ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវករ​ស្រ្តី​ជំរុញ​​ឱ្យមាន​កិច្ចពិភាក្សា​ពី​ការបំពាន​​នៅ​តាម​ព្រំដែន​នៅ​សហភាព​អាហ្រ្វិក


រូបឯកសារ៖ រថយន្ត​ដឹកទំនិញ​ដែល​ផ្ទុក​ទៅដោយ​ទំនិញ​ឆ្ពោះ​ទៅ​ប្រទេស​ស៊ីមបាវ៉េ នៅ​ជិត​ព្រំដែន Beitbride រវាង​ប្រទេស​អាហ្វ្រិក​ខាងត្បូង និងស៊ីមបាវ៉េ ក្នុងទីក្រុង Musina ប្រទេសអាហ្វ្រិកខាងត្បូង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៨។
រូបឯកសារ៖ រថយន្ត​ដឹកទំនិញ​ដែល​ផ្ទុក​ទៅដោយ​ទំនិញ​ឆ្ពោះ​ទៅ​ប្រទេស​ស៊ីមបាវ៉េ នៅ​ជិត​ព្រំដែន Beitbride រវាង​ប្រទេស​អាហ្វ្រិក​ខាងត្បូង និងស៊ីមបាវ៉េ ក្នុងទីក្រុង Musina ប្រទេសអាហ្វ្រិកខាងត្បូង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៨។

ស្រ្តីនិងក្មេងស្រី​នៅ​អាហ្រ្វិក​កំពុង​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួបប្រទះ​ក្នុង​ការ​ព្យាយាម​ប្រកប​អាជីវកម្ម​ឆ្លង​ដែន​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាហ្វ្រិក​ (AfCFTA)។ កិច្ចពិភាក្សា​នេះ​កំពុង​ធ្វើ​ឡើង​នៅ​រដ្ឋធានី​អាឌីសអាបេបា ប្រទេសអេត្យូពី នៅ​មុន​កិច្ចប្រជុំ​កំពូល​ប្រមុខ​រដ្ឋសហភាព​អាហ្វ្រិក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី១៨ ខែ​កុម្ភៈ និង​ដែល​ក្រុម​មេដឹកនាំ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពិភាក្សា​ពី​ការ​វិវត្ត​ទៅ​មុខ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មនៅ​អាហ្រ្វិក។ អ្នកស្រី Elizabeth Ajok ជនជាតិ​ស៊ូដង់​ខាង​ត្បូង និយាយ​ថា ស្រ្តីតែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ​នៅ​ច្រកព្រំដែន ដែល​បុរស​មិន​ប្រឈម។

អ្នកស្រី​ថ្លែង​ថា៖ «ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ដូចជា អំពើ​ហិង្សា​នៅ​ព្រំដែន ពួកគេ​រង​ការ​គំរាមកំហែង ហើយ​ពេល​ខ្លះ របស់របរ​របស់​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​រឹបអូស ឬ​ទំនិញរបស់​ពួកគេ​ត្រូវ​បាន​រក្សា​ទុក ដោយសារ​តែ​ការ​តម្រូវ​ឲ្យ​ពិនិត្យមើល។ ហើយ​ពួកគេ​ក៏​ឲ្យ​យើង​បង់ថ្លៃ​ខ្ពស់​ជាង​មុន​ ដោយសារ​តែ​យើង​ជា​ស្រ្តី។ យើង​ក៏​ត្រូវ​បង់​ពន្ធ​ផង​ដែរ។ ពេល​ខ្លះ​ ពួកគេ​គ្រាន់​តែ​មើល​មក​យើង ពួកគេ​ឃើញ​ថា យើង​ជា​ស្រី ដូច្នេះយើង​មិន​គួរប្រកប​របរ​អាជីវកម្ម​នោះ​ទេ»។ ​

អ្នកស្រី​ Zaithwa Milzanzi ជួប​ប្រទះ​នឹង​ការ​ប្រព្រឹត្តដាក់​ស្រដៀង​គ្នា​នេះ​ នៅ​ពេល​អ្នកស្រី​ឆ្លងព្រំដែន​ពីម៉ាឡាវី​ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន។

អ្នកស្រី​ Milzanzi ថ្លែង​ថា៖ «យើងបាន​បង់​ថ្លៃ​ផ្សេងៗ មាន​ឯកសារ​ និង​អ្វីៗ​ទាំងអស់​រៀបរយ ប៉ុន្តែ​យើង​ឃើញ​ថា មន្រ្តី​ខ្លះ​នៅ​ព្រំដែន​បាន​សួរ​នាំ​អ្នក​ពី​រឿងផ្លូវភេទ ហើយ​យើងគិត​ក្នុង​ចិត្ត​ថា ហេតុអ្វី​ទៅ? វា​ពិត​ជា​ប៉ះពាល់​ដល់​ការ​រីកចម្រើន និង​សមត្ថភាព​ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​ជា​ស្រ្តី​វ័យ​ក្មេង​ណាស់។ ដូច្នេះ បញ្ហា​នេះ​ត្រូវ​ការ​ការដោះស្រាយ​ ប្រសិន​បើ​ស្រ្តី​វ័យក្មេង​ត្រូវ​បាន​យក​មក​ពិចារណា និង​ការពារ​ពេញលេញ​នៅ​ក្រោម​របប​នេះ»។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាហ្វ្រិក​បាន​ចូលជា​ធរមាន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ ជាមួយ​គោលដៅ​បន្ទាប​បន្ទុក​ពន្ធ​រវាង​បណ្តា​ប្រទេស​នៅ​អាហ្រ្វិក​ និង​ជំរុញ​សេដ្ឋកិច្ច។ ធនាគារ​ពិភពលោក​និយាយ​ថា បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ធ្វើ​ការ​ជួញដូរ​ក្នុង​ចំណោម​ពួកគេ​អាចបង្កើនប្រាក់​ចំណូល​នៅ​ទ្វីប​នេះ​ចំនួន ៤៥០ លាន​ដុល្លារ​នៅ​ត្រឹមឆ្នាំ ២០៣៥។ អ្នកស្រី Memory Kachambwa គឺ​ជា ប្រធាន​អង្គការ​អភិវឌ្ឍន៍​និង​ទំនាក់ទំនង​ស្រ្តី​នៅ​អាហ្រ្វិក​ ដែល​ជា​អង្គការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ស្រ្តី​នៅ​អាហ្វ្រិក។ ​

អ្នកស្រី​ថ្លែង​ថា៖ «នៅ​ពេល​យើង​និយាយ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាហ្វ្រិក យើង​កំពុង​សម្លឹង​មើល​ទៅយន្តការ​ដែល​គ្របដណ្តប់​សឹង​តែ​លើ​ទ្វីប​អាហ្វ្រិក​ទាំង​មូល ហើយ​នៅ​ក្នុង​នោះ ទស្សនៈវិស័យ​គឺ​ធានា​ថា ការ​ជួញដូរ​ដែល​យើង​ធ្វើ​គឺ ត្រូវ​បាន​ឲ្យ​តម្លៃ។ យើង​បាន​និយាយ​ច្រើន​ពី​ស្រ្តី​ជា​អ្នកជំនួញ​ឆ្លង​ព្រំដែន ប៉ុន្តែ​តើ​ពួកគេ​កំពុង​ធ្វើ​ដូចនេះ​ក្នុង​របៀប​មួយ​ដែល​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ឬ​ទេ? តើ​យើង​ពិត​ជា​ធានា​ថា ពួកគេ​ទទួល​បាន​សេវាកម្ម ដោយ​មិន​រង​ការ​បំពាន​ពីមន្រ្តី​គយ​និង​រដ្ឋាករ​ដែរ​ទេ? តើ​យើង​មាន​ការ​សន្ទនា​បែប​នេះ​ទេ?»។ ​

ទោះបី​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ផ្ទាល់ សហគ្រិន​ជា​ស្រ្តី​នៅ​អាហ្វ្រិក​តែង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន ការ​លម្អៀង​ផ្នែក​យេនឌឺ និង​កង្វះ​ការ​បំប៉ន​ជំនាញ។ អ្នកស្រី Mercy Chukwuma ផ្តល់​ការ​គាំទ្រ​ដល់​ស្រ្តី​នៅ​ប្រទេសនីហ្សេរីយ៉ា។ អ្នកស្រី​និយាយ​ថា ទំនៀមទម្លាប់​ខ្លះ​បាន​រារាំង​ស្រ្តី​ពី​ការ​កាន់កាប់​កម្មសិទ្ធិ​ដីធ្លី ដោយ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ផលិត​ស្បៀងអាហារ​បាន។

អ្នកស្រី​ថ្លែង​ថា៖ «មានកង្វះខាត​ការ​បំប៉ន​ជំនាញ និង​ការ​បង្វឹក​ជំនាញ​ឡើង​វិញ​ចំពោះ​ស្រ្តី​ជា​កសិករ​នៅ​ជនបទ​ក្នុង​ការ​ជួយ​ឲ្យ​ពួកគេ​អាច​ប្រកួត​ក្នុង​ទីផ្សារ​ដ៏​ប្រជែង​គ្នា​មួយ។ យើង​និយាយ​អំពី​ដីធ្លី​ជា​កត្តា​មួយ។ ហើយ​អ្នក​នឹង​យល់​ស្រប​ជាមួយ​ខ្ញុំ​ថា ស្រ្តី​មាន​កំហិត​ក្នុង​ការ​ទទួល​បាន​ដីធ្លី។ យើង​មិន​អាច​ទទួល​បាន​និង​គ្រប់គ្រង​ដី​នោះ​ទេ ដែល​ជា​កត្តា​ចម្បង​មួយ​សម្រាប់​ការ​ដាំដុះ។ ប្រសិន​បើ​ពួកយើង ដែល​រ៉ាប់រង​ជាង​ ៧០​ភាគរយ​នៃ​កម្លាំង​ការងារ​ក្នុង​វិស័យ​កសិកម្ម មិន​អាច​ទទួលនិង​គ្រប់គ្រង​ដី​បាន តើ​យើង​អាច​ធ្វើ​ការ​ដាំដុះ ឬ​ដាំដុះ​ឲ្យ​បាន​ល្អ​យ៉ាង​ដូចម្តេច​ទៅ?»។ ​

ស្រ្តី​កាន់កម្មសិទ្ធិ​ ២០​ភាគរយ​នៃ​ដី​នៅ​អាហ្វ្រិក​ ប៉ុន្តែ​ផលិត​តិច​ជាង​ពីរភាគបី​នៃ​ស្បៀងអាហារ​នៅ​ទ្វីប​នេះ។ កិច្ចពិភាក្សា​ដែល​នឹង​ធ្វើ​ឡើង​នៅ​មុន​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្រ្វិក​ នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី២១ ខែ​កុម្ភៈ។ អ្នកចូលរួម​សង្ឃឹម​ថា មេដឹកនាំ​របស់​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​អាហ្វ្រិក និង​បញ្ចប់​ទង្វើ​មិនសមគួរ​ក្នុង​បរិបទ​អាជីវកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​នៅ​ទ្វីប​អាហ្វ្រិក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG