ឧបករណ៍តាមដានផ្សែងបានរោទិ៍ឡើងក្នុងបន្ទប់មួយលើយន្តហោះ ក្នុងរយៈពេលតែ ប៉ុន្មាននាទីមុនពេលដែលយន្តហោះរបស់ Egypt Air ជើងហោះហើរលេខ៨០៤បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមទិន្នន័យហោះហើរបានបង្ហាញ។
គេហទំព័រតាមដានឧស្សាហកម្មយន្តហោះ Aviation Herald បានផ្សព្វផ្សាយទិន្នន័យដែលបង្ហាញថាមានសញ្ញាប្រកាសឱ្យដឹងពីផ្សែងបានបន្លឺឡើងចេញពីក្នុងបន្ទប់ទឹកមិនយូរប៉ុន្មានមុនពេលដែលយន្តហោះបានធ្លាក់។
គេហទំព័រ Aviation Herald បានរាយការណ៍ថាខ្លួនទទួលបានព័ត៌មាននេះតាមប្រព័ន្ធរាយការណ៍និងដោះស្រាយទំនាក់ទំនងយន្តហោះ (ACARS) ដែលជាប្រព័ន្ធប្រើប្រាស់ដោយប្រតិបត្តិការយន្តហោះដើម្បីទាញយកទិន្នន័យការហោះហើរ។ ប្រព័ន្ធនោះបង្ហាញថាផ្សេងបានហុយចេញពីបន្ទប់ទឹកនៅម៉ោងប្រហែល២:២៦នាទីម៉ោងក្នុងស្រុក។
ប្រហែលមួយនាទីក្រោយមក មានឧបករណ៍បង្ហាញសញ្ញាអាសន្នមួយទៀតបានរោទិ៍ឡើងដោយឱ្យសញ្ញាពីផ្សែង។ រយៈពេលពីរនាទីក្រោយមកប្រព័ន្ធACARS បានរោទិ៍បង្ហាញថាមានផ្សែងនៅជិតកន្លែងគ្រឿងអេឡិចត្រូនិកនិងឧបករណ៍របស់យន្តហោះ។
ទីភ្នាក់ងារសុវត្ថិភាពយន្តហោះរបស់ប្រទេសបារាំងក៏បានបញ្ជាក់ពីភាពត្រឹមត្រូវនៃសារនោះដែរ ប៉ុន្តែអ្នកនាំពាក្យនិយាយថា«វាជាការឆាប់ពេកក្នុងការបកស្រាយនិងយល់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នោះដរាបណាគេនៅ មិនទាន់រកឃើញបំណែកឬឧបករណ៍កត់ត្រាទិន្នន័យហោះហើរទេ»។
អាជ្ញាធរអេហ្ស៊ីបក៏កំពុងស៊ើបអង្កេតពីសញ្ញានៃការបញ្ចេញផ្សែងនោះដែរ។
ក្រុមអ្នករុករកបានឃើញសាកសពមនុស្សចំនួនបួននាក់ដោយមានទាំងប្រដាប់ប្រដាប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរពីយន្តហោះនោះផងដែរប៉ុន្តែនៅបន្តស្វែងរកបំណែកនៃយន្តហោះនោះ៕