ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បញ្ជាការ​ទ័ព​អាកាស៖ មីស៊ីល​ត្រូវ​បាន​បញ្ជូន​ទៅ​ស៊ីរី​ដើម្បី​ការពារ​យន្តហោះ​របស់​រុស្ស៊ី


លោក​ឧត្តម​សេនីយ៍​ Viktor Bondarev។
លោក​ឧត្តម​សេនីយ៍​ Viktor Bondarev។

មេ​បញ្ជាការ​កងកម្លាំង​ទ័ព​អាកាស​របស់​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​យោធា​បាន​បញ្ជូន​កាំភ្លើង​មីស៊ីល​ប្រឆាំង​នឹង​យន្តហោះ​ទៅ​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​ការពារ​យន្តហោះ​របស់​រុស្ស៊ី​ដែល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​តាម​អាកាស​នៅ​ទីនោះ​ចាប់​តាំង​ពី​ចុង​ខែ​កញ្ញា។​

លោក​ឧត្តម​សេនីយ៍​ Viktor Bondarev ​បាន​បញ្ជាក់​នៅ ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​កាសែត Komsomolskaya Pravda ថា​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​កំពុង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ត្រូវ​គេ​វាយ​ប្រហារ​ ឬ​ចាប់​ប្លន់​ក្នុង​ពេល​ហោះ​បំពេញ​បេសកកម្ម​នោះ។​

យុទ្ធនាការ​តាម​ផ្លូវ​អាកាស​របស់​ប្រទេស​រុស្ស៊ី​បាន​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក្ខ​ដាក់​ពី​ប្រទេស​ដទៃទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុ​ង​តំបន់​នោះ​ដែរ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ដែល​កំពុង​តែ​ដឹកនាំ​ក្រុម​ចម្រុះ​ទម្លាក់​គ្រាប់​បែក​លើ​គោល​ដៅ​ក្រុម​រដ្ឋ​ឥស្លាម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។​

អ្នក​ការ​ទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ចន្លោះពី​៨៥ទៅ​៩០ភាគរយ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី​គឺ​ចំ​លើ​ក្រុម​បះបោរ​ស៊ីរី​ដែល​និយម​កណ្តាល​គឺ​មិន​មែន​ចំ​លើ​ក្រុម​រដ្ឋ​ឥស្លាម​ទេ។ នេះ​បើ​តាម​ការ​ផ្តល់​សក្ខីកម្ម​របស់​លោកស្រី​ Anne Patterson ​និង​លោក​ស្រី Victoria Nuland ​ឧបការី​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​ជាតិ។ ​

នៅ​ក្នុង​ព្រឹត្តការណ៍​ដាច់​ដោយ​ឡែក លោក​វរសេនីយ៍ឯក Steve Warren អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​មិន​ដល់​១០​ភាគរយផង​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ដៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG