មួយថ្ងៃក្រោយមក បន្ទាប់ពីបានកម្ទេចការិយាល័យទំនាក់ទំនងកូរ៉េ ប្រទេសកូរ៉េខាងជើងបានបន្តបង្កើនសម្ពាធយោធាលើប្រទេសកូរ៉េខាងត្បូង ដោយបានប្រកាសថា នឹងពង្រាយទាហានឡើងវិញនៅជិតព្រំដែន និងបានច្រានចោលដោយកំហឹងចំពោះសំណើរបស់រដ្ឋាភិបាលក្រុងសេអ៊ូលនៅក្នុងការបញ្ជូនបេសកជនទៅចរចាដើម្បីកាត់បន្ថយភាពតានតឹង។
គិតត្រឹមថ្ងៃពុធនេះ យោធាកូរ៉េខាងជើងនឹងចូលទៅកាន់តំបន់នៅជិតរមណីយដ្ឋានភ្នំ Kumgang និងបរិវេណឧស្សាហកម្ម Kaesong ឡើងវិញ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាកូរ៉េខាងជើង ដែលបានផ្សាយដោយទីភ្នាក់ងារ KCNA របស់រដ្ឋកូរ៉េខាងជើង។
បន្ថែមពីនេះទៀត ប៉ុស្តិ៍ត្រួតពិនិត្យដែលត្រូវបានបោះបង់ចោលកាលពីមុន «នឹងត្រូវបង្កើតឡើងវិញដើម្បីជួយពង្រឹងដល់អ្នកយាមល្បាតនៅជួរមុខ» ហើយកូរ៉េខាងជើងនឹងចាប់ផ្ដើមឡើងវិញនូវ «ការធ្វើសមយុទ្ធយោធាជាប្រចាំគ្រប់ប្រភេទទាំងអស់» នៅក្នុងតំបន់ជិតព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរ។នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារ KCNA នេះ។
កូរ៉េខាងជើងមានការខឹងសម្បារនឹងកូរ៉េខាងត្បូង ថាមិនបានប្រឹងប្រែងបន្ថែមនៅក្នុងការបញ្ឈប់ជនផ្ដាច់ខ្លួន និងសកម្មជនផ្សេងទៀត មិនឲ្យបញ្ជូនខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរបស់របរផ្សេងទៀតឆ្លងព្រំដែន៕