អ្នកការពារសិទ្ធិមនុស្សបួននាក់នៃសមាគមសិទ្ធិមនុស្សអាដហុក និងអតីតបុគ្គលិកមួយរូបទទួលបានរង្វាន់អ្នកការពារសិទ្ធិមនុស្ស Martin Ennals Prize នៅថ្ងៃអង្គារនេះ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់គណៈកម្មាធិការផ្តល់ពានរង្វាន់។
អ្នកការពារសិទ្ធិមនុស្សទាំងនេះមានលោកយី សុខសាន្ត លោកនី សុខា លោកណៃ វ៉ង់ដា អ្នកស្រីលឹម មុន្នី និងលោកនី ចរិយា ដែលពេលនេះបានទៅបំពេញការងារជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកការពារសិទ្ធិមនុស្សទាំងប្រាំនាក់ត្រូវបានអាជ្ញាធរកម្ពុជាដោះលែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីជាប់ពន្ធនាគារជាងមួយឆ្នាំនៅក្នុងបទចោទប្រកាន់សូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងស្នេហាលួចលាក់របស់នាងខុម ចាន់តារាទីជានារីកាត់សក់ជាមួយនឹងលោកកឹម សុខាកាលពីលោកនៅជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ការដោះលែងពួកគេកើតមានឡើង បន្ទាប់ពីមានការអំពាវនាវជាអន្តរជាតិឱ្យដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ និងស្នើឱ្យបញ្ឈប់ការយាយីរំខានដល់អ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
អ្នកទាំង៥នេះមិនអាចទៅទទួលរង្វាន់ ដែលប្រគល់ជូននៅល្ងាចថ្ងៃអង្គារនេះ ដោយស្នងការរងជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅសាកលវិទ្យាល័យហ្សឺណែវ ក្នុងប្រទេសស្វីសបានទេដោយសារពួកគេរង់ចាំការកាត់ទោស និងជាប់នឹងបម្រាមក្នុងការធ្វើដំណើរនៅឡើយ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
អ្នកទទួលជ័យលាភីចំនួនពីរទៀតមានលោកម៉ូហាម៉េដ ហ្សារី អ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសអេហ្សីព និងនាងខាឡា អាវេឡា ដែលជាអ្នកកម្ពស់សិទ្ធិសេរីភាពមនុស្សផ្លាស់ប្តូរភេទនៅក្នុងប្រទេសអែលសាវ៉ាឌ័រ។
រង្វាន់ Martin Ennals សម្រាប់អ្នកការពារសិទ្ធិមនុស្សគឺជា កិច្ចសហការរបស់អង្គការសិទ្ធិមនុស្សដ៏ធំលើពិភពលោកចំនួន ១០ ដែលមានដូចជាអង្គការ Amnesty International និងHuman Rights Watch ដើម្បីផ្តល់ជាការការពារដល់អ្នកការពារសិទ្ធិមនុស្សនៅទូទាំងពិភពលោក៕