម៉ាលីបានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារដ៏ប្រល័យមួយលើសណ្ឋាគារមួយក្នុងក្រុងMogadishu នៅថ្ងៃអាទិត្យនេះ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់១១នាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងម្ចាស់សណ្ឋាគារនោះមេបញ្ជាការយោធាម្នាក់ សមាជិកសភាពីរនាក់ និងអ្នកកាសែតម្នាក់។
អាជ្ញាធរបាននិយាយថា ក្រុមជនសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅមាត់ទ្វារចូលក្នុងសណ្ឋាគារ Sahafi នៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី។ បន្ទាប់មកមានការផ្ទុះគ្រាប់បែកក្នុងឡានទីពីរ។ ពួកជនប្រដាប់អាវុធក៏បានវាយលុកចូលក្នុងសណ្ឋាគារនោះ ដែលមានប្រជាប្រិយភាពជាមួយក្រុមមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកចាត់ចែងកិច្ចការប្រតិបត្តិខាងជំនួញ។ ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់បានឮស្នូរការបាញ់កាំភ្លើងយ៉ាងខ្លាំងនៅខាងក្នុងសណ្ឋាគារនោះ។
លោកវរសេនីយ៍ត្រីប៉ូលិស Ismail Nur បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា ប៉ូលិស «បានជួយសង្គ្រោះមន្ត្រីរដ្ឋាភិបាលច្រើននាក់» ដោយបានដាក់ជណ្តើរមួយនៅឯជញ្ជាំងក្រោយសណ្ឋាគារនោះ។ លោក Nur បាននិយាយថា ប៉ូលិសក៏បានទទួលការហៅទូរសព្ទពីក្រុមបុគ្គលិកសណ្ឋាគារដែលលាក់ខ្លួននៅក្នុងអាគារនោះ ដែលបាននិយាយថា មានមនុស្សត្រូវរបួស និងក្រុមមន្ត្រីរដ្ឋាភិបាលនៅខាងក្នុងសណ្ឋាគារ។ លោកបានថ្លែងថា«ចំនួនមនុស្សស្លាប់អាចកើនឡើងថែមទៀត»។