មន្រ្តីសិទ្ធិមនុស្សឲ្យដឹងថាពលរដ្ឋម្នាក់បានរងរបួសខ្នង ដោយសារការបាញ់ប្រហារដោយគ្រាប់កាំភ្លើងពីកម្លាំងទាហានរាប់សិបនាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា នៅក្នុងការប្រឈមដាក់គ្នាមួយនៃជម្លោះដីធ្លីដែលកើតឡើងក្នុងភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រាប់VOAកាលពីរសៀលថ្ងៃព្រហស្បតិ៍ថាក្រុមការងាររបស់អង្គការលោកបានចុះទៅដល់កន្លែងកើតហេតុនិងបានរាយការណ៍ថាបុរសរងរបួសនោះមានឈ្មោះ មុំ ចាន់ថា អាយុ៥៦ឆ្នាំ ជាកសិករ ដែលជាភាគីជម្លោះដីធ្លី។ លោកបន្ថែមថាជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។
លោក អំ សំអាត ជំរុញឲ្យស៊ើបអង្កេតរឿងនេះឲ្យបានត្រឹមត្រូវថាតើមូលហេតុអ្វីបានជាកម្លាំងទាហានរាប់សិបនាក់ប្រើកាំភ្លើងបាញ់គ្រាប់ពិត រហូតដល់បណ្តាលឲ្យពលរដ្ឋម្នាក់រងរបួស។
លោកក៏ជំរុញឲ្យបញ្ចប់ការប្រើប្រាស់ហិង្សា ដូចជាបាញ់គ្រាប់ពិតទៅលើប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី។
ក្នុងវីដេអូមួយមានរយៈពេលជាង៤នាទីដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋបានស្រែកថាកម្លាំងទាហានបានបាញ់គ្រាប់ពិត ខណៈប្រឈមនឹងប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លី។
វីដេអូនេះបង្ហាញថាអ្នកតវ៉ាម្នាក់បានរងរបួសនឹងគ្រាប់កាំភ្លើងត្រង់ឆ្អឹងជំនីរលើស្មាខាងធ្វេង ដោយមានឈាមហូរលើអាវយឺតសរបស់ជនរងគ្រោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននៅឡើយទេនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ទោះយ៉ាងណារដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងថា ដីដែលប្រជាពលរដ្ឋតវ៉ានោះជាដីរដ្ឋហើយថាពលរដ្ឋបានបិទផ្លូវជាតិលេខ៥១នៅចំណុចដែលគេហៅថា«ដីចម្ការបារាំង»។ រដ្ឋបាលខេត្តបញ្ជាក់ថាដីនៅតំបន់នោះ រដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិនិងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថានដែលជាទីតាំងដាក់សំរាម និងសំណង់រឹងចុងក្រោយកម្រិតតំបន់។
រដ្ឋបាលខេត្តកណ្តាលឲ្យដឹងទៀតថាក្រុមការងារគណៈកម្មការអន្តរក្រសួងកំពុងខិតខំសិក្សាស្រាវជ្រាវដើម្បីឈានដល់ការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ ក្នុងរង្វង់ដីប្រមាណ២៨០ហិកតា៕
ការកែសម្រួល៖ អត្ថបទដើមបានដាក់ឈ្មោះអ្នករងរបួសផ្សេងពីនេះ។