ស្រ្តីកាន់សាសនាអ៊ីស្លាមរាប់ពាន់នាក់អាចនឹងបាត់បង់សិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិនិងមូលដ្ឋានក្នុងពេលខាងមុខដោយសារតែការគោរពប្រតិបត្តិសាសនានិងតម្រូវការថ្មីរបស់ស្ថាប័នបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់សកម្មជនសិទ្ធិរបស់ខ្មែរអ៊ីស្លាម។
លោក ហ៊ីម ខទៀត សមាជិកនៃគណៈកម្មាធិការដឹកនាំរបស់សមាគមអតីតនិស្សិតខ្មែរអ៊ីស្លាមកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថាសាសនាអ៊ីស្លាមបានហាមឃាត់ស្ត្រីមិនឱ្យដោះក្រម៉ាឬស្បៃគ្របក្បាលនៅទីសាធារណៈដោយហេតុនេះហើយបានជាស្រ្តីមួយចំនួនមិនព្រមទៅធ្វើអត្តសញ្ញាណបណ្ណទេដោយសារតែការថតរូបធ្វើអត្តសញ្ញាណបណ្ណតម្រូវឱ្យពួកគេមិនត្រូវមានអ្វីគ្របសក់ទេ។ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីបានតម្រូវឱ្យអ្នកបោះឆ្នោតត្រូវតែ មានអត្តសញ្ញាណបណ្ណពលរដ្ឋខ្មែរនិងលិខិតឆ្លងដែនដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន។
លោកហ៊ីម ខទៀត បន្ថែមថា៖ «បញ្ហានេះហើយជាបញ្ហាប្រឈមដ៏ធំសម្រាប់គាត់ដែលមួយភាគធំនៃបងប្អូនសាសនិកអ៊ីស្លាមកម្ពុជាយើងជាស្រ្តីគឺពុំទាន់បានថតរូបថតធ្វើអត្តសញ្ញាណបណ្ណនិងលិខិតឆ្លងដែនទៅតាមលក្ខខណ្ឌទាមទារចង់បានរបស់គ.ជ.បទេ។ ដូច្នេះហើយពួកគាត់សម្តែងនិងទាមទារយ៉ាងទទូចទៅដល់ប្រមុខរាជរដ្ឋាភិបាលសូមឱ្យមានការអនុញ្ញាតសិទ្ធិជូនពួកគាត់ក្នុងការទទូរក្រម៉ាឬកន្សែងនេះ»។
លោកហ៊ីម ខទៀត បន្ថែមថាបញ្ហានេះបាននឹងកំពុងបង្កការប្រឈមសម្រាប់ពួកគាត់ធំឡើងៗដោយរាលដាលទៅលើបញ្ហាដទៃទៀតផងដែរ៖ «គាត់ក៏ជួបបញ្ហាលំបាកផ្សេងៗទៀតដែលច្បាប់ក្នុងប្រទេសកម្ពុជាតម្រូវឱ្យមានការប្រើប្រាស់អត្តសញ្ញាណបណ្ណដូចជាការរៀបអាពាហ៍ពិពាហ៍ ការធ្វើប្លង់ដី ប្លង់ផ្ទះឬក៏ការធ្វើជំនួញអាជីវកម្មផ្សេងៗគឺ ពួកគាត់មានការលំបាកច្រើនមែនទែន»។
លោកហង្ស ពុទ្ធា សមាជិកគ.ជ.បនិងជាអ្នកនាំពាក្យបានបញ្ជាក់ថាស្ថាប័នគ.ជ.បប្រឹងប្រែងអនុវត្តតាមច្បាប់ហើយការមិនទៅបោះឆ្នោតដោយសារតែគ្មានឯកសារគឺជាសិទ្ធិរបស់សាម៉ីខ្លួនផ្ទាល់។
«សិទ្ធិត្រូវបានផ្តល់ដោយរដ្ឋឬក៏គ.ជ.បហើយប៉ុន្តែ នៅ ពេលដែលអត់ព្រមទៅធ្វើអត្តសញ្ញាណបណ្ណខ្ញុំគិតថានេះគឺជាការបាត់បង់សិទ្ធិរបស់ខ្លួនឯង។ បញ្ហាប្រពៃណីនិងអ្វីផ្សេងទៀតគឺសាម៉ីខ្លួនជាអ្នកទទួលខុសត្រូវខ្លួនឯង។ បើសិនជាសាម៉ីខ្លួនសម្រេចចិត្តថាចង់បោះឆ្នោតគឺត្រូវតែមានការលះបង់ដូចជាត្រូវការទៅថតរូបដើម្បី ធ្វើអត្តសញ្ញាណបណ្ណ»។
ប្រទេសកម្ពុជានឹងរៀបចំ ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅ ក្នុងឆ្នាំ២០១៧និងថ្នាក់ជាតិនៅឆ្នាំ២០១៨។
ក្នុងខណៈពេលនេះដែរលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថាបើសិនជាគណបក្សរបស់លោកជាប់ឆ្នោតលោកនឹងបន្ធូរបន្ថយនីតិវិធីនៃការថតរូបធ្វើអត្តសញ្ញាណបណ្ណនិងលិខិតឆ្លងដែននេះ។ លោកក៏បានសន្យាថានឹងផ្តល់ម៉ោងផ្សាយតាមទូរទស្សន៍ឱ្យពួកគេផ្សព្វផ្សាយពីសាសនាផងដែរ។
អ្នកកាន់សាសនាអ៊ីស្លាមនៅ ក្នុងប្រទេសកម្ពុជាមានប្រហែល១,៦ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ឬមានចំនួនប្រហែល២៣៦.០០០នាក់៕