ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ទន្លេមេគង្គ​នឹង​ពិភាក្សា​អំពី​គ្រោះ​រាំង​ស្ងួត​ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ


មន្ត្រីជាន់ខ្ពស់តំណាងឲ្យគណៈកម្មការទន្លេមេគង្គ ឬ Mekong River Commission (MRC) បាន​ជួបប្រជុំគ្នាក្នុងដំណើររៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបថតដោយ MRC)
មន្ត្រីជាន់ខ្ពស់តំណាងឲ្យគណៈកម្មការទន្លេមេគង្គ ឬ Mekong River Commission (MRC) បាន​ជួបប្រជុំគ្នាក្នុងដំណើររៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបថតដោយ MRC)

នៅ​ថ្ងៃ​អង្គារ​នេះ គណៈកម្មការ​ទន្លេ​មេគង្គ ឬ Mekong River Commission (MRC) នឹង​ជួប​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រោះ​រាំង​ស្ងួត​ដែល​កើត​ឡើង​ក្នុង​បណ្តា​ប្រទេស​ខាង​ក្រោម​ទន្លេ​មេគង្គ ដែល​មាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម ជា​សមាជិក។

ជំនួប​ប្រចាំ​ឆ្នាំ​នេះ ត្រូវ​បាន​ធ្វើឡើង ​ស្រប​ពេល​ដែល​កម្ពុជា​ និង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ផ្សេង​ទៀត អាច​ទទួល​រងគ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ ចាប់​ពីខែ​វិច្ឆិកា​នេះ​ រហូត​ដល់​ខែ​មករា​ ឆ្នាំ​២០២០ ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​ក្នុង​រដូវ​វស្សា​។

នៅ​ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី២៦ នៅ​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សានៃ​គណៈកម្មការ MRC និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នឹង​ជួប​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​កិច្ចការ​ជាច្រើន រួម​មាន​គម្រោង​កំណត់​ទន្និន័យ​និង​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​យុទ្ធសាស្ត្រ​ដើម្បី​ទប់ស្កាត់​គ្រោះ​រាំង​ស្ងួត​ឆ្នាំ​២០២០-២០២៥ ជាដើម។ គ្រោះ​រាំង​ស្ងួត​នេះ​ កំពុង​តែ​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ពលរដ្ឋ​របស់​ប្រទេស​ទាំង​បួន​ ដែល​ប្រកប​មុខ​របប​នេសាទ​តាម​ដង​ទន្លេ​និង​ដៃ​ទន្លេ​មេគង្គ។

កាល​ពី​សប្តាហ៍​មុន គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ព្រមាន​ថា ប្រទេស​កម្ពុជា​និង​ថៃ នឹង​រងគ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ឡាវ និង​វៀតណាម ដែល​បណ្ដាល​មក​ពី​បរិមាណ​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​នេះ។ មូលហេតុ​គឺ​ដោយសារ​ការ​ធ្លាក់​ភ្លៀង​មូសុង​យឺត និង​ការ​ឈប់​ធ្លាក់​ភ្លៀង​មូសុង​នេះ​មុន​ពេល​កំណត់ ព្រម​ទាំង​មាន​បាតុភាព​អែលនីណូ ដែល​បង្ក​ឱ្យ​មាន​កម្ដៅ​និង​រំហួត​ខ្ពស់​ខុស​ប្រក្រតី​ទៀត​ផង។

អ្នក​ជំនាញ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​មួយ​នេះ បាន​និយាយ​ថា​ភាព​រាំងស្ងួត​នេះ អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ដំណាំ​ ​ផលិតផល​កសិកម្ម​នានា និង​កង្វះ​ទឹក​ប្រើប្រាស់៕

XS
SM
MD
LG