ក្រុមរដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់មកពីប្រទេសនានានៅជុំវិញពិភពលោកនឹងចូលរួមសន្និសីទ ដែលមានបំណងស្វែងរកសាមគ្គីភាពជាអន្តរជាតិចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជំរុញដល់ការអភិវឌ្ឍ និងស្ថិរភាព។
កាលពីពីរឆ្នាំមុនសហគមន៍អន្តរជាតិបានអំពាវនាវស្វែងរកថវិកាជាង ១៥ពាន់លានដុល្លារ ជាផ្នែកមួយនៃផែនការអភិវឌ្ឍរយៈពេល៤ឆ្នាំសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវត្រូវបានគេមើលឃើញថា ជាឱកាសល្អមួយនៅមុនការរៀបចំសន្និសីទបន្ទាប់ទៀតនៅឆ្នាំ២០២០ ដើម្បីកំណត់អំពីដំណើរការវិវត្តទៅលើកំណែទម្រង់របស់ប្រទេស។
លោក Toby Lanzer អ្នកតំណាងរងពិសេសនៃបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា សន្និសីទនេះនឹងពិនិត្យមើលថាតើអាហ្វហ្គានីស្ថានអនុវត្តតាមការតាំងចិត្តរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានល្អកម្រិតណា និងគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈបានល្អកម្រិតណា។ លោក Lanzer បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍សំខាន់មួយបានកើតឡើងកាលពីចុងខែកុម្ភៈកន្លងទៅ នៅពេលដែលប្រធានាធិបតីអាហ្វហ្គានីស្ថានលោកAshraf Ghani បានប្រកាសថា លោកបានត្រៀមខ្លួនរួចរាល់ដើម្បីចរចាជាមួយពួកតាលីបង់ដោយគ្មានលក្ខខណ្ឌ។ កងម្លាំងអាហ្វហ្គានីស្ថានបានប្រយុទ្ធជាមួយក្រុមបះបោរតាលីបង់ ដែលនៅមិនព្រមទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕