លោក Peter Greste អ្នកកាសែតរបស់បណ្តាញទូរទស្សន៍ Al Jazeera បាននិយាយថា លោកមានការធូរចិត្តដែលលោកត្រូវបានដោះលែងពីគុកមួយក្នុងប្រទេសអេហ្ស៊ីប (Egypt) ក៏ប៉ុន្តែថា លោក«ថប់អារម្មណ៍»អំពីការបន្សល់ទុកសហសេវិកពីរនាក់ដែលនៅជាប់ក្នុងពន្ធនាគានៅទ្បើយ។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយទូរទស្សន៍ Al Jazeera កាលពីថ្ងៃច័ន្ទ លោក Greste បាននិយាយថា ការដោះលែងលោកជា«ជំហានធំមួយទៅមុខ»សម្រាប់ប្រទេសអេហ្ស៊ីប ហើយថា លោកសង្ឃឹមថាប្រទេសនេះនឹង«ធ្វើតាមមាគារនេះ» ជាមួយលោក Baher Mohammed និងលោក Mohammed Fahmy នៃបណ្តាញទូរទស្សន៍ Al Jazeera។
អាជ្ញាធរអេហ្ស៊ីបបានបញ្ជូនលោក Greste ទៅប្រទេសអូស្រ្តាលីវិញកាលពីថ្ងៃអាទិត្យ ដោយបានដោះលែងលោកពីការជាប់ឃុំឃាំងក្នុងគុកចំនួនជាងមួយឆ្នាំនៅក្រោយការកាត់ទោសលោកពីបទចោទប្រកាន់ថា បានជួយពួកគណបក្សភាតរភាពឥស្លាម (Muslim Brotherhood) ដែលបានត្រូវហាមប្រាម។
លោក Greste ដែលបានជាប់ពន្ធនាគារ៤០០ថ្ងៃត្រូវបានកាត់ទោសពីឆ្នាំទៅមិញឲ្យជាប់គុក៧ឆ្នាំពីបទចោទប្រកាន់ទាក់ទិននឹងភេរវកម្ម។ នៅពេលលោកបានត្រូវដោះលែង មន្ត្រីសន្តិសុខអេហ្ស៊ីបម្នាក់បាននិយាយថា លោក Fahmy ដែលជាពលរដ្ឋកាណាដាដើមកំណើតអេហ្ស៊ីប ដែលបានត្រូវចាប់ខ្លួនជាមួយលោក Greste កាលពីឆ្នាំ២០១៣ អាចត្រូវធ្វើបត្យាប័នក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីបញ្ជូនទៅកាន់ប្រទេសកាណាដា។ លោក Fahmy ក៏កំពុងជាប់ពន្ធនាគារសម្រាប់ការតាត់ទោសឲ្យជាប់គុក៧ឆ្នាំផងដែរ។
ក៏ប៉ុន្តែ គ្មានដំណឹងអំពីជោគវាសនារបស់លោក Baher Mohammed ដែលជាពលរដ្ឋអេហ្ស៊ីប ដែលបានត្រូវកាត់ទោសឲ្យជាប់គុក១០ឆ្នាំពីបទចោទប្រកាន់ថាលោកមានគ្រាប់កាំភ្លើងមួយប្រអប់នោះទេ៕