ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អធិការ​ស្រុក​អូររាំង​ឪ​ត្រូវ​ផ្អាក​ភារកិច្ច​ជា​បណ្តោះ​អាសន្ន សង្ស័យ​ពី​រឿង​​ពុក​រលួយ


អធិការ​នគរ​បាល​ស្រុក​អូររាំង​ឪ លោក លឿង រដ្ឋា ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ និង​​រឿង​បង់​ប្រាក់​ចំនួន​៧០​ម៉ឺន​រៀល។ (រូបថត​ពី​ Facebook/លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ)
អធិការ​នគរ​បាល​ស្រុក​អូររាំង​ឪ លោក លឿង រដ្ឋា ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ និង​​រឿង​បង់​ប្រាក់​ចំនួន​៧០​ម៉ឺន​រៀល។ (រូបថត​ពី​ Facebook/លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ)

អធិការ​នគរបាល​ស្រុកអូររាំងឪ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ជា​បណ្តោះ​អាសន្ន កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​មន្រ្តី​ថ្នាក់​ក្រោម​របស់​លោក ជុំ​វិញ​ករណី​សង្ស័យ​ថាមាន​ជាប់​ពាក់ព័ន្ធ​រឿង​អំពើ​ពុក​រលួយ ​និង​ការ​ជេរ​ប្រមាថ។

នៅ​ក្នុង​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ឃើញ​មន្រ្តី​នគរ​បាល​លោក រុង ម៉ារ៉ាឌី បាន​ចោទ​ប្រកាន់ និង​វាយ​ប្រហារ​ខ្លាំងៗ​លើ​អធិការ​នគរ​បាល​ស្រុក​អូររាំង​ឪ លោក​ លឿង រដ្ឋា នៅ​អធិការ​ការ​ដ្ឋាន​នគរបាល​ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ ​ពាក់ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ ​និងរឿង​បង់​ប្រាក់​ចំនួន​៧០​ម៉ឺន​រៀល។

មន្រ្តី​នគរ​បាល​ស្រុក​អូររាំង​ឪ​រូប​នេះ​បាន​និយាយ​ថា​លោក​បាន​ស្នើ​សុំ​លោក លឿង រដ្ឋា អធិការ​ស្រុក​អូររាំងឪ ដើម្បី​ចេញ​រត់​តាក់​ស៊ី​នៅ​ពេល​ព្រឹក ហើយ​នៅ​ពេល​រសៀល លោក​ចូល​បម្រើ​ការងារ​ដូច​ធម្មតា។ ជាមួយ​ការ​លើក​លែង​នេះ លោក​ព្រម​ទាំង​បង់​ប្រាក់​ចំនួន​៧០​ម៉ឺន​រៀល​ចូល​អង្គភាព​ជា​រៀង​រាល់​ខែ ដែល​លោក​លើក​ឡើង​ថា​លោក លឿង រដ្ឋា និង​មន្រ្តី​មួយ​រូប​ទៀតបាន​យក​ទុក​ប្រើ​ផ្ទាល់​ខ្លួន។ ជាមួយ​ការ​ផ្តល់​ប្រាក់​នេះ លោក​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក លឿង រដ្ឋា។

ប៉ុន្តែ​បញ្ហា​បាន​កើត​ឡើង នៅ​គ្រា​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ គឺ ​លោក រុង ម៉ារ៉ាឌី បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ក្រោយ​ជា​សះ​ស្បើយ លោក​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ជិះ​តាក់ស៊ី​របស់​លោក។ រឿង​រ៉ាវនេះ នាំ​ឲ្យ​លោក លឿង រដ្ឋា បាន​ចេញ​រ​បាយ​ការណ៍​ទៅ​ថ្នាក់​ដឹកនាំស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ថា ​រូប​លោកអសកម្ម​នឹង​ការងារ។

លោក លឿង រដ្ឋា អធិការ​ស្រុក​អូរាំង​ឪ ដែល​ត្រូវ​បាន​បញ្ឈរ​ជើង​ជាបណ្តោះ​អាសន្ន បាន​បដិសេធ​ថា​លោក​មិន​បាន​ទទួល​ប្រាក់​៧០​ម៉ឺនរៀល​ ដូច​ការ​លើក​ឡើង​របស់​លោក រុង ម៉ារ៉ាឌី ដែល​ជា​មន្រ្តី​នគរ​បាល​មួយ​រូប​នៅ​ស្រុក​អូរ​រាំងឪនោះ​ទេ។

លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «អញ្ចឹង​លុយ​ហ្នឹង​គាត់​ឲ្យ​ មិន​ដឹង​ថា​គាត់​ឲ្យ​ពី​ណា​គេ ខ្ញុំ​មិន​ដឹង​ទេ។ ដឹង​តាំង​ពី​ឆ្នាំ​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​មិនបាន​ទទួល​លុយ​ដែរ។ បើ​គាត់​យក​ឲ្យ​ផ្ទាល់​ដៃខ្ញុំ​ ហើយ​មាន​រូបភាព​នៅ​ចំណុច​ណា ចំណុច​ណាអាហ្នឹង​បាន​គាត់​ប្តឹង​ខ្ញុំ​បាន»។

លោក លឿង រដ្ឋា បន្ត​ថា​ អង្គភាព​របស់​លោក​បាន​ធ្វើ​កិច្ច​សន្យា​ចំនួន​៣​ដង​រួច​មក​ហើយ​ជាមួយ​លោក រុង ម៉ារ៉ាឌី មិន​ឲ្យ​រត់​តាក់​ស៊ី​ត​ទៅ​ទៀត ក្រោយ​ពី​លោក​បាន​កើត​ជំងឺ​កូវីដ​១៩ និង​បាន​ជា​សះ​ស្បើយ ហើយ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​អំពាវ​នាវ​ឲ្យមាន​ការ​ជិះ​តាក់​ស៊ី​របស់​លោក។

អធិការ​ស្រុក​អូររាំងឪ​រូប​នោះ​បន្ត​ថា​លោក​ រុង ម៉ារ៉ា​ឌី មិន​បាន​គោរព​កិច្ច​សន្យា​នោះ​ទេ ហើយ​នៅ​បន្ត​រត់​តាក់​ស៊ី។ ដូច្នេះ​លោក​បាន​ធ្វើ​របាយ​ការណ៍​តាម​នីតិវិធី​ជុំវិញ​ករណី​នេះ​ទៅ​កាន់​ស្នងការ​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​ចាត់​ចំណាត់​ការ ​ដោយ​យោងទៅ​លើ​ការ​ព្រួយ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩ ទៅ​លើ​មន្រ្តី​ក្នុង​អង្គភាព។

បើ​តាម​លោក​ លឿង រដ្ឋា លោក​បាន​ចូល​បក​ស្រាយ​ជូន​មន្រ្តី​ថ្នាក់​លើ​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ តាម​នីតិវិធី​រួច​ហើយ។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​ថា​លទ្ធផល​ក្រោយ​ពី​ការ​បំភ្លឺ​នេះ នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

លោក ម៉ុន មាគ៌ា ស្នង​ការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ ដែល​បាន​ចេញ​លិខិត​ផ្ទេរ​ភារកិច្ច​បណ្តោះ​អាសន្ន​ ដោយ​បញ្ឈរ​ជើង​លោក​ លឿង​ រដ្ឋា បាន​បដិសេធ​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ ដោយ​ស្នើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ទៅ​ជួប​លោក​ដោយ​ផ្ទាល់​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ។

អ្នកស្រី​ ធីម ណារីន ​អ្នក​សម្រប​សម្រួល​កម្មវិធីអង្គ​ការ​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ចាម និង​ត្បូង​ឃ្មុំ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ចំណាត់​ការ​នៃ​ការ​ដក​បញ្ឈរ​ជើង​មន្រ្តី​នគរបាលពី​សំណាក់​មន្រ្តី​ថ្នាក់​លើ​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ ជា​រឿង​ត្រឹម​ត្រូវ បើ​សិន​ជា​រឿង​ពិត ហើយ​អនុលោម​ទៅ​តាម​នីតិវិធី​។ អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញតាម​នីតិវិធី​ត្រឹម​ត្រូវ​លើ​ករណី​ខាង​លើ​នេះ​ក្នុង​ចំណោម​បុគ្គល​ពាក់​ព័ន្ធ​ទាំង​អស់។​

អ្នកស្រី​បាន​ថ្លែង​ថា៖ «ដើម្បី​ឲ្យ​ការ​ដក​ឬ​ក៏​ការ​ព្យួរ​នេះ​ត្រឹម​ត្រូវ ថ្នាក់​ដឹកនាំ​ខាង​លើ​គួរ​តែ​ធ្វើ​តាម​នីតិ​វិធី​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទីមួយ​ដូចជា​ការ​ត្រូវ​ទទួល​បាន​ព័ត៌​មាន យើង​បង្កើត​គណៈ​កម្មការ​នៅ​ក្នុង​ការ​ប្រមូល​ព័ត៌​មាន​ទាក់​នឹង​អ្នក​ពាក់​ព័ន្ធ​នឹង​សាមី​ខ្លួន។ ហើយ​ប្រសិន​ជា​យើង​រក​ថា​គាត់​បាន​ប្រព្រឹត្ត​មែន ឬ​មិន​មែន ថ្នាក់​ដឹកនាំ​គួរ​ចាត់​ចំណាត់​ការ​ទៅ​តាម​ការ​ស៊ើប​អង្កេត ទើប​ត្រឹមត្រូវ។ បើ​សិន​ជា​អត់​បាន​ស៊ើប​អង្កេត​ ឬ​ធ្វើ​តាម​នីតិវិធី​ វាប៉ះពាល់​ដល់​អារ​ម្មណ៍ ដល់​កិត្តិយស​អ្នក​អនុវត្ត​ថ្នាក់​ក្រោម​ផង​ដែរ​»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ជំរុញ​ឲ្យ​ស៊ើប​អង្កេតពី​សំណាក់​ក្រសួង​មហា​ផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្វែង​រក​ព័ស្តុតាង​ជាក់​លាក់​បន្ថែម​នៅ​ក្នុង​ករណី​ជម្លោះ​ខាង​លើ​នេះ។

លោកថ្លែង​ថា៖ «អញ្ចឹង​ទោះ​បី​ជា​មិន​ទាន់​មាន​ព័ស្តុតាង​ដាក់​បន្ទុក​ជាក់លាក់ គឺ​ខាង​ស្ថាប័ន​សាមី ហើយ​បើ​សិន​ជា​អាច គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង គួរ​ត្រួត​ពិនិត្យ​ករណី​ហ្នឹង។ មាន​ន័យ​ថា គាត់​មិន​ទាន់ក្លាយ​ជា​ជន​ល្មើស​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​កាត់​ក្តី ប៉ុន្តែ​គាត់​ជា​ជន​សង្ស័យ។ អញ្ចឹង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ទាម​ទារ​ឲ្យ​មាន​ការ​រក​ព័ស្តុតាង​ដាក់​បន្ទុក​គាត់។ ហើយ​លោក​ដែល​ជា​មន្រ្តី​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​សង្ស័យ​ហ្នឹង គាត់​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​»។

បើ​តាម​លោក ប៉ិច ពិសី ការ​សិក្សា​ពី​អង្គការ​តម្លា​ភាព​នៅ​ទីក្រុង​ប៊ែរឡាំង​និង​ការ​សិក្សា​ផ្សេងៗ​ពី​ស្ថាប័ន​អន្តរ​ជាតិ​មក​លើ​សុចរិត​ភាព​អភិបាលកិច្ច​បាន​រក​ឃើញ​ថា​អំពើ​ពុក​រលួយ​បាន​កើត​ឡើង​ច្រើន​នៅ​ក្នុង​វិស័យ​សាធា​រណៈ​នៅ​កម្ពុជា ហើយ​ស្ថាប័ន​ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ រួម​មាន​ស្ថាប័ន​តុលា​ការ និង​ស្ថាប័ន​នគរបាល។

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ អធិការ​នគរ​បាល​ស្រុក​បរសេដ្ឋ ក្នុង​ខេត្ត​កំពង់​ស្ពឺ លោក អ៊ុំ ចំរើន ត្រូវ​បានស្នង​ការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បញ្ឈរ​ជើង​ដែរ ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​ក្រុម​មន្រ្តី​ថ្នាក់​ក្រោម ពាក់ព័ន្ធ​នឹងរឿង​កង្វះ​ខាត​ក្រម​សីល​ធម៌ និង​អំពើ​ពុក​រលួយ៕

XS
SM
MD
LG