ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​មាតា​ធម្មជាតិ​ចាប់ផ្តើម​យុទ្ធនាការ​ជិះកង់ ទាមទារ​ឲ្យ​ដាក់ «កោះកុងក្រៅ» ជា​តំបន់​ការពារ


ខិតប័ណ្ណ​ប្រកាស​របស់​មាតាធម្មជាតិ​ដែល​ជូន​ដំណឹង​អំពី​យុទ្ធនាការ​ជិះកង់​ដាក់ញត្តិ ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ដាក់​កោះកុងក្រៅ ទៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់។ (រូបភាព​ពី​ទំព័រ​ហ្វេសប៊ុកMother Nature Cambodia)
ខិតប័ណ្ណ​ប្រកាស​របស់​មាតាធម្មជាតិ​ដែល​ជូន​ដំណឹង​អំពី​យុទ្ធនាការ​ជិះកង់​ដាក់ញត្តិ ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ដាក់​កោះកុងក្រៅ ទៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់។ (រូបភាព​ពី​ទំព័រ​ហ្វេសប៊ុកMother Nature Cambodia)

លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ បាន​ប្រាប់ VOA ថា មូលហេតុនៃ​ការធ្វើយុទ្ធនាការ​ជិះកង់​នេះ គឺ​ដោយសារ​ក្រុម​យុវជន​មាតា​ធម្មជាតិ បាន​មើលឃើញ​អំពី​សក្តានុពល​របស់​កោះកុង​ក្រៅ ដែល​ស្ថិត​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុកកោះកុង ខេត្ត​កោះកុង និង​ជា​តំបន់​ពោរពេញ​ដោយ​ធម្មជាតិ​ដែល​អាច​ទាក់ទាញ​ទេសចរណ៍​បានច្រើន។

ក្រុម​យុវជន​មាតា​ធម្មជាតិ​ដែល​មាន​គ្នា​ប្រមាណ​២០​នាក់ ​នៅ​ថ្ងៃ​អង្គារ​នេះ ​ចាប់​ផ្តើម​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្ត​កោះកុង​ទៅ​កាន់​រាជធានី​ភ្នំពេញ ​ក្នុង​គោល​បំណង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ស្នើ​ឲ្យ​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ជា​តំបន់​ការពារ។​ ពួក​គេ​បារម្ភ​ថា​ តំបន់​នោះ​អាច​រង​ការ​បំផ្លាញ​ ប្រសិន​បើ​មិន​មាន​ការ​ការពារ។​

យុទ្ធនាការ​ជិះកង់​ដាក់​ញត្តិ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០២០។ ​

លោក​ ថុន រដ្ឋា ​យុវជន​មាតា​ធម្មជាតិ​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុម​យុវជន​មាតា​ធម្មជាតិ​ចំនួន​១៨​នាក់​ បាន​រៀប​ចំ​យុទ្ធនាការ​នេះ​ឡើង​ ដោយ​ក្នុង​នោះ​១១​នាក់​ជិះកង់​ និង​៧​នាក់​ផ្សេង​ទៀត ​ជិះម៉ូតូ​តាម​ឃ្លាំ​មើល។​ លោក​បន្ត​ថា​ មូល​ហេតុ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​នេះ ​គឺ​ដោយសារ​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​មើល​ឃើញ​អំពី​សក្តានុពល​របស់​កោះកុង​ក្រៅ ​ដែល​ស្ថិត​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ​ ស្រុក​កោះកុង​ ខេត្ត​កោះកុង​ និង​ជា​តំបន់​ពោរ​ពេញ​ដោយ​ធម្មជាតិ​ដែល​អាច​ទាក់​ទាញ​ទេស​ចរណ៍​បាន​ច្រើន។​


លោក ​ថុន រដ្ឋា ​បន្ថែម​ថា​ ទន្ទឹម​នឹង​មើល​ឃើញ​សក្តានុ​ពល​របស់​កោះ​នេះ​ ​ ក្រុម​យុវជន​មាតា​ធម្មជាតិ​ក៏​បារម្ភ​ថា​ កោះ​ដែល​មាន​សក្តានុ​ពល​មួយ​នេះ​ អាច​នឹង​ត្រូវ​រង​ការ​បំផ្លាញ​ដូច​កោះ​ផ្សេងៗ​ជា​ច្រើន​ទៀត។​

«យើង​ធ្លាប់​មាន​បទ​ពិសោធន៍​ច្រើន​ហើយ​ទៅ​កាន់​តំបន់​កោះ​មួយ​ចំនួន​ដែល​មាន​សក្តានុពល​ដូច​នៅ​កោះ​រ៉ុង​ កោះ​រ៉ុង​សន្លឹម​ បច្ចុប្បន្ន​កំពុង​មាន​ការ​សាងសង់​អគារ ​ ការ​សាងសង់​កាស៊ីណូ​ផង​ ហើយ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ ហើយ​ជាពិសេស​ទៀត​ តំបន់​ឆ្នេរ​ ត្រូវ​មាន​ការបង្ហូរ​ទឹក​លូ​កខ្វក់​ចូល​ទៅ​កាន់​សមុទ្រ​អី​ជាដើម»។​

លោក​ ថុន រដ្ឋា​ បញ្ជាក់​ថា​ ការ​ស្នើ​ទៅ​លោក​ ហ៊ុន សែន​ដើម្បី​ដាក់​កោះកុង​ក្រៅ​ទៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់ ​និង​រក្សា​សភាព​ដើម​នៃ​កោះ​នេះ​មាន​ការ​គាំទ្រ​ពី​អ្នក​ប្រើ​បណ្តាញ​សង្គម​ជាង​៦​ពាន់​នាក់​ តាមរយៈ​ការ​សរសេរ​ពាក្យ​ «គាំទ្រ» ​លើ​សារ ​និង​វីដេអូ​ដែល​ពួក​គេ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​Mother Nature ​ផង​ដែរ។​

បើ​តាម​វីដេអូ​ដែល​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​បង្ហោះ​កាល​ពី​សប្តាហ៍​មុន​ កោះកុង​ក្រៅ​មាន​ទំហំ​១០៣​គីឡូ​ម៉ែត្រ​ការ៉េ ​មាន​ឆ្នេរ​ប្រវែង​៥៣​គីឡូម៉ែត្រ ​និង​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរ​ភូមិន្ទ។ ​ កោះកុង​ក្រៅ​មាន​ដើម​ឈើ​ធំៗ ​កូន​ភ្នំ​ សត្វព្រៃ ​ ទឹកធ្លាក់​ជាច្រើន​កន្លែង ​ឆ្នេរ​ខ្សាច់​ស​ក្បុស ​និង​ផ្កាថ្ម​ជាដើម។​

លោក​ នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លើក​ឡើង​ថា ​ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្តើម​សិក្សា​តំបន់​កោះ​កុង​ក្រៅ​ ដើម្បី​ដាក់​ស្នើ​ជា​ឧទ្យាន​សមុទ្រ​ធម្មជាតិ​តាំង​ពី​៣​ឆ្នាំ​មុន​មក ​ដោយត្រូវ​ការ​ពេល​វេលា​ដើម្បី​កំណត់​ពី​ទំហំ​តំបន់​ការពារ​ប្រភេទ​សត្វ​ដែល​ត្រូវ​ការពារ ​បញ្ហា​ជុំវិញ​តំបន់​ ព្រមទាំង​ការ​រៀបចំ​ផែនការ​ផ្សេងៗ។ ​ លោក​បន្ត​ថា​ ​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​មិន​ទាន់​អាច​កំណត់​ពី​ពេល​វេលា​និង​ទំហំ​ជាក់​លាក់​ដើម្បី​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ការពារ​នៅ​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ​ នៅ​ពេល​ដែល​តំបន់​នោះ​ក្លាយ​ជា​តំបន់​ការពារ​ នោះ​តំបន់​នេះ​នឹង​មាន​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ ​ការ​រឹត​បន្តឹង​មិន​ឲ្យ​មាន​ការ​សាង​សង់​សំណង់​ខុសច្បាប់​និង​ទប់​ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ផ្សេងៗ។​

«តំបន់​នោះ​គឺ​តំបន់​ដែល​មាន​ឆ្នេរ​សមុទ្រ​ស្អាត ​ ហើយ​មាន​ធនធាន​ធម្មជាតិ​មាន​សត្វ​ព្រៃ ​ ​នៅ​ក្រោម​សមុទ្រ​មាន​សត្វ​សមុទ្រ​ដែល​ត្រូវ​ការ​អភិរក្ស ​ មាន​ផ្កា​ថ្ម ​ មាន​អី​ហ្នឹង។​សំខាន់​គឺ​ផ្តោត​ទៅ​លើ​ទេសចរណ៍​ធម្មជាតិ​តែ​ម្តង។​ហើយ​នេះ​ជា​ផល​ប្រយោជន៍​នៃ​ការ​ដាក់​តំបន់​ទាំង​អស់​នោះ​ជា​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​ហើយ​ក្រៅ​អំពី​នេះ​គឺ​យើង​នឹង​មាន​ឧទ្យាន​ជាតិ​សមុទ្រ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា​របស់​យើង»។​

បើ​តាម​លោក​ នេត្រ ភក្រ្តា ​ នៅ​កម្ពុជា​ទើប​មាន​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​តែ​មួយ​ប៉ុណ្ណោះ ​គឺ​កោះ​រ៉ុង​ហើយ​លោក​ថា​កោះ​កុង​ក្រៅ​នឹង​ក្លាយ​ជា​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​ទី​២​ ដែល​នឹង​មាន​ការ​ការពារ​តាម​ច្បាប់៕​

XS
SM
MD
LG