ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ស្វះស្វែង​ប្រកួត​ប្រជែង​រវាង«កម្មវិធី​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​ចិន»​ជាមួយ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន


រូបឯកសារ៖ ទង់ជាតិ​សហភាព​អឺរ៉ុប និង​ទង់ជាតិ​ចិន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន​-សហភាព​អឺរ៉ុប នៅ​សាល​មហាជន​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖ ទង់ជាតិ​សហភាព​អឺរ៉ុប និង​ទង់ជាតិ​ចិន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន​-សហភាព​អឺរ៉ុប នៅ​សាល​មហាជន​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​បាន​ឯកភាពគ្នា​កាល​ពី​ថ្ងៃចន្ទក្នុង​ការ​សម្ពោធ​នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធជា​សាកល​របស់​ខ្លួន​មួយ​ដែល​តភ្ជាប់​សហភាព​អឺរ៉ុប​ទៅ​កាន់​ពិភពលោក។ ​នេះ​ជា​ជំហាន​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀងជា​មួយ​ប្រទេសឥណ្ឌា​និង​ជប៉ុន​ និង​ការ​ប្តេជ្ញា​ចិត្ត​ប្រហាក់​ប្រហែល​គ្នា​មួយ​ជាមួយ​ក្រុម​ប្រទេសG-7 ដែល​មាន​ប្រជាធិបតេយ្យ​ជឿនលឿន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​សង្ស័យ​ពី​កម្មវិធី​ការ​ផ្តើម​គំនិត«ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម»របស់​ប្រធានាធិបតី​ចិន​លោកXi Jinping ដែល​តភ្ជាប់​ពី​អឺរ៉ុប​ទៅតំបន់​អាស៊ី​តាម​រយៈ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ថាដើម្បីបង្កើន​នូវ​ឥទ្ធិពល​របស់​ចិន សហភាព​អឺរ៉ុប​បាន​បង្កើត​នូវ​មាគ៌ា​ផ្លូវការ​មួយ​សម្រាប់​ផែនការ​តភ្ជាប់​ដ៏​ធំចាប់​ពី​ឆ្នាំ​២០២២​នេះ​តទៅ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​លោកHeiko Maas បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​មើល​ឃើញ​ថា​ប្រទេស​ចិន​បាន​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ពិភព​លោក។ វា​ជា​ការ​អត់​ប្រយោជន៍​ក្នុង​ការ​បារម្ភ​ពី​រឿង​នេះ។ យើង​ត្រូវ​តែ​បង្កើត​នូវ​ជម្រើស​មួយ​ផ្សេង»។

លោក​បាន​បន្ត​ទៀត​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ដែល​សហភាព​អឺរ៉ុប​ធ្វើ​ការ​សម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិកជុំវិញ​បញ្ហានេះ»។

សហភាព​អឺរ៉ុប​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ដៃគូ​រួច​ហើយជា​មួយ​ប្រទេស​ជប៉ុន និង​ឥណ្ឌា​ដើម្បី​សម្រប​សម្រួល​គម្រោង​ដឹកជញ្ជូន​ថាមពល និង​វិស័យ​ឌីជីថល​ដែល​តភ្ជាប់​ទ្វីប​អឺរ៉ុប និង​អាស៊ី។ រដ្ឋាភិបាល​ជប៉ុន​និង​ឥណ្ឌា​មាន​ការ​បារម្ភ​ពី​ជំនួយរបស់​ចិន​ដែល​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជា​ច្រើនជំពាក់​គុណ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រោះ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យកនូវ​បំណុល​ដ៏​ធំ​នេះ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក ចិន​បាន​ចាប់ផ្តើម​គម្រោង​ស្ថាបនា​នៅ​ក្នុង​ប្រទេស​ជាង​៦០​ក្នុង​ពិភព​លោក​ ដោយ​បង្កើត​នូវ​បណ្តាញ​ភ្ជាប់​រវាង​ផ្លូវ​ដី​និង​សមុទ្រ​ដែល​តភ្ជាប់​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ តំបន់​អាស៊ី​កណ្តាល មជ្ឈិម​បូព៌ា​និង​ទ្វីប​អាហ្វ្រិក។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​បដិសេធ​ថា ខ្លួនគ្មាន​បំណងបង្កើន​នូវ​អនុភាព​របស់​ខ្លួននោះ​ទេ​ ហើយនិយាយ​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួននោះ​ គឺ​ផ្តោត​ទៅ​លើតម្រូវ​ការចាំបាច់​របស់​ពលរដ្ឋ​ទូទៅ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG