ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួន ដើម្បីសាកសួរទាក់ទងនឹងបណ្ដឹងរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ អ្នកតំណាងនិងសកម្មជនការពារសិទ្ធិលំនៅឋាននៅតំបន់បឹងកក់ បាននាំគ្នាតវ៉ានៅពីមុខការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរិះគន់ចំណាត់ការរបស់អង្គភាពនេះ។
អ្នកស្រី ទេព វន្នី អ្នកការពារសិទ្ធិលំនៅដ្ឋាននៅតំបន់បឹងកក់ និងជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices របស់សហរដ្ឋអាមេរិក និយាយថានៅថ្ងៃព្រហស្បតិ៍ថា អ្នកភូមិបឹងកក់ បានចូលរួមតវ៉ាដោយស្ម័គ្រចិត្ត ដោយការឈឺឆ្អាល ដោយសារពួកគេស្អប់ខ្ពើមអំពើអយុត្តិធម៌ដែលពួកគាត់ធ្លាប់ប្រឈមមុខកន្លងមក។
អ្នកស្រី ទេព វន្នី ថ្លែងប្រាប់ VOA ថា៖
«ការរងភាពអយុត្តិធម៌របស់អង្គការហ្នឹង យើងមកផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់ពួកគាត់ ដូចអ្វីដែលពួកគាត់ ដែលពីមុនមកក៏ពួកគាត់ក្នុងនាមជាអង្គការការពារសិទ្ធិមនុស្ស ក៏គាត់តែងតែចូលឃ្លាំមើលពួកយើងដែលរងគ្រោះដូចគ្នាដែរនៅណា៎»។
មនុស្ស៨នាក់ដែលរួមមានប្រធានអង្គការនិងបុគ្គលិកអង្គការសិទ្ធិមនុស្ស ហើយនិងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅសាកសួរនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅសាកសួរដែរនោះ កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ VOA ថា អ្នកស្រីឆ្ងល់ពីមូលហេតុដែលអ្នកស្រីត្រូវហៅសាកសួរ ព្រោះអង្គការរបស់អ្នកស្រីគ្រាន់តែរួមជាមួយអង្គការផ្សេងទៀត ចេញសេចក្ដីថ្លែងការណ៍ការពារសិទ្ធិនិងកិត្តិយសរបស់ស្ត្រី។
អ្នកស្រីបន្តថា បទពិសោធន៍នេះ មិនធ្វើឲ្យអ្នកស្ត្រីញញើតក្នុងការបន្តជួយការពារសិទ្ធិ និងកិត្តិយសរបស់ស្ត្រីក្នុងពេលអនាគតទេ តែវាជាមេរៀនឲ្យអ្នកស្រីមានការប្រុងប្រយ័ត្នជាងមុន។
«មិនដឹងថា គាត់ជាអ្នករងគ្រោះ ឬក៏គាត់ជាអ្នកផ្សំគំនិតដើម្បីចោទមកលើខ្ញុំទេ ព្រោះដូចជារឿងខ្ញុំអី ដែលគាត់ចោទមកនោះ អត់មានរឿងស្អីដែលត្រូវទាក់ទិននឹងខ្ញុំសោះ! ជួបគ្នាម្ដង៣០នាទីប៉ុណ្ណឹងឯង»។
អ្នកស្រី ធីតា ឃឹះ មិនទាន់សន្និដ្ឋានថា តើនាង ខុម ចាន់តារ៉ាទី ជាជនរងគ្រោះឬជាអ្នកផ្សំគំនិតចោទប្រកាន់អ្នកស្រីនោះទេ។
លោកស្រី ក៏មិនទាន់ដឹងដែរថា តើចម្លើយមួយណារបស់នាង ខុម ចាន់តារ៉ាទី ជាការណ៍ពិតនោះ ពីព្រោះនាងដូរចម្លើយចុះដូរឡើងជាច្រើន។
«ប៉ុន្តែខ្ញុំមិនចង់ឲ្យបទពិសោធន៍មិនល្អនេះធ្វើឲ្យយើងទាំងអស់គ្នាទៅជាក្រិន លែងចង់ជួយអ្នកដទៃនោះទេ ព្រោះវាជារឿងគ្រោះថ្នាក់សម្រាប់សង្គមយើង»។
រហូតមកដល់ម៉ោង៧និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក នៅរង់ចាំទទួលព័ត៌មានដោយផ្ទាល់អំពីស្ថានភាពបុគ្គលិករបស់លោកបួននាក់ដែលមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ។
លោក ធន សារាយ ថ្លែងថា៖
«ខ្ញុំមិនទាន់ដឹងច្បាស់ដែរថា តើគាត់ចោទប្រកាន់បុគ្គលិកខ្ញុំរឿងអីទេ។ ខ្ញុំអត់ច្បាស់ដែរណា៎។ ខ្ញុំកំពុងតែចាំ។ ប៉ុន្តែប្រហែលមិនសូវសង្ឃឹមទេយប់នេះ»។
VOA បានព្យាយាមទាក់ទងលោក ឱម យ៉ិនទៀង ដើម្បីសុំសេចក្តីអត្ថាធិប្បាយ នៅថ្ងៃព្រហស្បតិ៍នេះ តែមិនអាចទាក់ទងបាន។
ទោះជាយ៉ាងណាក្តី កាលពីថ្ងៃពុធ លោក ឱម យ៉ិនទៀង បាននិយាយថា លោកកោះហៅមន្ត្រីសិទ្ធិមនុស្សទាំងនេះដើម្បីសាកសួររកការណ៍ពិត។
«គាត់មិនទាន់ត្រូវកំណត់ជាអីៗទេ។ គាត់អាចជាសាក្សី។ពាក់ព័ន្ធរឿងអីៗគឺកុំអាលគិតខ្លួនឯងដោយរបៀបអញ្ចឹងណា៎។ សូមរួមចំណែក»។
ក្រៅពីអ្នកស្រី ធីតា ឃឹះ ក៏មានបុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុក៥នាក់ទៀតដែរ ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត អ្នកស្រីលឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់ អ្នកស្រី ទ្រី ឈួន អតីតមេធាវីរបស់នាង ខុម ចាន់តារ៉ាទី ហើយនឹងលោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា ដែលអ្នកទាំងពីរជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាហុក។
ក្រៅពីនេះ មានលោក នី ចរិយា អតីតមន្ត្រីអាដហុកនិងបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងលោក សឺន សាលី មន្ត្រីនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាផងដែរ។
ទាក់ទងនឹងករណីនេះដែរ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាមេឃុំមកពីគណបក្ស សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃពុធពីបទសូកប៉ាន់សាក្សី ដោយសំអាងតាមចម្លើយរបស់នាង ខុម ចាន់តារ៉ាទី ដែលថា លោកឲ្យលុយម្ដាយនាង៥០០ដុល្លារ ដើម្បីកុំឲ្យនាងនិយាយប៉ះពាល់កិត្តិយសរបស់លោក កឹម សុខា។
ក្រៅពីនេះ លោក អ៊ូ វីរៈ នាយកវេទិកាអនាគត និងជាអ្នកវិភាគឯករាជ្យត្រូវគណបក្សប្រជាជនកម្ពុជាប្ដឹងទាក់ទងនឹងអត្ថាធិប្បាយរបស់លោក ព្រោះលោកបញ្ចេញទស្សនៈថា គណបក្សប្រជាជនកម្ពុជាជាអ្នករៀបចំរឿងនេះ។
លោក កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគអំពីសង្គម បានប្រាប់ VOA ថា សមត្ថកិច្ចគួរស្វែងរកឫសគល់នៃបញ្ហា ដូចជាអ្នកផ្សព្វផ្សាយសំឡេងសន្ទនានេះ ហើយនិងសាក្សី ដែលជាអ្នកលួចថតសំឡេង ដើម្បីបញ្ជាក់ថា ជាសំឡេងកាត់តឬមិនកាត់ត ជាសំឡេងពិត ឬមិនពិត។
លោកបន្តថា ការដែលសមត្ថកិច្ចបែរជាចាត់វិធានការពង្រីកបញ្ហាទាក់ទងនឹងខ្សែអាត់សំឡេងស្នេហាដែលគេចោទថា ជាសំឡេងលោក កឹម សុខា និងនាង ខុម ចាន់តារ៉ាទី នេះ មិនមែនជារឿងល្អសម្រាប់សង្គមទេ។
«រដ្ឋសភា ឬរដ្ឋាភិបាលហ្នឹង ត្រូវតែរកឫសគល់នៃបញ្ហា ចៀសវាងយើងពង្រីកបញ្ហា។ បញ្ហា បើកាលណាវាតូច តែយើងព្យាយាមពង្រីក វារីកហើយ។ បើព្យាយាមបង្រួម វារួមអញ្ចឹងទៅណា៎។ អញ្ចឹងអ្នកដឹកនាំល្អគេព្យាយាមបង្រួមបញ្ហា ហើយដោះស្រាយបញ្ហា។ ចៀសវាងពង្រីកបញ្ហា ហើយធ្វើឲ្យបញ្ហាហ្នឹងសាយភាយ»។
លោក កែម ឡី មិនបន្ទោសអង្គការសិទ្ធិមនុស្សដែលដកខ្លួនលែងផ្ដល់ជំនួយផ្លូវច្បាប់ឲ្យនាង ខុម ចាន់តារ៉ាទី នៅពេលនាងប្រឈមបញ្ហាច្រើនឡើងនោះទេ។
លោកនិយាយថា កាលណាបញ្ហាដែលមានចរិតនយោបាយនេះកាន់តែរីកធំឡើងនោះ អង្គការសង្គមស៊ីវិល នឹងជាប់ចំណងកាន់តែខ្លាំង។
«កាលណាយើងយកអាហ្នឹងធ្វើជាសាច់រឿងនយោបាយធំដុំ អញ្ចឹង បើអង្គការសង្គមស៊ីវិលនៅបន្ត វាមានបញ្ហាតទៅទៀត។ វាអត់មានតែប៉ុណ្ណឹងទេ។ សូម្បីតែហក់ចូលមកមួយជំហានចង់ផុងផង អញ្ចឹងណា៎ ដោយសារតែយើងយករឿងបុគ្គលធ្វើជារឿងនយោបាយ យករឿងបុគ្គលទៅជាបញ្ហាធំ អាហ្នឹងវាទៅហើយ។ បើហក់ចូលកាន់តែជ្រៅ កាន់តែមានបញ្ហា»។
សមាគម អាដហុក បានប្រកាសឈប់ផ្ដល់មេធាវីការពារក្ដីឲ្យនាង ខុម ចាន់តារ៉ាទី ស្របពេលដែលនាងបានធ្វើឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលជាស្ត្រី និងមន្ត្រីការពារសិទ្ធិមនុស្ស មានការភ្ញាក់ផ្អើល និងសោកស្ដាយ បន្ទាប់ពីនាងបានចោទប្រកាន់ថា ក្រុមអង្គការសង្គមស៊ីវិលដែលផ្ដល់ការជួយជ្រោមជ្រែងខាងផ្នែកច្បាប់ដល់រូបនាងនោះបានបង្គាប់មិនឲ្យនាងទទួលស្គាល់ខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាសំឡេងរបស់នាង និងសំឡេងរបស់លោក កឹម សុខា។
ការចោទប្រកាន់នេះកើតមានឡើង នៅពេលដែលនាងបានដាក់ពាក្យប្ដឹងទៅតុលាការដំបូងរាជធានីភ្នំពេញ ទារជំងឺចិត្តពីលោក កឹម សុខា គិតជាទឹកប្រាក់៣០ម៉ឺនដុល្លារ៕