លោកស្រីបានមានប្រសាសន៍ថា លោកស្រីរំពឹងថានឹងមានសកម្មភាពផ្លូវការជាងនេះ និងការប្រឆាំងការទូត រួមទាំងការធ្វើពហិការមិនចូលរួមរបស់ឯកអគ្គរដ្ឋទូតអាហ្វ្រិកក្នុងពិធីថ្លែងសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាព (State of the Union address) ទៅកាន់សភាអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Heather Nauert បានថ្លែងថា សហរដ្ឋអាមេរិកមានទំនាក់ទំនងដ៏រឹងមាំជាមួយបណ្តាប្រទេសអាហ្វ្រិក និងហៃទី ដែលរឹងមាំជាងអត្ថាធិប្បាយនានា។
ក្នុងអំឡុងប្រតិកម្មជាបន្តបន្ទាប់នៅក្នុងប្រទេស និងក្រៅប្រទេស អំពីអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ដែលត្រូវបានរាយការណ៍ដោយប្រភពព័ត៌មានមួយចំនួន
អំពីប្រទេសនៃជនអន្តោប្រវេសន៍ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំចង់បាន។ លោកប្រធានាធិបតី ត្រូវបានអ្នករាយការណ៍ព័ត៌មានម្នាក់សួរថា តើលោកចង់បានជនអន្តោប្រវេសន៍ច្រើនពីប្រទេសន័រវែសមែនទេ?
លោកប្រធានាធិបតី ត្រាំ ឆ្លើយថា៖ «ខ្ញុំចង់បានអ្នកមកពីគ្រប់ទីកន្លែងទាំងអស់»។
អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Huckabee Sanders បានទទួលស្គាល់ថា លោកប្រធានាធិបតីបានប្រើពាក្យធ្ងន់នៅអំឡុងកិច្ចប្រជុំជាមួយនឹងតំណាងរាស្ត្រ អំពីបញ្ហាអន្តោប្រវេសន៍ ហើយលោកស្រីបានថ្លែងថា នេះជាផ្នែកមួយនៃការអំពាវនាវរបស់លោក។
លោកស្រី Sarah Huckabee Sanders បានថ្លែងថា៖
«ខ្ញុំគិតថា មូលហេតុមួយដែលពលរដ្ឋអាមេរិកាំងស្រឡាញ់លោកប្រធានាធិបតី ហើយនិងមូលហេតុមួយដែលលោកបានឈ្នះឆ្នោត ហើយកាន់តំណែងជាប្រធានាធិបតីនេះ គឺដោយសារលោកមិនមែនជាមនុស្សយន្ត ដែលពឹងផ្អែកលើការសសេរព្រាងទុកទេ។ លោកគឺជាមនុស្ស ដែលនិយាយជាក់ស្តែង ហើយពេលខ្លះ លោកប្រើពាក្យធ្ងន់»។
បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកត្រាំនេះ ប្រទេសបុតស្វាណា ហ្គាណា ហៃទី ណាមីប៊ី សេណេហ្គាល់ និងសហភាពអាហ្វ្រិកបានរួមគ្នាធ្វើការប្រឆាំងការទូតជាផ្លូវការ។ អគ្គរដ្ឋទូត សហភាពអាហ្វ្រិកប្រចាំអាមេរិក លោកស្រី Arikana Chihombori-Quao បានប្រាប់ VOA ថា អត្ថាធិប្បាយអវិជ្ជមានរបស់លោកត្រាំពីប្រទេសអាហ្វ្រិក និងគោលនយោបាយ «ដាក់ផលប្រយោជន៍អាមេរិកជាធំ» របស់រដ្ឋបាលលោកត្រាំ គឺជាការរារាំងដល់ទំនាក់ទំនងដ៏ជិតស្និត ដែលមានជាយូរណាស់មកហើយ រវាងសហរដ្ឋអាមេរិក និងទ្វីបអាហ្វ្រិក។
លោកស្រី ARIKANA CHIHOMBORI-QUAO បានថ្លែងថា៖
«វាគឺជារបួសមួយ ដែលនឹងបន្សល់នូវស្លាកស្នាមដ៏ជ្រៅ។ ហើយនេះគឺជាផលវិបាកមួយ សម្រាប់ខ្ញុំ ដែលខ្ញុំនៅទីនេះ ដើម្បីធានាឲ្យបាន និងធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាហ្វ្រិកប្រសើរឡើង។ អត្ថាធិប្បាយបែបនេះ ធ្វើឲ្យពិបាកក្នុងការបន្តធ្វើឲ្យទំនាក់ទំនងប្រសើរឡើងណាស់»។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Heather Nauert ថាទំនាក់ទំនងនៅតែរឹងមាំ។
លោកស្រី Heather Nauert បានថ្លែងថា៖
«យើងមានការគោរពដ៏ជ្រាលជ្រៅចំពោះពលរដ្ឋពីទ្វីបអាហ្វ្រិក។ យើងមានភាពជាដៃគូរដ៏រឹងមាំ ជាមួយប្រទេសនៃទ្វីបអាហ្វ្រិកជិត ៥០ ប្រទេស។ ខ្ញុំចង់និយាយថា ទំនាក់ទំនងរបស់យើង ជាមួយបណ្តាប្រទេសទ្វីបអាហ្វ្រិក ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ គឺរឹងមាំជាងអត្ថាធិបាយដែលត្រូវបានគេចោទប្រកាន់»។
លោកស្រី Nauert បានថ្លែងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson មានក្តីរំពឹងក្នុងការធ្វើទស្សនកិច្ចទៅអាហ្វ្រិកនៅដើមឆ្នាំនេះ។ លោកស្រី Chihombori-Quao ថ្លែងថា លោកនឹងទទួលបានការស្វាគមន៍។
ប្រែសម្រួលដោយ លឹម ហ្គេចហៀង