ក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក អ៊ិត សំហេង តំណាងក្រុមហ៊ុន Adidas បានលើកឡើងអំពីការជ្រៀតជ្រែកសេរីភាពសមាគម នៅរោងចក្រមួយក្នុងខេត្តកំពង់ឆ្នាំង និងបានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើការចាប់ខ្លួនតំណាងកម្មករផងដែរ។
ការរំលោភសិទ្ធិសមាគមនេះ ផ្តើមចេញពីការធ្វើកូដកម្មមួយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅរោងចក្រ Can Sports Shoes Cambodia (ខេន ស្ព័ត) ដែលមានសហជីពមូលដ្ឋានចំនួន១០ជារួម តែដោយឡែកសហជីព៤ បានស្នើសុំធ្វើកូដកម្ម ដោយមានការផ្តល់ដំណឹងទៅរោងចក្រ និងអាជ្ញាធរមូលដ្ឋានជាមុន។
ប៉ុន្តែវិវាទចម្បងបានផ្ទុះឡើងតាមរយៈការទាមទារឱ្យមានអ្នកលក់ដូអាហារក្នុងបរិវេណរោងចក្រចំនួនប្រហែល២០០នាក់ និងទាមទារឱ្យពន្លឿនការកាត់ប្រាក់វិភាគទានប្រចាំជូនសហជីពពីប្រាក់ខែកម្មករដែលផ្លាស់ប្តូរពីសហជីពចាស់ទៅសហជីពថ្មី។ នេះបើតាមលិខិតរបស់តំណាងក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនអន្តរជាតិផលិតសម្លៀកបំពាក់កីឡាល្បីឈ្មោះមួយ។
លិខិតរបស់លោក វីល្លៀម អាឌឺសាន់ (William Anderson) អនុប្រធានថ្នាក់សកល កិច្ចការសង្គម និងបរិស្ថាននៃក្រុមហ៊ុន Adidas ដែលដាក់ទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បន្តឱ្យដឹងថាស្របពេលមានការចរចាដោះស្រាយវិវាទការងារនោះ ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពយ៉ាងហោចណាស់៥នាក់ ក៏ត្រូវបានគេរាយការណ៍ ហើយការចាប់ខ្លួនដោយប៉ូលិសខេត្តកំពង់ឆ្នាំងនោះ ធ្វើឡើងដោយគ្មានការចោទប្រកាន់ជាក់លាក់។ ក្រោយមក អ្នកសហជីពទាំងនោះដែលត្រូវបានចងភ្ជាប់ទៅនឹងបទចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក៏ត្រូវបានដោះលែងវិញ។
លិខិតដដែលបានលើកឡើងការស្នើសុំមួយចំនួនឱ្យក្រសួងការងារ«ធ្វើការស៊ើបអង្កេតលើសកម្មភាពអនុវត្តការងាររបស់ប៉ូលិស ជូនដំណឹងដោយតម្លាភាពអំពីលទ្ធផលបន្ទាប់ពីការស៊ើបអង្កេត [និង]ជូនដំណឹងដល់ភាគីរងផលប៉ះពាល់ និងការពារមិនឱ្យមានហេតុការណ៍នេះ កើតឡើងបន្តទៀតនាពេលអនាគត»។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា វិវាទដែលបានកើតឡើង ត្រូវបានដោះស្រាយរួចរាល់ បន្ទាប់ពីកូដកម្ម និងការចាប់ខ្លួនអ្នកសហជីព ក៏ប៉ុន្តែក្រុមហ៊ុន Adidas ចង់ឱ្យភាគីកម្ពុជា គោរពសិទ្ធិចងក្រងសមាគម និងបញ្ឈប់ការរំលោភសិទ្ធិតំណាងកម្មករ ដូចករណីមានការចាប់ខ្លួនជាដើមនោះ។
លោកនិយាយថា៖ «អ៊ីចឹង យើងឃើញថាទម្រង់នៃការចាប់ខ្លួនរបស់ថ្នាក់ដឹកនាំសហជីពហ្នឹង គឺវាប៉ះពាល់ទៅដល់សិទ្ធិជាមូលដ្ឋាន ជាពិសេសសិទ្ធិនៅក្នុងការធ្វើកូដកម្មដោយសន្តិវិធី ហើយចឹងយើងមិនចង់ឱ្យឃើញនូវការអនុវត្តបែបនេះ ជាបន្តទៀត នៅក្នុងទីតាំង ទីកន្លែងក្រុមហ៊ុនផ្សេងៗ»។
លោកបន្ថែមថាលិខិតរបស់ក្រុមហ៊ុនអ្នកបញ្ជាទិញនេះ បង្ហាញច្បាស់ថា អាជ្ញាធរ មិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងរបស់សហជីពទេ នៅក្នុងការធ្វើកូដកម្មដោយសន្តិវិធី។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃព្រហស្បតិ៍នេះ។ លោក William Anderson អនុប្រធានថ្នាក់សកល កិច្ចការសង្គម និងបរិស្ថាននៃក្រុមហ៊ុន Adidas ក៏មិនទាន់ឆ្លើយតបសំណួរដែលផ្ញើតាមសារអ៊ីមែល។
បើតាមលិខិតរបស់លោក William Anderson លក្ខខណ្ឌនៃការអនុវត្តអនុសញ្ញា ILO បានបញ្ជាក់ថា៖ «ការចាប់ខ្លួន ថ្នាក់ដឹកនាំសហជីព និងសកម្មជន និងថ្នាក់ដឹកនាំអង្គការនិយោជិត ដែលអនុវត្តសកម្មភាពស្របច្បាប់ ទាក់ទងនឹងសិទ្ធិសមាគម ទោះជាក្នុងរយៈពេលខ្លីក៏ដោយ គឺជាការបំពានលើគោលការណ៍ស្តីពីសេរីភាពសមាគម»។
លិខិតបន្ថែមថា៖ «ការចាប់ខ្លួនសមាជិកសហជីពដោយមិនមានការចោទប្រកាន់ គឺជាការរឹតត្បិតលើសេរីភាពសមាគម ហើយរដ្ឋាភិបាលគួរចាត់វិធានការដោយដាក់ចេញនូវសេចក្តីណែនាំដ៏សមស្របមួយ ដើម្បីការពារនូវហានិភ័យដែលកើតចេញពីការចាប់ខ្លួនសមាជិកសហជីពបែបនេះ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីតំណាងរោងចក្រ Can Sports Shoes Cambodia ប៉ុន្តែអ្នកលើកទូរសព្ទស្នើឱ្យទាក់ទងទៅខាងរដ្ឋបាលរោងចក្រដែលមិនអាចទាក់ទងបានទេតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមហ៊ុន Adidas របស់ប្រទេសអាល្លឺម៉ង់ គឺជាក្រុមហ៊ុនបញ្ជាទិញទំនិញកាត់ដេរធំមួយពីប្រទេសកម្ពុជា ក្នុងចំណោមក្រុមហ៊ុនល្បីៗឈ្មោះផ្សេងទៀត រួមមាន H&M, Puma, Nike, Gap, C&A, Walmart និង Levi's ជាដើម។
វិវាទការងារនៅរោងចក្រ Can Sports Shoes Cambodia ក្នុងខេត្តកំពង់ឆ្នាំ ដែលបានលើកឡើងដោយក្រុមហ៊ុន Adidas គឺមានភាពស្រដៀងគ្នាទៅនឹងវិវាទដែលធ្លាប់កើតឡើងនៅតាមរោងចក្រ និងសហគ្រាសផ្សេងទៀត ដែលមានការចងក្រងសហជីពបម្រើប្រយោជន៍កម្មករ។ នេះបើតាមក្រុមការពារសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា៕
ក្រុមហ៊ុន Adidas ស្នើឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចាប់ខ្លួនតំណាងកម្មករតាមតែអំពើចិត្ត
ភ្នំពេញ —