ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ៖ វេទិកា​អប់រំ​សាធារណៈ​​ជួយ​ជំរុញ​ការ​​សន្ទនា​ឆ្លង​ជំនាន់​អំពី​សម័យ​ខ្មែរក្រហម

លោក ជុំ​ មី អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​ថ្លែង​ទៅ​កាន់​ក្រុម​សិស្ស​ក្នុង​​ដោយ​មាន​​ការ​ប​ង្ហាញ​រូបភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ក្នុង​វេទិកា​សាធារណៈ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ សិស្ស​រាប់​រយ​នាក់​ចូល​រួម​វេទិកា​សាធារណៈ​​ដែល​រៀច​ចំ​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ (AP Photo/Heng Sinith)

៤០​ឆ្នាំ​ក្រោយ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ចលនា​ខ្មែរ​ក្រហម​ ការ​យល់​ដឹង​អំពី​សម័យ​នោះ​នៅ​មាន​គម្លាតធំ​នៅ​ឡើយរវាង​អ្នក​ដែល​បាន​ឆ្លង​កាត់សម័យ​ឃោរឃៅ​នេះ ហើយ​និង​អ្នក​ដែល​បាន​កើត​ក្រោយ​របប​នេះ។

ក៏​ប៉ុន្តែ​វេទិកា​អប់រំថ្នាក់​សហគមន៍​អាចជា​មធ្យោបាយល្អ​មួយ​ដើម្បី​ជួយ​ជំរុញ​ការ​ពិភាក្សាអន្តរជំនាន់​ ឬ​ឆ្លង​ជំនាន់​រវាង​ជំនាន់​ខុស​គ្នា​ទាំង​ពីរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ផេង ពង្សរ៉ាស៊ី ប្រធានក្រុមនៃកម្មវិធីសិក្សាអំពីប្រល័យពូជសាសន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ពង្សរ៉ាស៊ី​ បាន​ថ្លែង​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី‍»​កាល​ពីថ្ងៃ​ច័ន្ទ​ទី​១៨ ខែឧសភាថា​ការ​ពិភាក្សា​អន្តរជំនាន់​អាច​មាន​ទម្រង់​ផ្សេង​គ្នា​តែមាន​គោលដៅ​ដូច​គ្នា៖

«នៅ​ក្នុង​គ្រួសារ​ក៏​មាន​ការ​ពិភាក្សា​ឆ្លង​ជំនាន់​ គឺអន្តរជំនាន់​ដែរ​ ពី​ឪពុក​មក​កូន ហើយ នៅក្នុង(វេទិកា)​ទី​សារធារណៈ​ក៏​ជាអន្តរជំនាន់​ដែរ ​ពី​ចាស់ៗ​មក​ក្មេងៗ ពី​ក្មេងៗ​ដែល​រៀន​ពី​លោក​គ្រូ​អ្នក​គ្រូ ពិភាក្សា​គ្នា ជុំ​គ្នា​ដោះស្រាយ​នូវ​រឿង​មួយ​ដែល​បាន​កើត​ឡើង​ពី​អតីតកាល។‍»

លោក ផេង ពង្សរ៉ាស៊ី ប្រធាន​ក្រុម​នៃ​កម្មវិធី​សិក្សា​អំពើ​ប្រល័យ​ពូជសាសន៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ «ការ​ជំរុញ​ការ​ពិភាក្សា​អន្តរជំនាន់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​តាម​រយៈ​វេទិកា​អប់រំ​សាធារណៈ» ក្នុង​កម្មវិធី​វិទ្យុ​ប្រចាំ​ខែ​«សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ថ្មី​បើ​របប​ខ្មែ​រក្រហម​បាន​ដួល​រំលំ​អស់​ច្រើន​ទសវត្ស​មក​ហើយ​ក្តី​ ក៏​នៅ​តែ​មិន​មាន​មធ្យោបាយ​ណា​មួយ​ពិត​ប្រាកដ​សម្រាប់​ឲ្យ​ជន​រងគ្រោះ​អាច​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​ឆ្លង​កាត់​សម័យ​វាលពិឃាត​នោះ​ទេ។​ ចំណែក​កូនខ្មែរ​ដែល​បាន​កើត​នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​វិញ មាន​ការ​លំបាក​ក្នុង​ការ​យល់​អំពី​ប្រវត្តិសាស្ត្រ​ប្រទេសរបស់​ខ្លួន​និងអារម្មណ៍​បាក់​ស្បាត​របស់​ឪពុក​ម្តាយពួក​គេ។​ (ចុច​មើល​ការ​ស្ទង់​មតិ​របស់​ VOA)

​លោក ផេង ពង្សរ៉ាស៊ី ថ្លែង​ថា ​វេទិកាអប់រំ​សាធារណៈទាំង​នេះដើរ​តួ​ជា​ស្ពាន​ទំនាក់ទំនង​រវាង​ជំនាន់​ទាំង​ពីរ ហើយ​ត្រូវ​សម្របសម្រួល​ដោយ​អ្នក​ជំនាញច្បាស់​លាស់។ លោក​បន្ត​ថា​ វេទិកា​អប់រំ​សាធារណៈ​ជា​ព្រឹត្តិការណ៍​មិន​ផ្លូវការ​ដែល​ប្រមូល​ផ្តុំ​ជនរងគ្រោះ ជន​ល្មើស សិស្សានុសិស្ស និង​គ្រូបង្រៀន ហើយអាច​ជួយ​ជំរុញ​បន្ថែម​ការ​ពិភាក្ស​អន្តរជំនាន់​ដែល​កើត​មាន​ឡើង​រួច​ទៅ​ហើយនៅ​ក្នុង​គ្រួសារ​ ក៏​ដូច​ជាបន្ថែម​លើការ​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តាម​កម្មវិធី​សិក្សានៅវិទ្យាល័យ ដែល​ត្រូវបាន​បញ្ចូល​កាល​ពី​ឆ្នាំ​២០១១។

លោក កក្កដា ប្រិយមិត្ត​ VOA មួយ​រូប​ពី​ខេត្ត​បាត់ដំបង​ដែល​បាន​ទូរស័ព្ទ​ចូល ថ្លែង​ថា លោក​មិន​ដែល​ធ្លាប់បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​អប់រំ​សាធារណៈ​បែប​នេះ​ទេ ប៉ុន្តែ​លោក​ថា ​កូន​ក្មួយ​របស់​លោក​តែង​សាកសួរ​លោក​អំពី​ដំណើរ​ជីវិត​ក្នុង​របប​ខ្មែរក្រហម។

​លោក ផេង ពង្សរ៉ាស៊ី ឆ្លើយ​តបថា​ វេទិកា​អប់រំ​សាធារណៈ​អំពី​របប​ខ្មែរក្រហម ធ្វើ​ឡើងជា​ទ្រង់ទ្រាយ​ធំ​កម្រិត​សហគមន៍ ដោយជួយ​អប់រំ​យុវជន​ជំនាន់​ក្រោយផង​និង​អាច​ជួយព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​របស់​ជន​រង​គ្រោះ​ពីរបប​ខ្មែរក្រហម។

«ដូច​លោក(កក្កដា)​ធ្លាប់ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​អញ្ចឹង លោក​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ទៅ​កូន​របស់​លោក កូន​របស់​លោក​សួរ​ដេញ​ដោយ​ទៅ​វិញ​ទៅ​មក លោក​មាន​អារម្មណ៍​ធូរ​ណាស់​ព្រោះ​ថា រឿង​រ៉ាវ​របស់​លោក​ត្រូវ​បាន​កូន​ឬ​ក៏​អ្នក​ដទៃ​ទៀត​ស្តាប់​ ហើយ​គេ​យក​ចិត្ត​ទុក​ដាក់។‍»

លោក នេត្រ ភក្ត្រា (កណ្តាល) មន្ត្រី​សាលាក្តី​ខ្មែរក្រហមពន្យល់សិស្សានុសិស្សដោយ​មាន​ការ​ប​ង្ហាញ​រូបភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ក្នុង​វេទិកា​សាធារណៈមួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ សិស្ស​រាប់​រយ​នាក់​ចូល​រួម​វេទិកា​សាធារណៈដែល​រៀច​ចំ​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ (AP Photo/Heng Sinith)

លោកពង្សរ៉ាស៊ី​ថ្លែង​ថា ការ​ពិភាក្សា​អន្តរជំនាន់នេះ​អាច​ជួយកាត់​បន្ថយអារម្មណ៍​ភាព​នៅ​តែ​ឯង (isolation) របស់​ជន​រងគ្រោះ​សម័យ​ខ្មែរក្រហម។

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀប​ចំវេទិកា​អប់រំ​សាធារណៈ​បែប​នេះ​ចំនួន​២៨​រួម​មក​ហើយ​នៅ​ទូទាំង​ប្រទេស។ លោក ពង្សរ៉ាស៊ី ថ្លែង​ថា​ មាន​សិស្ស​ចាប់​តាំង​ពី​ថ្នាក់​ទី​៧​បាន​ចូល​រួម​វេទិកា​ទាំង​នេះ ហើយ​ពួក​គេ​តែងតែ​បាន​សាកសួរ​សំណួរ​ល្អដល់​អ្នក​ចូល​រួម​ជា​ជន​រង​គ្រោះ។

អ្នក​ស្រាវជ្រាវ​រូប​នោះ​ថ្លែង​ថាមជ្ឈមណ្ឌល​នេះ​មាន​គម្រោង​នឹង​រៀបចំ​វេទិកា​អប់រំសាធារណៈ​ចំនួន​១២​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​រៃ​អង្គាស​ថវិកាតាម​អ៊ីនធឺណិត​នៅ​ចុង​ខែ​ឧសភា​នេះ​ដើម្បី​គាំទ្រ​គម្រោង​នេះ៕

លោក​អ្នក​អាច​ផ្តល់​វិភាគទាន​ដល់​ការ​រៃ​អង្គាស​នេះ​ត្រង់​ទំព័រ Kickstarter នេះ

------------------

សម្គាល់៖ កម្មវិធី​«សំឡេង​ជំនាន់​ថ្មី​‍»​តម្រូវ​ឲ្យ​ភ្ញៀវ​កិត្តិយស​ណែនាំ​សៀវភៅ​ឬ​ឯកសារ​សិក្សា​ល្អៗ​ណា​មួយ​សម្រាប់​ប្រិយមិត្ត ហើយ​លោក ផេង ពង្សរ៉ាស៊ី បាន​ណែនាំ​សៀវភៅមួយ​អំពី​ការបណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹកនាំ ដែល​មាន​ចំណង​ជើង​ថា The Leader's Guide to Influence: How to Use Soft Skills to Get Hard Resultsនិពន្ធ​ដោយ Mike Brent និង Fiona Dent។ ចំពោះ​ទ្រឹស្តីផ្ទាល់​ខ្លួន​អំពី​ជោគ​ជ័យ​ក្នុង​ជីវិត​វិញ លោក​បាន​ណែនាំ​ថា​៖ «ស្តាប់​ឲ្យ​ច្រើន​ជាង​និយាយ‍» ដែល​ជា​ជំនាញមួយ​ក្នុង​ទំនាក់ទំនង​សង្គម។ ប្រិយមិត្ត​អាច​ស្តាប់​កម្មវិធី​ទាំង​ស្រុង​ឡើង​វិញ​ត្រង់​នេះ

XS
SM
MD
LG