រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមួយចំនួនមិនបានចូលរួមជំនួបរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬ G20 នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ ហើយពួកមន្ត្រីកំពូលៗផ្សេងទៀតបានបន្ថយការធ្វើដំណើរដល់ជំនួបនោះដែលត្រូវបានសៅហ្មងដោយជម្លោះអំពីបញ្ហាសំខាន់ៗដូចជាអាកាសធាតុ បំណុលនិងវិសមភាព។
ការព្រមព្រៀងលើសេចក្តីប្រកាសជានិច្ចកាលបានក្លាយជាការលំបាកសម្រាប់ជំនួបដែលរួមមានប្រទេសចិន រុស្ស៊ី សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការខ្វែងគំនិតមានភាពសោះកក្រោះកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុខ្លះបានជាប់រវល់នឹងនយោបាយក្នុងស្រុកដែលមិនបានបង្ហាញខ្លួននៅឯជំនួបដែលមានរយៈពេល២ថ្ងៃនៅក្នុងទីក្រុង Cape Town។
អស់លោករដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាច្រើនរបស់ប្រទេស G-20 គឺសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌានិងកាណាដាបានលុបចោលការចូលរួមរបស់ពួកគេក្នុងជំនួបនេះដែលត្រូវរំពឹងថាមានប្រធានធនាគារកណ្តាលមកជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាប្រឈមសេដ្ឋកិច្ចសាកលលោក។ មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់របស់សហភាពអឺរ៉ុបក៏មិនចូលរួមជំនួបនេះដែរ។
អវត្តមានរបស់ពួកគេបានកាត់បន្ថយអ្វីដែលជាឱកាសដ៏តូចនៃការព្រមព្រៀងគ្នារួចទៅហើយលើសេចក្តីប្រកាសរួម។ នេះហាក់ដូចជាមានក្តីសង្ឃឹមតិចតួចនៃកិច្ចព្រមព្រៀងស្តីពីបញ្ហាដែលម្ចាស់ផ្ទះគឺប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa មើលឃើញថាជាគន្លឹះសំខាន់គឺការខ្វះថវិកាសម្រាប់ការប្រយុទ្ធប្រឆាំងអាកាសធាតុមកពីប្រទេសអ្នកមាន កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុដែលដាក់ទោសពៃរ៍ដល់បណ្តាប្រទេសក្រីក្រនិងការរីកកាន់តែធំឡើងនូវអសមភាព។
លោកបាននិយាយនៅក្នុងសុន្ទរកថានៃការបើកសន្និសិទរបស់លោកថា«ភាពមិនប្រាកដប្រជានៃសាកលលោកនៅពេលនេះនិងកំណើននៃភាពតានតឹង វាជាពេលវេលាសំខាន់នៅពេលឥឡូវនេះជាងពេលណាទាំងអស់ដែលសមាជិករបស់ប្រទេស G20 ត្រូវធ្វើការជាមួយគ្នា»៕