ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ចាប់ផ្ដើម​ការ​ចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo (ទីពីរ​រាប់​ពីស្ដាំ) ថ្លែង​​នៅ​ឯ​ពិធី​ពិសេស​មួយ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ដែល​ជា​ការ​បង្ហាញ​អំពី​ការ​ចាប់ផ្ដើម​នូវ​កិច្ច​ចរចា​រវាង​ក្រុម​បះបោរ​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​មាន​ការ​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo (ទីពីរ​រាប់​ពីស្ដាំ) ថ្លែង​​នៅ​ឯ​ពិធី​ពិសេស​មួយ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ដែល​ជា​ការ​បង្ហាញ​អំពី​ការ​ចាប់ផ្ដើម​នូវ​កិច្ច​ចរចា​រវាង​ក្រុម​បះបោរ​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​មាន​ការ​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឲ្យ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​បង្អស់ ក្នុង​គោល​បំណង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ចែក​អំណាច​មួយ​ដែល​សម្រប​តាម «ទស្សនៈ​ប្រឆាំង​គ្នា​នានា» និង​បញ្ចប់​ជា​អចិន្ត្រៃយ៍​នូវ​ការ​បង្ហូរ​ឈាម​រាប់​ទសវត្សរ៍​កន្លង​មក​នៅ​ក្នុង​ប្រទេស។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​ដូច្នេះ​នៅ​ឯ​ពិធី​ពិសេស​មួយ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ដែល​ជា​ការ​បង្ហាញ​អំពី​ការ​ចាប់ផ្ដើម​នូវ​កិច្ច​ចរចា​រវាង​ក្រុម​បះបោរ​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​មាន​ការ​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក។

លោក Pompeo បាន​និយាយ​ដូច្នេះ​ថា៖ «ថ្ងៃ​នេះ​គឺ​ជា​ឱកាស​ដ៏​សំខាន់​ពិត​ប្រាកដ​មួយ។ ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​សម្រេច​ចិត្ត​ជា​យូរ​មក​ហើយ​ក្នុង​ការ​អង្គុយ​រួមគ្នា និង​ត្រួសត្រាយ​ផ្លូវ​ថ្មី​មួយ​សម្រាប់​ប្រទេស​របស់​ខ្លួន។ នេះ​គឺ​ជា​ឱកាស​ដែល​យើង​ត្រូវតែ​ហ៊ាន​សង្ឃឹម»។

លោក Pompeo បាន​រំឭក​ថា ការ​ចរចា​នេះ​នឹង «ប្រាកដជា​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន» ដោយសារតែ​មាន​ការ​បែកបាក់​គ្នា​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ «អត់ធ្មត់» ដើម្បី​ក្ដាប់​យក​ឱកាស​នេះ​បើក​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Pompeo បាន​សង្កត់​ធ្ងន់​ថា៖ «យើង​សង្ឃឹម​ថា ទំព័រ​ថ្មី​នេះ​គឺ​ជា​ទំព័រ​នៃ​ការ​ផ្សះផ្សា និង​ការ​វិវឌ្ឍ មិន​មែន​ជា​ទំព័រ​នៃ​ទឹកភ្នែក និង​ការ​បង្ហូរ​ឈាម​មួយ​ទៀត​នោះ​ទេ។ យើង​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា​ដែល​អាច​ឲ្យ​អ្នក​អាច​គេច​ចេញ​ពី​អំពើ​ហិង្សា និង​អំពើ​ពុករលួយ ដើម្បី​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​វិបុលភាព»។

លោក Pompeo បាន​កត់​សម្គាល់​ថា កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែល​សហរដ្ឋ​អាមេរិក​សម្រេច​បាន​ជាមួយ​នឹង​ពួក​តាលីបង់​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​នូវ​ការ​ចរចា​រវាង​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ៕

XS
SM
MD
LG